ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបន្តសាកល្បងមីស៊ីលដោយជោគជ័យក្រោយអាមេរិកបញ្ជូននាវាផ្ទុកយន្តហោះទី២ទៅកាន់ឧបទ្វីប

ចែករំលែក៖

កាលពីព្រឹកថ្ងៃទី២២ ខែឧសភា កូរ៉េ ខាងជើងបានបញ្ជាក់ថា ប្រទេសនេះទើបតែបានសាកល្បងកាំជ្រួចមីស៊ីលថ្មីទទួលបានជោគជ័យ ហើយនេះជាជោគជ័យលើកទី២ក្នុងរយៈពេល១សប្តាហ៍នៃការសាកល្បងមីស៊ីល។

សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន បានតាមដានការសាកល្បងមីស៊ីលជាលើកទី២ប្រភេទ Pukguksong-2 ដែលកូរ៉េខាង ជើងហៅថា មីស៊ីលយុទ្ធសាស្ត្រ។ សារ ព័ត៌មានខាងលើបានផ្សាយថា នេះជាការសាកល្បងត្រួតពិនិត្យជាលើកចុងក្រោយទៅលើបច្ចេកទេស មុនពេលដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ព។

សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា កាលពីថ្ងៃទី២៥ ខែ ឧសភា មេដឹកនាំ គីម ជុងអ៊ុន បានអនុម័តដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធមីស៊ីលរយៈ ចម្ងាយមធ្យមថ្មីសម្រាប់កម្លាំងទាហានធ្វើសង្គ្រាមទប់ទល់នឹងសត្រូវ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae in កាលពីថ្ងៃទី២១ ខែឧសភា បានចេញបញ្ជាឲ្យកម្លាំងទាហានត្រៀម លក្ខណៈសម្រាប់ទប់ទល់នឹងកូរ៉េខាងជើងនៅពេលដែលទីក្រុងព្យុងយ៉ាងមានសកម្មភាពខុសប្រក្រតី។

ក្រសួងការបរទេសកូរ៉េខាងត្បូងបានប្រកាសថា ការបាញ់សាកល្បងមីស៊ីលថ្មី របស់កូរ៉េខាងជើង គឺជាសកម្មភាពឌឺដង មិនទទួលខុសត្រូវធ្វើឲ្យក្តីសង្ឃឹមស្វែងរកសន្តិភាពនៅក្នុងតំបន់ត្រូវបាត់បង់។

ក្នុងថ្ងៃជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រី ជប៉ុនលោក ស៊ីន ហ្សូអាបេ បានចាត់ទុកការបាញ់មីស៊ីលរបស់កូរ៉េខាងជើង គឺជា ការប្រឈមមុខជាមួយពិភពលោកទាំង មូល។ លោកបញ្ជាក់ថាការបាញ់មីស៊ីល របស់កូរ៉េខាងជើងគឺបានបំផ្លាញនូវការ ខិតខំរបស់សហគមន៍អន្តរជាតិ ស្វែងរក សន្តិភាពនៅឧបទ្វីបកូរ៉េ។

មេដឹកនាំជប៉ុនបានបញ្ជាក់ទៀតថា ជប៉ុននឹងសហការជាមួយអាមេរិក កូរ៉េខាង ត្បូង ក៏ដូចជាចិន និងរុស្សុី ដើម្បីដោះស្រាយ បញ្ហាវិវាទរបស់កូរ៉េខាងជើង។

ក្នុងពេលជាមួយគ្នានេះដែរ ទីបញ្ជាការកងទ័ពអាមេរិកប្រចាំនៅអាស៊ីប៉ាស៊ីហ្វិកបានបញ្ជាក់ថាកាំជ្រួចមីស៊ីលដែលកូរ៉េ ខាងជើងបានបាញ់នោះជាប្រភេទមធ្យម។ អ្នកនាំពាក្យទីបញ្ជាការកងទ័ពអាមេរិក បានបញ្ជាក់ថា ការបាញ់មីស៊ីលខាងលើ របស់កូរ៉េខាងជើងបានគំរាមកំហែងដល់ តំបន់ភាគខាងជើងអាមេរិក ហើយកម្លាំងទាហានអាមេរិកកំពុងសហការតាមដានសកម្មភាពរបស់កូរ៉េខាងជើង។

សូមបញ្ជាក់ផងដែរថា ការបាញ់មីស៊ីល កាលពីថ្ងៃទី២២ ខែឧសភាកន្លងទៅនេះ គឺជាមីស៊ីលទី៨ហើយដែលកូរ៉េខាងជើង បានបាញ់សាកល្បងនៅក្នុងរយៈពេលជិត៥ខែ នៃដើមឆ្នាំ២០១៧។

អ្វីដែលចាប់អារម្មណ៍បំផុតនោះគឺការបាញ់មីស៊ីលរបស់កូរ៉េខាងជើងកើតឡើងក្រោយពេលដែលអាមេរិកបញ្ជូននាវាផ្ទុកយន្តហោះទី២ទៅកាន់កូរ៉េខាងត្បូងចូល រួមធ្វើសមយុទ្ធ និងគំរាមកំហែងដល់កូរ៉េ ខាងជើង។

ក្រុមអ្នកវិភាគបានលើកឡើងថា នៅ ពេលដែលអាមេរិកមានសកម្ម ភាពយោធា កូរ៉េខាងជើង ក៏មានសកម្មភាពពង្រឹងអាវុធរបស់ខ្លួនតាមរយៈការសាកល្បងមីស៊ីលជាដើម។ សកម្មភាពរបស់កូរ៉េខាងជើង បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសនេះ មិនដែលខ្លាចអាមេរិកឡើយសូម្បីតែបន្តិច ហើយនៅតែសាកល្បងមីស៊ីល ជាបន្តបន្ទាប់ទោះបីសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មបែបណាក្តី។

នៅពេលនេះដែរ រដ្ឋាភិបាលទីក្រុង ប៉េកាំងបានអំពាវនាវដល់ភាគីពាក់ព័ន្ធរក្សាការអត់ធ្មត់ បញ្ចៀសហេតុការណ៍អាក្រក់កើតឡើងបង្កទៅជាសង្គ្រាមនៅក្នុងតំបន់អាចរាលដាលទៅជាសង្គ្រាមទ្រង់ទ្រាយធំ៕ ម៉ែវ សាធី


ចែករំលែក៖