គេហទំព័រ Sputnik បានដកស្រង់សម្តី លោក Volkan Ozdemir ប្រធានមជ្ឈមណ្ឌល គោលនយោបាយ និងទីផ្សារថាមពល EPPEN មានទីតាំងនៅទីក្រុង អង់ការ៉ាបានឲ្យ ដឹងថា អាមេរិក និង រុស្សី ជាប្រទេសដែលទទួលបានផលប្រយោជន៍ច្រើនជាងគេពីវិបត្តិ នៅប្រទេសឈូងសមុទ្រនាពេលនេះ។ លោកបានបញ្ជាក់ថា កាតារ នៅតែជាប្រទេសដែលផ្គត់ផ្គង់ប្រេង ធំបំផុតលើ ពិភពលោក។ វិបត្តិ អាចបង្កផលប៉ះពាល់ យ៉ាងខ្លាំងដល់ទីផ្សារប្រេង និងតម្លៃថាម ពល ។ចំណុចទាំងនោះបានជះឥទ្ធិពលយ៉ាងខ្លាំងពី វិបត្តិទាំងនោះ។
ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានយល់ព្រមទៅលើ ការសម្រេចចិត្តរបស់សភា ឲ្យបញ្ជូនទាហានទៅទួរគីទៅកាន់ប្រទេសកាតារ និងសន្យា គាំទ្រ កាតារ ដល់ទីបញ្ចប់បើមានសង្គ្រាម កើតឡើង។
នៅក្នុងកិច្ចប្រជុំស្តីពីវិបត្តិ នាពេលកន្លង មកថ្មីៗ ពាក់ព័ន្ធនឹងប្រទេសតំបន់អារ៉ាប់ ដែលកាត់ផ្តាច់ទំនាក់ទំនងការបរទេសជាមួយ ប្រទេសកាតារ រដ្ឋមន្ត្រីការបរទេស កាតារលោក Mohammed Bin Abdulrahman Al Thani បានប្រកាសថា «ទាហាន ទួរគី កំពុងតែធ្វើដំណើរទៅកាន់ប្រទេស កាតារដើម្បីជួយការពារ សន្តិសុខនៅក្នុង តំបន់។
ចំពោះសកម្មភាពខាងលើ របស់ទួរគី អ្នកវិភាគ Volkan Ozdemir បានបញ្ជាក់ថា នៅក្នុងស្ថានភាពប្រទេសកាតារកំពុងមានវិបត្តិហើយ ទួរគីបានសម្តែងការគាំទ្រចំពោះ កាតារនោះ អាចធ្វើឲ្យទំនាក់ទំនង រវាង អាមេរិកនឹងទួរគីកាន់តែជួបឧបសគ្គ។
លោក Volkan Ozdemirបញ្ជាក់ថា« កាតារមានទំនាក់ទំនង នយោបាយនិង ពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយប្រទេសទួរគី ទាំងនោះហើយទើបទួរគីឈរគាំទ្រខាងកាតារ។
លោក Volkan Ozdemir បញ្ជាក់ទៀត ថា គោលនយោបាយតភ្ជាប់ទំនាក់ទំនងរវាងអាមេរិកនឹងអីុរ៉ង់ ដែលផ្តើមដោយអតីត ប្រធានាធិបតី អូបាម៉ា ត្រូវបានបញ្ចប់ ។ រដ្ឋាភិបាលអាមេរិកបច្ចុប្បន្នបានគំាទ្រអារ៉ាប៊ីសាអ៊ូឌីត ។ ចំណែកទួរគីវិញបានបង្ហាញការគាំទ្រ ដល់ប្រទេសកាតារ ។ក្រៅពីនេះ នៅមានអីុរ៉ង់ និងរុស្ស៊ីក៏បានគាំទ្រ រដ្ឋាភិ បាលទីក្រុង ដូហាផងដែរ។
អាចនិយាយបានថា នៅពេលនេះ រុស្ស៊ី អីុរ៉ង់ និង ទួរគី ឈរនៅខាងប្រទេសកាតារ គាំទ្រកាតារទាំងផ្នែកយោធានិងស្បៀង អាហារប្រសិនបើមានសង្គ្រាមកើតឡើងនោះ។
ក្រុមអ្នកឯកទេសវិភាគបាន លើកឡើង ថា ប្រសិនបើវិវាទអូសបន្លាយអាចនឹង បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ទាំងមូលនិងអូសទាញប្រទេសជាច្រើនចូលរួម គឺជា ប្រទេសដែលចង់បានផលប្រយោជន៍ពី ប្រទេសអ្នកមាន នៅក្នុងតំបន់នោះ។ បើវិវាទឈានដល់ តានតឹងផ្នែកយោធា នោះ អាមេរិកនិងរុស្ស៊ីជាអ្នក បានចំនេញ ជាងគេពីការលក់អាវុធ ដោយពេលនេះ យើងបាន ឃើញយ៉ាងច្បាស់ថា រុស្ស៊ីគាំទ្រម្ខាងឯអាមេរិកគាំទ្រម្ខាង។
ក៏ប៉ុន្តែនៅមានប្រទេស មហាអំណាច ជាច្រើនទៀត មិនបានចូលរួមនៅក្នុងវិវាទទាំងនោះទេ ដូចជាប្រទេសបារាំងជាដើម។បារាំងនឹងមិនកាន់ជើងភាគីណាមួយ ទេនៅក្នុងវិវាទនេះ។នយោបាយការទូតរបស់បារាំងក្រោមការដឹកនាំបច្ចុប្បន្នរបស់លោកប្រធានាធិបតី អេមម៉ានុយអែល ម៉ាក្រុង ទំនងជាងាកទៅជិតស្និទ្ធជាមួយអារ៉ាប៊ីសាអ៊ូឌីត ច្រើនជាងជាមួយប្រទេសកាតារ។ តាំងពីនៅក្នុងពេលឃោសនាបោះឆ្នោត ម៉្លេះ លោកម៉ាក្រុងបានបង្ហាញជំហរមិនគាំទ្រនយោបាយកន្លងមករបស់បារាំងដែលបានបន្ទន់ខ្លួនខ្លាំងជ្រុលទៅរកប្រទេស កាតារ និងបានខ្ជីខ្ជា ទំនាក់ទំនងជាមួយអារ៉ា ប៊ីសាអ៊ូឌីត។ អេហ្ស៊ីបអារ៉ាប៊ីសាអ៊ូឌីត ដែលកំពុងប្រឈមមុខបញ្ហាការទូតជាមួយកាតារ តាមពិតជាដៃគូយុទ្ធសាស្រ្តរបស់បារាំងក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្ម អង្គការរដ្ឋអ៊ិស្លាម នៅប្រទេសស៊ីរី និង អុីរ៉ាក់។
បើមើលទៅលើតួនាទី ទម្ងន់យោធា និងផលប្រយោជន៍សេដ្ឋកិច្ច បារាំងអាច ជ្រើសរើស នៅខាងភាគី អារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែ ជំហររបស់ប្រធានាធិបតីអេមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី១៣ ខែមិថុនា បានបង្ហាញហើយថា បារាំងមិនបានកាន់ជើង ភាគីណាទាំងអស់។ បារាំងបានយកពេល គិតគូរ ដល់ទៅ ២៤ម៉ោង មុននឹងប្រតិកម្មទៅលើជម្លោះការទូតដ៏ប្រថុចញ៉ុច រវាង កាតារ នឹងប្រទេសអារ៉ាប់ នៅ សមុទ្រពែក្ស ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត។ ដើម្បីកុំឲ្យផលប្រយោជន៍បារាំងត្រូវប៉ះពាល់ខាតបង់នោះ លោកម៉ាក្រុង បានពិចារណាថ្លឹងថ្លែង ខ្លាំងណាស់ ពោលគឺធ្វើយ៉ាងម៉េច កុំឲ្យ ភាគីម្ខាងៗ អាក់អន់ចិត្តនឹងបារាំង។
នៅថ្ងៃទី១៣ ខែមិថុនា លោកប្រធានា ធិបតីបារាំង បាននិយាយទូរស័ព្ទ ជាមួយ ព្រះមហាក្សត្ររបស់កាតារ ដែលនៅក្នុង នោះ លោកបាននិយាយថា លោកគំាំទ្រឲ្យ មានការឯកភាព និងសាមគ្គីគ្នានៅក្នុង ចំណោមប្រទេសអារ៉ាប់។ ប៉ុន្តែ ជាមួយគ្នា នោះ លោកក៏បានបញ្ជាក់ដែរថា ការប្រយុទ្ធប្រឆាំងនឹងការផ្គត់ផ្គង់ ផ្តល់លុយចិញ្ចឹម ក្រុមភេរវកម្ម គឺជាអាទិភាពរបស់បារាំង។
នៅថ្ងៃទី១៣ ខែមិថុនាដដែល រដ្ឋមន្រ្តី ការបរទេសបារាំង លោកJean Yves Le Drian បានជួប សន្ទនា តាមទូរស័ព្ទ ជាមួយសមភាគីអារ៉ាប៊ីសាអ៊ូឌីត និង កាតារ។ ចំណែកនៅថ្ងៃទី១៤ ខែមិថុនា នេះ នៅក្នុងដំណើរទៅកាន់បណ្តាប្រទេសអារ៉ាប់ ដែលបានគ្រោងទុកយូរហើយនោះ ប្រមុខការទូតបារាំង នឹងជួបសន្ទនា ជា មួយរដ្ឋមន្រ្តីកាបរទេស របស់អេមីរ៉ា អារ៉ាប់ រួម ដែលឈរនៅខាងអារ៉ាប៊ីសាអ៊ូឌីត និងបានកាត់ទំនាក់ទំនងការទូតជាមួយកាតារ។ ទិសដៅរបស់រដ្ឋមន្រ្តីការបរទេសបារាំង ដែលគឺដូចប្រធានាធិបតីបារាំងគឺបញ្ជាក់ថា បារាំងនៅកណ្តាលមិនលម្អៀងទៅខាងណាទាំងអស់ ប៉ុន្តែ សុំតែម្យ៉ាង គឺស្ថិរភាព នៅក្នុងតំបន់ឈូងសមុទ្រ ពែក្ស។
បារាំងនៅកណ្តាល ប៉ុន្តែនឹងមិនដាក់ សុំខ្លួនជាអាជ្ញាកណ្តាល ដោះស្រាយវិបត្តិ ការទូតរវាងកាតារ នឹងអារ៉ាប៊ីសាអ៊ូឌីត ដូចដែល រុស្ស៊ី ឬអាមេរិកធ្លាប់តែស្នើកន្លងមកនោះទេ។ សម្រាប់អ្នកជំនាញបារាំង វិបត្តិរវាងកាតារ ហើយនឹងប្រទេសអារ៉ាប់ នៅឈូងសមុទ្រពែក្ស គឺប្រៀបដូចជា ជម្លោះផ្ទៃក្នុងរបស់គ្រួសារមួយ គឺមានតែសមាជិកក្នុងគ្រួសារនោះឯងដែលអាចដោះស្រាយបាន ប៉ុន្តែ មិនមែនអ្នកក្រៅនោះ ទេ៕ ម៉ែវ សាធី