ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើង និងក្រុមហ៊ុនរុស្ស៊ីជាប់ពាក់ព័ន្ធ

ចែករំលែក៖

កាលពីថ្ងៃទី១ ខែមិថុនា ក្រុមហ៊ុន ព្រមទាំងបុគ្គលិករបស់កូរ៉េខាងជើង និងរុស្ស៊ីត្រូវបានអាមេរិកដាក់ចូលក្នុងបញ្ចីខ្មៅ ដោយបានជួយដល់កម្មវិធីមីស៊ីល និងបរមាណូរបស់កូរ៉េខាងជើង។

សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រសួងហិរញ្ញវត្ថុអាមេរិកបានលើកឡើងពីគម្រោងដាក់ទណ្ឌកម្មខាងលើក្នុងពេលដែលអាមេរិក និងចិនអាចស្នើរដល់អង្គការសហប្រជាជាតិឲ្យដាក់ទណ្ឌកម្មទៅលើបុគ្គលិក និងក្រុមហ៊ុនកូរ៉េខាងជើងដែលពាក់ព័ន្ធនឹងការសាកល្បងមីស៊ីល។

ក្នុងចំណោមក្រុមហ៊ុនដែលនឹងត្រូវដាក់ទណ្ឌកម្មបន្ថែមមានក្រុមហ៊ុនរុស្ស៊ីដល់ទៅ២។ ពាក់ព័ន្ធនឹងករណីខាងលើ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោក Sergei Ryabkov បានបញ្ជាក់ថា ទីក្រុងមូស្គូមិនយល់ពីសកម្មភាពរបស់អាមេរិកដែលបានសម្រេចដាក់ទណ្ឌកម្ម ខាងលើ។ រុស្ស៊ីបានត្រៀមលក្ខណវាយបកទៅនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបញ្ជាក់ទៀតថា ការដាក់ទណ្ឌកម្មនោះធ្វើឲ្យទំនាក់ទំនងរវាងអាមេរិកនឹងរុស្ស៊ីបន្តប្រឈមមុខតានតឹងដាក់គ្នា។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនឹងការសាកល្បងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង មន្រ្តីជំនាញផ្នែកអាវុធមីស៊ីលសហរដ្ឋអាមេរិកម្នាក់បានលើកឡើងថា ប្រព័ន្ធម៉ាស៊ីនដែលបានបាញ់កន្លងមកមានរយៈចម្ងាយមធ្យម ដែលទើបនឹងអភិវឌ្ឍន៍ថ្មីរបស់ប្រទេសផ្ដាច់ការកូរ៉េខាងជើង ត្រូវបានគេសង្ស័យថា នាំចូលពីបរទេសមួយចំនួនដូចជាប្រទេស អ៊ុយក្រែន ឬក៏ប្រទេសរុស្ស៊ី ។

កាលពីថ្ងៃទី៤ ខែឧសភា កន្លងទៅនេះ បានធ្វើតេស្ដដោយជោគជ័យនូវគ្រាប់មីស៊ីល ផ្លោងប្រភេទ Hwasong12 ដែលនោះជាការបង្ហាញមួយយ៉ាងច្បាស់ថា សមត្ថភាពអាវុធ មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់របបមួយនេះអាចបាញ់ដល់ទឹកដីសហរដ្ឋអាមេរិក ក្រោយការធ្វើតេស្ដជាបន្ដបន្ទាប់ពីប្រទេសផ្ដាច់ការមួយនេះ ប្រទេសមហាអំណាចអាមេរិក ក៏បានបន្ថែមទណ្ឌកម្មថ្មីមួយទៀតប្រឆាំងនឹងក្រុងព្យុងយ៉ាង ចំពោះការបន្ដអភិវឌ្ឍកម្មវិធី អាវុធនុយក្លេអ៊ែរ និងមីស៊ីល។

ប្រទេសកូរ៉េខាងជើងបានអះអាងថា ខ្លួនបានធ្វើតេស្ដគ្រាប់មីស៊ីលផ្លោង ប្រភេទថ្មីមួយបានដោយជោគជ័យឆ្ពោះទៅកាន់សមុទ្រខាងកើតប្រទេសរបស់ខ្លួន ជាមួយនឹងចម្ងាយ ៧៨៧គីឡូម៉ែត្រ ក្នុងនោះដែរក្រុមអ្នកជំនាញបានលើកឡើងថា គ្រាប់មីស៊ីលនោះ អាចហោះបានចម្ងាយរហូតដល់ទៅ ៤.៥០០គីឡូម៉ែត្រ ប្រសិនបើប្រទេសមួយនេះ បានបាញ់ចេញពីចំណុច ឬមុំធម្មតាមួយវិញនោះ៕ ម៉ែវ សាធី


ចែករំលែក៖