ឧត្តមសេនីយ៍ Nixon Fortes មេបញ្ជាការកងទ័ពជើងគោកនៅក្នុងសង្គ្រាមវាយប្រហារក្រុមភេរវកម្មនៅទីក្រុងម៉ារ៉ាវី ត្រូវបានដកហូតតំណែងដោយជំនួសវិញនៅមេទ័ពរងគឺវរសេនីយ៍ Generoso Ponio។ មូលហេតុបណ្តាលឲ្យដកតំណែងខាងលើ មិនទាន់ដឹងនៅឡើយ តើអាចជាប់ពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងក្រុមភេរវកម្មដែរឬទេ?
ការដកតំណែងធ្វើឡើងក្រោយពេលដែលមានការវាយប្រហារច្រឡំពីលើដែនអាកាស សម្លាប់ទាហាន១០នាក់ និងការបាញ់ប្រហារនៅទីក្រុងម៉ានីលកាលពីថ្ងៃទី២ ខែមិថុនាបណ្តាលឲ្យមានអ្នកស្លាប់ដល់ទៅ៣៦នាក់។
ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មូលហេតុដែលឧត្តមសេនីយ៍ Nixon Fortes ត្រូវដកហូតតំណែងដោយសារតែលោកមិនមានវត្តមានពេញលេញនៅទីក្រុងម៉ារ៉ាវីសម្រាប់សង្គ្រាមវាយប្រហារក្រុមភេរវកម្ម។ ទាំងនោះគឺជាការមិនយកចិត្តទុកដាក់ធ្វេសប្រហែសរបស់មេបញ្ជាការ ទើបមានការវាយប្រហារតាមដែនអាកាសច្រឡំបណ្តាលឲ្យមានអ្នកស្លាប់ ជាច្រើនបែបនេះ។ បច្ចុប្បន្នមានកម្លាំងភេវកម្មមកពីបរទេសជាច្រើនឈរជើងនៅទីក្រុងម៉ារ៉ាវី ដើម្បីប្រឆាំងនឹងទាហានរដ្ឋាភិបាល។
នៅក្នុងសង្គ្រាមវាយប្រហារក្រុមភេរវកម្មគិតមកទល់ពេលនេះ មានទាហានហ្វុីលីពីន៣៩នាក់ស្លាប់ និងក្រុមភេរវកម្មមាន១២០នាក់ស្លាប់ផងដែរ។
អ្វីដែលជាក្តីព្រួយបារម្ភបំផុតនោះ គឺនៅពេលដែលកម្លាំងទាហានហ្វុីលីពីនទៅវាយប្រហារក្រុមភេរវកម្មនៅទីក្រុងម៉ារ៉ាវី ភេរវករផ្សេងទៀតដែលមានវត្តមាននៅក្នុងទឹកដីនោះ បានបង្កើនការវាយប្រហារបាញ់រះទៅលើទីតាំងផ្សេងៗក្នុងគោលដៅ បង្ករភាពចលាចល និងបំបែកកម្លាំងហ្វុីលីពីននៅលើកោះមីនដាណាវ។ ជាក់ស្តែងដូចជាការវាយប្រហារទៅលើទីតាំងក្នុងទីក្រុងម៉ានីស បណ្តាលឲ្យស្លាប់ និងរបួសជិត១០០នាក់ ហើយក្រុម IS ចេញមុខទទួលស្គាល់ថា ជាសកម្មភាពរបស់ខ្លួន៕ ម៉ែវ សាធី