ជាលើកទីមួយ នៅក្រោមការដឹកនំារបស់ប្រធានាធិបតីដូណាល់ ត្រាំ នាវាចម្បាំងអាមេរិកមួយគ្រឿង បានចូលទៅយាមល្បាត នៅជិតកោះសិប្បនិមិត្តរបស់ចិន នៅសមុទ្រចិនភាគខាងត្បូង ដែលជាការឌឺដង ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង ។
សារព័ត៌មានរ៉យទ័របានផ្សាយថា មន្ត្រីយោធាអាមេរិកបានប្រកាសឲ្យដឹងនៅថ្ងៃទី២៤ ខែឧសភាថា នាវាចម្បាំង USS Dewey របស់កម្លាំងទាហានជើងទឹកអាមេរិកបានចូលទៅកៀកកោះសិប្បនិមិត្តរបស់ចិន ដែលបង្កើតឡើងខុសច្បាប់នៅតំបន់សមុទ្រចិនភាគខាងត្បូង។
នាវា USS Dewey បានចូលទៅជិតកោះ ដែលវៀតណាមប្រកាសថា ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ខ្លួន តែត្រូវបានចិនគ្រប់គ្រងដោយខុសច្បាប់។ ការយាមល្បាត់នោះ គឺជាការអនុវត្តិនូវសិទ្ធិសេរីភាពចរាចណ៍នៅដែនសមុទ្រចិនភាគខាងត្បូង ក៏ជាសកម្មភាពដំបូង ចាប់តាំងពីប្រធានាធិបតីត្រាំ ឡើងកាន់តំណែង ប្រធានាធិបតីតាំងពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៧។
ការដែលអាមេរិកបញ្ជូនកម្លាំងទាហាន ចូលទៅកៀកកោះសិប្បនិមិត្តនោះ នឹងធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងខឹងសម្បារយ៉ាងខ្លាំង ។ នៅពេលនេះដែរ អាមេរិក កំពុងតែស្វែងរកការគាំទ្រពីចិន សម្រាប់គ្រាប់គ្រងកម្មវិធីបមរាណូរបស់កូរ៉េខាងជើង ។
នៅក្នុងការដឹកនាំរបស់អតីតប្រធានាធិបតីអូបាម៉ា កម្លាំងទាហានជើងទឹកអាមេរិក តែងតែយាមល្បាតនៅដែនសមុទ្រអន្តរជាតិក្នុងតំបន់សមុទ្រចិនភាគខាងត្បូង ហើយសកម្មភាពចុងក្រោយរបស់អាមេរិក គឺនៅខែតុលា ឆ្នាំ២០១៦ រហូតមកទល់ពេលនេះ ទើបមានការយាមល្បាតសារជាថ្មី ក្រោមការដឹកនាំរបស់ប្រធានាធិបតីដូណាល់ ត្រាំ។
ប៉ុន្តែសកម្មភាពយាមល្បាតរបស់អាមេរិកនាពេលនេះ អាចនឹងធ្វើឲ្យចិន មិនចូលរួមជាមួយអាមេរិក ក្នុងការដាក់ទណ្ឌកម្មកូរ៉េខាងជើង ដើម្បីបញ្ចប់កម្មវិធីបមរាណូនៅឧបទ្វីបកូរ៉េ។ ចិនដើរតួនាទីយ៉ាងសំខាន់បំផុត នៅក្នុងកម្មវិធីបរមាណូ កូរ៉េខាងជើង ហើយប្រសិនបើចិន មិនរារាំងទេនោះ កូរ៉េខាងជើង មិនបោះបង់កម្មវិធីនោះឡើយ។
នៅក្នុងព្រិត្តិការមួយផ្សេងទៀតពាក់ព័ន្ធនិងកូរ៉េខាងជើង លោកដូណាល់ ត្រាំ បន្ទាប់ពីសរសើរដល់មេដឹកនាំគីម ជុងអ៊ុន គឺដល់ពេលថ្កោលទោសរិះគន់វិញម្តង ដោយលោកត្រាំ បញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង ឆ្កួតនឹងអាវុធបរមាណូ ។
ប្រធានាធិបតីអាមេរិក ដូណាល់់ ត្រាំ បានហៅមេដឹកនាំផ្ដាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា ជាបុរសធាត់ ឆ្កួតនឹងអាវុធនុយក្លេអ៊ែរ ត្រឹមតែប៉ុន្មានថ្ងៃមុន នឹងបង្ហាញការសរសើរ ចំពោះមេដឹកនាំអាយុ៣២ឆ្នាំរួបនេះ ដែលបានគ្រប់គ្រងប្រទេស នៅក្នុងពេលមានវ័យដ៏ក្មេងបែបនេះ។
តាមសេចក្តីរាយការណ៍ ខ្សែអាត់សម្លេងនៃកិច្ចសន្ទនាតាមទូរស័ព្ទ របស់ លោក ត្រាំ ជាមួយនឹងមេដឹកនាំហ្វីលីពីន រ៉ូឌីហ្គូ ឌូទែតេ បានបង្ហាញថា មេដឹកនាំប្រទេសទាំងពីររូបនេះ បានធ្វើពិភាក្សាគ្នា អំពីប្រទេសកូរ៉េខាងជើង និងគីម ជុងអ៊ុន យ៉ាងលម្អិត ហើយលោក ត្រាំ បានសួរប្រធានាធិបតីហ្វីលីពីនថា តើគីម នឹងមានស្ថិរភាពទេ ហើយតើចិន មានឥទ្ធិពលណាមួយ ទៅលើរដ្ឋាភិបាលព្យុងយ៉ាង ដែរឬក៏ទេ។
ទីភ្នាក់សារព័ត៌មាន Ibtimes បានរាយការណ៍ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ថា បន្ទាប់ពីការហៅមេដឹកនាំផ្ដាច់ការ កូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា ជាបុរសឆ្កួតនឹងអាវុធនុយក្លេអ៊ែរបែបនេះ ត្រឹមតែរយៈពេលបីថ្ងៃក្រោយមក ប្រធានាធិបតីអាមេរិក ដូណាល់់ ត្រាំ ក៏ហៅ គីម ថាជា “បុរសវៃឆ្លាត (smart cookie) និងថា លោកមានកិត្តយស ចង់ជួបជាមួយ ប្រសិនកាលៈទេសៈ មានភាពល្អប្រសើរសមស្រប៕ ម៉ែវ សាធី