ព័ត៌មានទាន់ហេតុការណ៍៖

អ្នកឯកទេសវិភាគ៖ តើលោកត្រាំជាអ្នកចុចកុងតាក់ដំបូងគេបង្អស់នៅក្នុងវ៉ាលិសបរមាណូដែរឬទេ?

ចែករំលែក៖

វ៉ាលិសបរមាណូរបស់អាមេរិក មាន តាំងពីយូរណាស់មកហើយ ហើយមិនដែលមានប្រធានាធិបតីណាមួយចុចកុងតាក់ បញ្ជាវានោះឡើយ ។ទាំងនោះហើយទើបក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា តើលោកត្រាំអាចចុចកុងតាក់ ក្នុងវាលិស នោះដែរឬទេ?

វ៉ាលិសស្បែកពណ៌ខ្មៅដ៏អាថ៌កំបាំងបានដើរតាមប្រធានាធិបតីអាមេរិកនៅគ្រប់ទិសទីជុំវិញពិភពលោក ហើយវ៉ាលិសនោះគឺជាកុងតាក់បញ្ជាគ្រាប់បែកបរមាណូដែលអាចបញ្ជាបានពីគ្រប់ទិសទីនៅជុំវិញពិភពលោក។

ដោយខ្លាចលោកត្រាំបញ្ជាផ្តេសផ្តាស តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ បាន ស្នើសភាអនុម័តច្បាប់ វាយប្រហារដោយបរមាណូគឺត្រូវតែមានការយល់ព្រមពីសភាជាមុន គឺមិនអនុញ្ញាតឲ្យលោកត្រាំ បញ្ជាតែម្នាក់ឯងនោះឡើយ គឺអាចមានគ្រោះថ្នាក់ដល់អាមេរិក។មិនត្រូវទុកឲ្យគាត់ដាក់ដៃលើកុងតាក់នោះទេ។ចំណែកមហាសេដ្ឋីដូណាល់ ត្រាំវិញបញ្ជាក់ថា«ខ្ញុំជាមនុស្សចុងក្រោយដែលប្រើប្រាស់គ្រាប់បែកបរមាណូ»។​ រឿងរ៉ាវពីឃ្លាំងអាវុធប្រល័យលោក ដែលអាចសម្លាប់មនុស្សយ៉ាងតិច២ពាន់លាននាក់ ក៏ដូចជាសិទ្ធិក្នុងការបញ្ជាគ្រាប់បែកបរមាណូនោះស្ថិតនៅក្នុងដៃប្រធានាធិបតី គឺជាប្រធានបទក្តៅបំផុតក្នុងការពិភាក្សានៅទូទាំងអាមេរិក។

លេខសម្ងាត់ កុងតាក់បញ្ជាគ្រាប់បែក​បរមាណូ ស្ថិតនៅក្នុងវ៉ាលិសពណ៌ខ្មៅផលិតពីអាលុយមីញ៉ូម ស្រោបស្បែកមានទម្ងន់​២០គីឡូក្រាម។ ប្រធានាធិបតីអាមេរិក គ្រប់ជំនាន់គឺបាននាំយកទៅជាប់ខ្លួនជានិច្ចទោះជាទៅទស្សនកិច្ចនៅទីណាក្តី។វ៉ាលិសនោះត្រូវបានការពារនិងដឹកជញ្ជូនដោយ មន្ត្រី៥រូប មកពី៥កងពលបរមាណូ។

អតីត អ្នកទទួលខុសត្រូវកាន់វ៉ាលិស បរមាណូសម្រាប់អតីតប្រធានាធិបតីប៊ីលគ្លីនតុនលោក Robert Patterson បញ្ជាក់ថា«គ្រប់ពេលយើងមានការព្រួយបារម្ភ ភ័យ ខ្លាច ដោយក្នុងនោះអាចសម្លាប់ជីវិតមនុស្សជាង២ពាន់លាននាក់។ មន្ត្រីដែលកាន់ វ៉ាលិសនោះទទួលការហ្វឹកហាត់ជាពិសេស ដើម្បីជួយប្រធានាធិបតីក្នុងពេលមាន សង្គ្រាមបរមាណូកើតឡើង។ដើម្បីបញ្ជាបាន ប្រធានាធិបតីត្រូវប្រើប្រាសកាតមួយមានលេខសម្ងាត់ ដាក់ជាប់តាមខ្លួនជានិច្ចដើម្បីអាចបញ្ជាបាន។ វ៉ាលិសនោះត្រូវបានគេឲ្យរហស្សនាមថា «ប៉េងប៉ោង» ចំណែក កាតលេខសម្ងាត់ ហៅថា«នំស្រួយ»វត្ថុទាំងពីរនោះគឺនៅជាប់ប្រធានាធិបតីជារៀងរហូតសូម្បីតែនៅក្នុងរថយន្ត ជណ្តើរយន្ត ឧទ្ធម្ភាគចក្រ។

លោកBill Gulley អតីតប្រធានការិ យាល័យយោធារបស់សេតវិមានបាន បញ្ជាក់ថា «កាត» និងវ៉ាលិសបានផ្ទុកនូវ ឯកសារសំខាន់ៗ៧៥ទំព័រ ក្នុងនោះមាន ជម្រើសក្នុងការវាយប្រហារបរមាណូតបត់ទៅលើសត្រូវ។ មានសៀវភៅបញ្ជាក់ពីទីតាំងអាថ៌កំបាំងបំផុតសម្រាប់លាក់ខ្លួន ប្រធានាធិបតីពេលមានអាសន្ន និង ប្រព័ន្ធប្រកាសអាសន្នបន្ទាន់។

វ៉ាលិសបរមាណូខាងលើក៏បានទៅជាមួយលោកអូបាម៉ាទៅកាន់កន្លែងគោរព ​ វិញ្ញាណក្ខន្ធអ្នករងគ្រោះដោយការទម្លាក់គ្រាប់បែកនៅហុីរ៉ូសុីម៉ាពីអាមេរិកផងដែរ។

ប្រធានាធិបតីអាមេរិកក្តាប់សិទ្ធិបញ្ជាគ្រាប់បែកបរមាណូជាង២០០០គ្រាប់ដែលបំពាក់នៅលើកាំជ្រួចមីស៊ីលឆ្លងទ្វីប ត្រូវបានដាក់ពង្រាយនៅគ្រប់ទិសទីជុំវិញពិភពលោក។ មីស៊ីលបរមាណូទាំងនោះនឹងត្រូវបាញ់ចេញក្នុងរយៈពេលប៉ុន្មាននាទីក្រោយប្រធានាធិបតីបានបញ្ជា វាយប្រហារនៅគ្រប់ទីកន្លែងលើភពផែនដី ។ ក្នុងរយៈពេលតែ៣០នាទីបរមាណូទាំងនោះនឹងទៅដល់គោលដៅហើយមានការបំផ្លាញខ្លាំងជាងបរមាណូដែលទម្លាក់នៅហុីរ៉ូស៊ីម៉ាប្រទេសជប៉ុនកាលពី៧១ឆ្នាំមុនជាង២០ដង។

ដោយហេតុនោះហើយទើបមេដឹកនាំអាមេរិកចំាបាច់ត្រូវតែមានការអត់ធ្មត់ខ្ពស់ បើមានសកម្មភាពឆេវឆាវនោះពិភពលោកនឹងធ្លាក់ចូលក្នុងភាពចលាចល។

ទាំងនោះហើយបានជាអ្នកវិភាគនយោបាយអាមេរិកជាច្រើនរូបបញ្ជាក់ថាលោកត្រាំមិនអាចគ្រប់គ្រងលេខសម្ងាត់បរមាណូអាមេរិកនោះឡើយ មានន័យថាលោកមិនអាចក្លាយជាប្រធានាធិបតីអាមេរិកនោះទេ។

ក្នុងរយៈពេលខ្លីប៉ុណ្ណោះដែលលោកត្រាំបានក្លាយជាបេក្ខភាពប្រធានាធិបតីនោះលោកបាន សួរ៣លើកមកហើយពី អាវុធបរមាណូរបស់អាមេរិក ដោយលោកបានសួរទៅអ្នកឯកទេសកិច្ចការបរទេសថា ហេតុអ្វីបានជាអាមេរិកមិនប្រើប្រាស់ អាវុធបរមាណូដែលខ្លួនមាននៅក្នុងដៃ។

ព័ត៌មានខាងលើត្រូវបានអ្នកដឹកនាំកម្មវិធីរបស់បណ្តាញទូរទស្សន៍MSNBC លោក​ Joe Scarborough ទម្លាយនៅក្នុងបទសម្ភាស៍មួយជាមួយអតីត អគ្គនាយកCIA លោក Michael Hayden ដែលបានចាក់ផ្សាយនៅ ថ្ងៃទី៤ខែសីហា។

លោក Joe Scarboroughបានបញ្ជាក់ថា«កាលពីប៉ុន្មានខែមុន អ្នកឯកទេសពីគោលនយោបាយការបរទេសបានជួបពិភាក្សាជាមួយលោកត្រាំ ហើយលោកបាន សួរថា ហេតុអ្វីបានជាយើងមិនប្រើប្រាស់អាវុធបរមាណូដែលយើងមាន»។

សកម្មភាពខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីគ្រប់មជ្ឈដ្ឋានដោយកន្លងមកមិនដែលមានបេក្ខភាពណាមួយសួរនាំពីអាវុធបរមាណូជាច្រើនលើកមុនពេលក្លាយជាប្រធានាធិបតីនោះឡើយ។ កត្តាទាំងនោះហើយបានធ្វើឲ្យមានសំណួរជាច្រើនចោទសួរថា តើលោកត្រាំនឹងប្រើប្រាស់អាវុធបរមាណូឬ ពេលលោកឡើងកាន់តំណែងជាប្រធានាធិបតី។

ហេតុនេះហើយទើបធ្វើឲ្យអ្នកនយោបាយអាមេរិកព្រួយបារម្ភ ទាំងអ្នកនយោបាយនៅក្នុងគណបក្សសាធារណរដ្ឋនិងគណ បក្សប្រជាធិបតេយ្យ មិនចង់ឲ្យលោកត្រាំ ជាប់ឆ្នោតឡើយ ។ នៅក្នុងមហាសន្និបាតបក្សមន្ត្រីជាន់ខ្ពស់ជាច្រើននៅក្នុងគណ បក្សសាធារណរដ្ឋមិនបានចូលរួមនោះឡើយដូចជាអតីតប្រធានាធិបតីប៊ូសជាដើម ដោយសារតែមិនពេញចិត្តទៅនឹងគោលនយោបាយដឹកនាំតាមបែបក្តៅរបស់លោកត្រាំ។

អ្នកវិភាគជាច្រើនបានព្រួយបារម្ភថា សង្គ្រាមបរមាណូនឹងផ្ទុះឡើងប្រសិនបើលោកត្រាំជាប់ឆ្នោតជាប្រធានាធិបតី ពេលនោះពិភពលោកទាំងមូលនឹងក្រឡាប់ចាក់សង្គ្រាមបរមាណូកើតឡើងភពផែនដីត្រូវ រងវិនាសកម្មជាមិនខាន៕ ម៉ែវ សាធី


ចែករំលែក៖