ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចូលរួមប្រកួតបាតល់ទាត់កុមារឆ្នាំ២០១៧កើនឡើងរហូតដល់៣៩ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹត្តិការប្រកួតបាល់ទាត់កុមារឆ្នាំ២០១៧ របស់ធនាគារ អអេចប៊ី បានប្រកាសបើកជាមួយផ្លូវការហើយ។ កុមារប្រហែល៣២០នាក់ នឹងចូលរួមការប្រកួតនេះ គឺមានការកើនឡើងរហូតដល់៣៩ភាគរយ បើធៀបនឹងឆ្នាំមុនដែលកើនឡើងរហូតដល់៤០ក្រុមក្នុងឆ្នាំនេះ ។

ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងពិធីសន្និសិទសារព័ត៌មានមួយកាលពីថ្ងៃទី២៤ ខែឧសភា នៅស្នាការធនាគារអអេចប៊ី។

លោកLIM Loong Seng នាយកប្រចាំប្រទេស និងអគ្គនាយកធនាគារអអេចប៊ីឥណ្តូឆៃណា ថែ្លងថា “យើងខ្ញុំមានភាពរីករាយដែលបានរៀបចំកម្មវិធីនេះជាលើកទី៣ដែលត្រូវធ្វើនៅCentral Park Sports Complex, Phnom Penh City Center” ។ លោកបន្តថា កម្មវិធីប្រកួតបាល់ទាត់កុមារឆ្នាំ២០១៧របស់ធនាគារអអេចប៊ី នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧ ដោយមានការចូលរួមយ៉ាងច្រើន មិនធ្លាប់មានចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ២០១៥។

លោកលើកឡើងដែរថា កម្មវិធីឆ្នាំនេះមានការចូលរួមរហូតដល់៤០ក្រុម ដោយក្នុងនោះមានក្រុមកុមារាចំនួន៣២ក្រុម និងក្រុមកុមារីចំនួន៨ក្រុម ដែលនឹងចូលរួមក្នុងការប្រកួតជាលើកដំបូងផងដែរ។

កុមារប្រហែល៣២០នាក់ នឹងចូលរួមការប្រកួតនេះ ដែលមានការកើនឡើងរហូតដល់៣៩ភាគរយ បើធៀបនឹងឆ្នាំមុន។ ចាប់តាំងពីឆ្នាំ២០១៥ មកចំនួនក្រុមដែលបានចូលរួមប្រកួតបានកើនឡើងពី២២ក្រុម ក្នុងឆ្នាំ២០១៥ទៅ៣៣ក្រុមក្នុងឆ្នាំ២០១៦និងកើនឡើងរហូតដល់៤០ក្រុមក្នុងឆ្នាំនេះ។ លោកថា នេះគឺជាសញ្ញាវិជ្ជមានដែលបង្ហាញថាព្រឹត្តិការណ៍នេះ កាន់តែទទួលបានការចាប់អារម្មណ៍ពីបណ្តាសាលារៀនជាច្រើននៅរាជធានីភ្នំពេញ ។

លោក Bernard Lim អ្នកតំណាងរបស់Phnom Penh City Center បានបញ្ជាក់ថា លោកជឿជាក់លើការជួយសហគមន៍និងការជួយប្រជាជនក្រីក្រនិងទន់ខ្សោយឲ្យឈានទៅសម្រេចក្តីសុបិន្តនិងបំណងប្រាថ្នារបស់ពួកគេ ។ កម្មវិធីប្រកួតបាល់ទាត់កុមារនេះគឺជាគម្រោងដ៏ល្អមួយដែលយើងត្រូវធ្វើ ។ លោកថា កុមារទាំងអស់ដែលចូលរួមការប្រកួតនេះ មកពីតំបន់ជាយក្រុងនៃរាជធានីភ្នំពេញ និងមានជីវភាពក្រីក្រ ក៏ប៉ុន្តែពួកគេមានសុទិដ្ឋិនិយម និងមានឆន្ទៈចង់ក្លាយជាកីឡាករបាល់ទាត់ដ៏ពូកែនៅថ្ងៃណាមួយ ។

លោកថា យើងឧបត្ថម្ភទីតាំងសម្រាប់ការប្រកួតនេះនៅSport Complex នៅថ្ងៃទី២៧ ខែឧសភានេះ និងផ្តល់រង្វាន់ជាបាល់ទាត់ដល់សាលា ដែលចូលរួមផងដែរ ។ រង្វាន់ជាបាល់ទាត់ទៅតាមចំនួនគ្រាប់បាល់ដែលក្រុមនីមួយៗ បានទាត់បញ្ចូលទីក្នុងពេលប្រកួត។លោកថានេះគឺជាផ្នែកមួយនៃការចូលរួមចំណែកជួយសង្គមនិងយុវជនកម្ពុជាស្របពេលដែលកីឡាបាល់ទាត់គឺជាកីឡាពេញនិយមរបស់យុវជន។លោកសង្ឃឹមថាសកម្មភាពមនុស្សធម៌របស់យើងខ្ញុំនឹងជំរុញយុវជនវ័យក្មេងនៅតាមសាលាឲ្យចូលរួមការប្រកួតនេះ។

គួរបញ្ជាក់ដែរថាកម្មវិធីប្រកួតបាល់ទាត់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនភាពអង់អាចនិងជម្រុញទឹកចិត្តកុមារកម្ពុជាអោយមានភាពជឿជាក់ក្តីសង្ឃឹម និងមោទនភាពដើម្បីជំនះលើបញ្ហាជីវភាពនិងជីវិតតាមរយៈការលេងកីឡា។ ព្រឹត្តិការណ៍នេះ ជាផ្នែកមួយនៃការចូលរួមជួយដល់សង្គមរបស់ធនាគារអអេចប៊ីដើម្បីរួមចំណែកក្នុងការអប់រំយុវជនជំនាន់ក្រោយជាពិសេសក្រុមទន់ខ្សោយ និងក្រីក្រនៅក្នុងសហគមន៍ដែលមានវត្តមានរបស់ធនាគារអអេចប៊ីផងដែរ៕ វឌ្ឍនា


ចែករំលែក៖