ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នឹងរៀបចំទិវាយោគៈ អន្តរជាតិ(យូហ្គា) លើកទី៣នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលប្រព្រឹតនាព្រឹកថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០១៧ ដោយអនុញ្ញាតឲ្យមហាជនចូលរួមដោយសេរី ។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំទិវាយោគៈ អន្តរជាតិលើកទី៣ ភារធារីស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា លោក វីរ៉ាជី គូម៉ា មានប្រសាសន៍ថា ស្ថានទូតឥណ្ឌា បានសហការជាមួយ ក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រុមហ៊ុនស្មាត រៀបចំទិវានេះ ឡើងរយៈពេល២ឆ្នាំដោយទទួលបាន ជោគជ័យជាប់ៗគ្នានៅកម្ពុជា តាំងពីឆ្នាំ២០១៥ និងឆ្នាំ២០១៦។
ភារធារីអមស្ថានទូតឥណ្ឌារូបនេះ បានបញ្ជាក់ថា យោគៈ ឬ យូហ្គាអន្តរជាតិ ត្រូវបានមហាសន្និបាតអង្គការ សហប្រជាជាតិទទួលស្គាល់ថា យូហ្គាបានផ្តល់វិធីសាស្ត្រ រួមមួយសម្រាប់ថែរក្សាសុខភាព និងសុខុមាលភាពដល់មនុស្សគ្រប់គ្នា ហើយមហាសន្និបាត អង្គការសហប្រជាជាតិ ដែលមានប្រទេសជាសមាជិក ប្រមាណ១៩៣ប្រទេសនោះ បានអនុម័តសេចក្តីសម្រេចរួមគ្នាមួយ ដោយកំណត់យកថ្ងៃទី២១ ខែមិថុនា ដើម្បីរៀចំទិវាយោគៈអន្តរជាតិ ជារៀងរាល់ឆ្នាំដោយមានមនុស្សចូលរួមទិវាយោគៈអន្តរជាតិនេះរាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ ។
លោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួទេសចរណ៍ បានឲ្យដឹងថា ក្រសួងទេសចរណ៍ តែងតែរៀបចំព្រឹត្តិការណ៍ កីឡាទេសចរណ៍ ច្រើនដូចជា ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ,ព្រឹត្តិការណ៍ហ្វូលម៉ារ៉ាតុងអន្តរជាតិអង្គរ ព្រឹត្តិការណ៍ រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ ព្រឹត្តិការណ៍ រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិខេត្តព្រះសីហនុ ព្រឹត្តិការណ៍បុណ្យសមុទ្រ និងបុណ្យទន្លេ ហើយ២ឆ្នាំកន្លងមកនេះ ក្រសួងទេសចរណ៍ ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសហការជាមួយស្ថានទូតឥណ្ឌា រៀបចំទិវាយោគៈអន្តរជាតិហើយឆ្នាំគឺជាឆ្នាំទី៣ក្រសួងនូវតែគាំទ្រទិវានេះដដែល។
ដោយឡែក លោក អ៊ុក ឌីវ៉ង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡាតំណាងក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា ចំពោះកម្មវិធីលំហាត់យូហ្គាអន្តរជាតិនេះពិតជា មានសារប្រយោជន៍សំខាន់ដល់សុខភាពមនុស្សទូទៅខ្លាំងណាស់ ។ លោកបានបន្តថា ឲ្យទិវាសំហាត់យូហ្គាអន្តរជាតិនេះក៏បានអំពាវដល់ពលរដ្ឋកម្ពុជា ទៅឲ្យចូលរួមធ្វើលំហាត់ប្រាណ តាមបែបយូហ្គាទាំងអស់គ្នាដើម្បីសុខភាពនៅព្រឹតថ្ងៃទី១៧ ខែមិថុនាខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យសិស្សានុសិស្សរៀនថ្នាក់ទី១ និងថ្នាក់ទី២ ប្រមាណ៥០០នាក់មកពី សាលាបឋមសិក្សាបាក់ ទូកចូលរួមផងដែល ៕ សារីម