ភ្នំពេញ៖ លោក Dato’ Sri Mustapa Mohamed រដ្ឋមន្រ្តីឧស្សាហកម្ម និង ពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី បានថ្លែងដោយក្តីរំភើបសប្បាយរីករាយនៅក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ លោក ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីថា “ ម៉ាឡេស៊ី នឹងបន្តជំរុញចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការវិនិយោគគ្រប់ វិស័យនៅកម្ពុជា ក្នុងនាមជាសមាជិកអាស៊ាន និងជាប្រទេសជិតខាងដ៏ល្អ ” ជាមួយគ្នានេះ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល រំភើបជាពន់ពេក និងគួរឲ្យកោតសរសើរ បន្ទាប់ពីបានឃើញនូវភាពជឿនលឿនគ្រប់វិស័យរបស់កម្ពុជា ទាំងហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ និង អគារខ្ពស់ស្កឹមស្កៃលេចឡើងយ៉ាងឆាប់រហ័សនៅរាជធានីភ្នំពេញ។
ជំនួបនេះធ្វើឡើងនៅព្រឹកថ្ងៃទី ១០ ឧសភា ២០១៧ នៅទីស្នាក់ការកណ្តាលអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដោយមានវត្តមាន លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក វ៉ាន់ ម៉ាត់ សមាជិក ព្រឹទ្ធសភាជាតិ រួមនឹង លោកស្រី ជាទីប្រឹក្សាជាន់ខ្ពស់សភាជាតិ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ រួមនឹងថ្នាក់ដឹកនាំ។
ចំណែកភាគីម៉ាឡេស៊ី ក៏មានវត្តមានអមដំណើរដោយ លោក Dato’ Sri Hasan Bin Malek ឯកអគ្គរាជទូតម៉ាឡេស៊ី ឯកឧត្តមឧញ៉ា Datuk Seri Rizuan Abdul Hamid អគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាល់ម៉ាឡេស៊ី (HDC) រួមនឹងអនុរដ្ឋមន្រ្តី និង គណៈប្រតិភូពាណិជ្ជកម្មម៉ាឡេស៊ីផងដែរ។
លោកឧកញ៉ា អូស្មាន ហាស្សាន់ បានថ្លែងអំណរអរគុណចំពោះរាជរដ្ឋាភិបាលម៉ាឡេស៊ី ជាពិសេសក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី ដែលតែងតែសហប្រតិបត្តិការ និងជំរុញអ្នកវិនិយោគិន មកវិនិយោគនៅកម្ពុជា ដោយថ្មីៗនេះ គ្រឹះស្ថានហិរញ្ញាវត្ថុ (Amanah Ikhtiar Malaysia) គ្រឹះស្ថានហិរញ្ញាវត្ថុឥស្លាម (Ar-Rahnu Islamic Microfinance Malaysia) បានមកវិនិយោគបន្ថែម ក្រៅពីបានវិនិយោគលើវិស័យអចលនទ្រព្យ ធនាគា សិក្សាធិការ នៅកម្ពុជា។
លោកឧកញ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានជម្រាបនូវស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តែងតែគោរពស្រឡាញ់ លើកស្ទួយគ្រប់វិស័យ មិនរើសអើងជាតិសាសន៍ ជាពិសេសបានបង្កើតស្ថាប័នគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ត្រូវបានបង្កើត ឡើងវិញក្នុងឆ្នាំ ២០០០ ដែលមានរចនាសម្ព័ន្ធគ្រប់គ្រងតាំងពីថ្នាក់កណ្ដាលដល់មូលដ្ឋាន បញ្ចូលគ្រូបង្រៀនឥស្លាមកម្ពុជា ១,៥០០ នាក់ ក្នុងក្របខណ្ឌគ្រូបង្រៀនរបស់រដ្ឋ អនុញ្ញាតជាគោលការណ៍ឲ្យបុរសពាក់កាតឹប និងស្រ្តីឥស្លាមទទូរក្បាល ធ្វើលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬថតរូបសម្រាប់ឯកសាររដ្ឋបាលផ្សេងៗ រៀបចំអាហារស្រាយបួសខែរ៉ម៉ាឌន រៀបចំ និង ឧបត្ថម្ភថវិកា សម្រាប់ការប្រលងសូត្រគម្ពីរអាល់គួរអានុលការីម ជារៀងរាល់ឆ្នាំ ហើយថ្មីៗនេះ បង្កើតឲ្យមានស្ថាប័ន ហាឡាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្ម និង គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ជាអ្នកសហការអនុវត្តកិច្ចការនេះ។
លោក រដ្ឋមន្រ្តីឧស្សាហកម្ម និង ពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី បានសន្យានឹងបន្តជំរុញជួយជ្រោមជ្រែង និង សហការលើផ្នែកបច្ចេកទេស វគ្គបណ្តុះបណ្តាលដល់ក្រុមឯកទេសផលិតផលហាឡាលកម្ពុជា ដើម្បីឲ្យដំណើរបានរលូន និង ឆាប់ទទួលលទ្ឋផលលើកិច្ចការផលិតផលហាឡាលកម្ពុជា ហើយបានកោតសរសើរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយក្តីគោរពស្រលាញ់ពេញចិត្តចំពោះការដឹកនាំប្រទេស ដែលធ្វើឲ្យមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យគ្រប់ជាតិសាសន៍នៅកម្ពុជាគ្មានទំនាស់ និងរើសអើងនឹងគ្នា ជាពិសេសសហគមន៍ឥស្លាមកម្ពុជា ដែលមានអ្នកដឹកនាំពុំមែនឥស្លាម តែយកចិត្តទុកដាក់ ដែលជាគំរូដ៏ល្អមួយសម្រាប់បណ្តាមេដឹកនាំផ្សេងទៀត ៕ សំរិត