ព័ត៌មានទាន់ហេតុការណ៍៖

មហាអំណាចរបស់អាមេរិកត្រូវបាត់បង់ដោយខ្លួនឯង មិនចាំបាច់ មានប្រទេសណាមួយ មកដណ្តើម

ចែករំលែក៖

នៅថ្ងៃទី២ ខែមិថុនា អតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា បានចេញមុខប្រឆាំង នឹងការសម្រេចរបស់ប្រធានាធិបតីត្រាំ ដែលបានប្រកាសដកហូតកិច្ចព្រមព្រៀងអាកាសធាតុនៅទីក្រុងប៉ារីស ដែលជា ទ្រព្យសម្បត្តិ ដ៏សំខាន់ របស់អតីតប្រធានាធិបតីអូបាម៉ា ក៏ត្រូវលោកត្រាំ សម្រេចលុបចោល។

ក្រោយការបញ្ជាក់របស់លោកត្រាំ ពីការសម្រេចលុបចោលកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស អតីតប្រធានាធិបតីអូបាម៉ា បង្ហាញការសោកស្តាយ ដល់ការសម្រេចខ្វះពិចារណា របស់លោកត្រាំ។ នៅក្នុងសេចក្តីប្រកាស លោកអូបាម៉ា បញ្ជាក់ថា ប្រទេសដែលស្ថិតនៅក្នុងកិច្ចព្រមព្រៀងនោះនឹងទទួលបានផលប្រយោជន៍ជាច្រើន គឺវិស័យឧស្សាហកម្មរបស់ខ្លួននឹងកាន់បន្ថយ ឧស្ម័នពុល ធ្វើឲ្យបរិយាកាសរស់នៅរបស់ពលរដ្ឋ កាន់តែប្រសើរ។

លោកអូបាម៉ាបានប្រកាសថា «តំបន់ឯកជន គឺជាជម្រើស សម្រាប់អនាគតក្នុងការកាត់បន្ថយឧស្ម័ន Carbon ។ កិច្ចព្រមព្រៀង ទីក្រុងប៉ារីសស្តីពីអាកាសធាតុ នឹងជួយឲ្យ វិស័យឧស្សាហកម្ម បច្ចេកវិទ្យា កាន់តែមានការវិនិយោគលើបច្ចេកវិទ្យាខ្ពស់ ក្នុងការកាត់បន្ថយឧស្ម័នពុលចូលក្នុងបរិយាកាស។ អាមេរិកគួរណាស់ តែនាំមុខនៅក្នុងហេតុការណ៍ខាងលើ មិនត្រូវដកខ្លួនចេញឡើយ»។

សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីលោកអូបាម៉ា បញ្ជាក់ថា បើទោះបីខ្វះការដឹកនាំរបស់អាមេរិក ខ្ញុំជឿជាក់ថា ប្រទេសដទៃទៀត នឹងបន្តសកម្មភាព ដឹកនាំប្រទេសជាតិរបស់ខ្លួនឆ្ពោះទៅរកបរិយាកាសល្អប្រសើរ ។

មិនត្រឹមតែអតីតប្រធានាធិបតីអូបាម៉ា គណបក្សប្រជាធិបតេយ្យ ប្រធានព្រិទ្ធសភា ក៏បានប្រឆាំងនឹងការសម្រេចខាងលើរបស់លោកត្រាំផងដែរ។ ការសម្រេចខាងលើរបស់លោកត្រាំ គឺជាការដើរថយក្រោយនៅក្នុងសតវត្សរ៍ទី២១ នេះ ។

តំណាងរាស្ត្រ Bernie Sanders អតីតបេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យឆ្នាំ២០១៦ ក៏បានប្រឆាំងនឹងការសម្រេចចិត្ត ខាងលើរបស់លោកត្រាំ។ លោកបន្តទៀតថា«ពេលនេះបម្រែបម្រួលអាកាសធាតុ កំពុងតែ បង្កគ្រោះថ្នាក់ដល់ពិភពលោកទាំងមូល ហើយយើង ប្រែជាបែរខ្នង ចំពោះការខិតខំរក្សាភពផែនដីនេះទុកបន្សល់ដល់កូនចៅនាពេលអនាគត»។ អាមេរិកគួរណាស់តែដើរតួនាទីសំខាន់លើឆាកអន្តរជាតិក្នុងការកាត់បន្ថយ ឧស្ម័នពុល។ បម្រែបម្រួលអាកាសធាតុ កំពុងតែកើតឡើងនៅលើពិភពលោក ហើយការចាកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជារឿងមិនល្អ សម្រាប់អាមេរិកឡើយ។

គោលដៅរបស់លោកត្រាំ គឺ ដើម្បី អភិវឌ្ឍន៍វិស័យ ខួងយករ៉ែ និងធ្យូងថ្ម ដើម្បីបង្កើនការងារធ្វើដល់ពលរដ្ឋអាមេរិក។ ប៉ុន្តែសកម្មភាពបែបនេះរបស់អាមេរិក នឹងធ្វើឲ្យឥទ្ធិពលរបស់អាមេរិកនៅលើឆាកអន្តរជាតិធ្លាក់ចុះ ។

ជាមួយគ្នានេះ ការកាត់បន្ថយជំនួយរបស់អាមេរិក ទៅលើអង្គការសហប្រជាជាតិ ក៏ជាសកម្មភាពដែលធ្វើឲ្យ ឥទ្ធិពលអាមេរិកត្រូវបាត់បង់ ហើយប្រទេសផ្សេងទៀត និងចូលជំនួសតំណែងរបស់អាមេរិកជាមិនខាន។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ប្រសិនបើ លោកត្រាំនៅតែមាននយោបាយបែបនេះ នឹងធ្វើឲ្យ មហាអំណាចរបស់អាមេរិកត្រូវបាត់បង់ដោយខ្លួនឯង មិនចាំបាច់ មានប្រទេសណាមួយ មកដណ្តើមនោះឡើយ៕ ម៉ែវ សាធី


ចែករំលែក៖