មន្ត្រីហ្វុីលីពីនបានឲ្យដឹងថា រដ្ឋាភិបាលបានចេញឱសានវាទដល់កម្លាំងក្រុមម៉ៅទេ ដែលមានទំនាក់ទំនងជាមួយក្រុមភេរវកម្ម IS ទី១គឺចេញសារភាពចុះចាញ់ទី២គឺស្លាប់។
អ្នកនាំពាក្យកម្លាំងទាហានហ្វុីលីពីនលោក Restituto Padilla បានឲ្យដឹងថា «យើងបានអំពាវនាវដល់កម្លាំងក្រុមភេរវកម្មនៅទីក្រុងម៉ារ៉ាវី ចេញសារភាពចុះចាញ់ទាន់នៅមានឱកាស។ ចំពោះក្រុមភេរវកម្មដែលមិនព្រមចុះចាញ់នោះ នឹងត្រូវស្លាប់»។
លោក Restituto Padilla បានអំពាវនាវដល់កម្លាំងក្រុមភេរវកម្មចេញសារភាពដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ កម្លាំងទាហាន និងកម្ចាត់ក្រុមភេរវកម្មឲ្យអស់ពីទឹកដីហ្វុីលីពីននៅពេលដ៏ខ្លីខាងមុខ។
ប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរតេ បានបញ្ជាក់នៅក្នុងសន្និសីទការសែតថា«យើងនឹងធ្វើសង្គ្រាមជារៀងរាល់ថ្ងៃ រហូតដល់ហេតុការណ៍ទាំងឡាយត្រូវបានបញ្ចប់»។
នៅពេលនេះដែរកម្លាំងទាហានហ្វុីលីពីនបានឲ្យដឹងថា ពួកគេបានគ្រប់គ្រងទីក្រុងម៉ារ៉ាវីប្រមាណ៧០ភាគរយមកវិញ។ ប៉ុន្តែសង្គ្រាមវាយប្រហារនៅតែបន្តតានតឹងដដែល ដោយក្រុមភេរវកម្មនៅតែការពារទីតាំងដែលខ្លួនកំពុងគ្រប់គ្រង។
ពលរដ្ឋដែលរួចផុតពីការចាប់ធ្វើជារនាំងរបស់ក្រុមម៉ៅទេ ក្នុងទីក្រុងម៉ារ៉ាវីបានបញ្ជាក់ថា ខ្មាន់កាំភ្លើងក្រុមភេរវកម្មភាគច្រើនគឺជាយុវជន និងកុមារ។ ខ្មាន់កាំភ្លើងវ័យក្មេងទាំងនោះបានបាញ់សម្លាប់មនុស្ស មិនមានការអាណិតអាស៊ូនោះឡើយ។ ក្រុមម៉ៅទេបានបង្កើតឡើងកាលពីឆ្នាំ២០១៣ ដែលមានសមាជិកប្រមាណ១០០នាក់ប៉ុណ្ណោះ។ ក្រុមនេះមានខ្មាន់កាំភ្លើងអាយុវ័យក្មេងជាងក្រុមនានា នៅក្នុងប្រទេសហ្វុីលីពីន។
នៅពេលនេះដែរកម្លាំងទាហានហ្វុីលីពីនបន្តវាយប្រហារទៅលើក្រុមភេរវកម្មនៅទីក្រុងម៉ារ៉ាវី។កាលព្រឹកថ្ងៃទី៣០ ខែឧសភា កន្លងទៅ កម្លាំងទាហានហ្វុីលីពីនបានប្រកាសថា នឹងបណ្តេញក្រុមនេះទាំងស្រុងចេញពីទីក្រុងម៉ារ៉ាវី។ បច្ចុប្បន្នពលរដ្ឋប្រមាណ៨៤ពាន់នាក់បានរត់ភៀសខ្លួនចេញពីទីក្រុងខាងលើទៅកាន់តំបន់មានសុវត្ថិភាព៕ ម៉ែវ សាធី