ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីសន្តិភាពស៊ីរីត្រូវតែមានការតាមដានជាអន្តរជាតិលើបទឈប់បាញ់

ចែករំលែក៖

កិច្ចព្រមព្រៀង ឈប់បាញ់នៅក្នុងប្រទេស ស៊ីរីនាពេលកន្លងមក ត្រូវបានបំផ្លាញ ដោយមិនដឹងថាភាគីណាមួយជាអ្នកធ្វើបំពានមុននោះទេ ដោយភាគីចូលរួមអនុវត្តបទឈប់បាញ់នោះតែងតែចោទប្រកាន់គ្នាទៅវិញទៅមក ថាអ្នកនោះជាអ្នកធ្វើខុសមុន។

ដោយសារតែ បទឈប់បាញ់មិនមាន ប្រសិទ្ធភាព ដោយភាគីពាក់ព័ន្ធបានចុះកិច្ចព្រមព្រៀងមិនដឹងជាប៉ុន្មានលើកប៉ុន្មានសាហើយទេ ដែលគេផ្តួចផ្តើមឱ្យមានបទឈប់បាញ់ជានិរន្តរ៍មួយសម្រាប់បិទបញ្ចប់ សង្គ្រាមស៊ីរីតាំងពីឆ្នាំ២០១១មក។ នៅ ពេលនេះបារាំង បានទទួលកត់ត្រាព័ត៌មាន ដែលរុស្ស៊ី អុីរ៉ង់ ទួរគី និងស៊ីរី ចុះកិច្ចព្រមព្រៀងបង្កើតតំបន់សុវត្ថិភាព នៅលើទឹក ដីស៊ីរី។ ប៉ុន្តែសម្រាប់បារាំង ដើម្បីឱ្យផែនការដែលមានទិសដៅស្តារបទឈប់បាញ់ មានប្រសិទ្ធភាពយូរអង្វែងបាន គេត្រូវតែ មានការតាមដានអន្តរជាតិ។

តាមគំនិត រុស្ស៊ីចង់ឱ្យមានបទឈប់បាញ់តាមតំបន់ ដែលយន្តហោះរុស្ស៊ីនិងស៊ីរីលែងអាចហោះហើរឆ្លងកាត់បាន។ តំបន់សុវត្ថិ ភាព​នោះត្រូវ ស្ថិតក្រោមការត្រួតពិនិត្យរបស់ពួកឧទ្ទាមប្រឆាំងមិនសូវតឹងតែង។ ឯ ចំណែកតំបន់មានការប្រយុទ្ធគ្នា ពួកឧទ្ទាម ប្រឆាំងត្រូវសហការ កងកម្លាំងរដ្ឋាភិបាលនិងសម្ពន្ធមិត្ត វាយប្រឆាំងនឹងពួកជីហាដ រដ្ឋអ៊ិស្លាម។ ភាគីនីមួយៗត្រូវគ្រប់គ្រងតំបន់ដាច់ដោយឡែកពីគ្នានិងឯករាជ្យ។

រុស្ស៊ី និងអុីរ៉ង់ ជាសម្ពន្ធមិត្តរបស់ប្រធានាធិបតីស៊ីរី លោក អាសាដ និងទួរគី ដែល គាំទ្រពួកឧទ្ទាមនៅស៊ីរី បានអនុម័ត កាលពី​ ថ្ងៃព្រហស្បតិ៍ ទទួលយកផែនការរបស់រុស្ស៊ីដែលស្នើបង្កើតតំបន់សុវត្ថិភាព ជាច្រើន កន្លែងនៅក្នុងទឹកដីស៊ីរី សម្រាប់រយៈពេលដំបូង៦ខែហើយអាចពន្យារបន្តបាន។

តំបន់សុវត្ថិភាពនឹងត្រូវកំណត់នៅ៥ថ្ងៃទៀត ហើយការគូសវាសផែនទីបញ្ជាក់ទីតាំងភូមិសាស្ត្រ នឹងត្រូវសម្រេចនៅរវាងថ្ងៃ ទី ២២ឧសភា។ ប៉ុន្តែជាគោលការណ៍តំបន់សុវត្ថិភាពទាំង៤នោះរាយនៅភាគពាយ័ព្យប្រទេស ខាងជើងខេត្តហ៊ូម មូលដ្ឋានរបស់ពួកឧទ្ទាមនៅខាងកើតក្រុងដាម៉ាស និងនៅ ភាគខាងត្បូងប្រទេសក្នុងខេត្ត Deraa។

ផែនការរុស្ស៊ី ដែលបានទទួលការព្រម ព្រៀងពីអុីរ៉ង់ និងទួរគី ក៏ជាចម្លើយតបទៅនឹងការទាមទារបង្កើតតំបន់ហោះហើរហាមឃាត់ របស់ទួរគីផង និងរបស់លោកដូ ណាល់ ត្រាំផង។ ហេតុដូច្នេះហើយបានជាទីក្រុងវ៉ាស៊ីនតោន ក៏បានលួចអបអរកិច្ចព្រមព្រៀងនេះដែរ។

បន្ទាប់ពីមានប្រតិកម្មលើកទឹកចិត្តរបស់អង្គការសហប្រជាជាតិ ប្រទេសបារាំងបានបង្ហាញក្តីសង្ឃឹមថាពាក្យសន្យាលើក្រដាសនឹងក្លាយ ជាសកម្មភាព ដើម្បីឱ្យក្រុម មនុស្សធម៌អាចចេញចូលដោយសេរីជួយជនស៊ីវិល។ ប៉ុន្តែសម្រាប់បារាំង បទឈប់បាញ់នេះត្រូវតែមានការតាមដានពីអន្តរជាតិ ហើយរបបក្រុងដាម៉ាស់ និងក្រុមប្រឆាំងស៊ីរីទាំងអស់ត្រូវតែវិលចូលតុចរចា ក្រោម ម្លប់អង្គការសហប្រជាជាតិ ទើបអាចបញ្ចៀសអំពើហិង្សាមិនឱ្យផ្ទុះឡើងវិញបាន៕ ម៉ែវ សាធី


ចែករំលែក៖