ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាបង្កើនការផលិតអាវុធដើម្បីពង្រឹងការការពារទឹកដី

ចែករំលែក៖

កន្លងមក ឥណ្ឌាបានសាកល្បងកាំជ្រួចមីស៊ីល ការពារ និងវាយប្រហារ ទទួលបានជោគជ័យ ហើយពេលនេះ ឥណ្ឌាផលិតបានមីស៊ីលប្រឆាំងរថក្រោះ ហើយសាកល្បងទទួលបានជោគជ័យទៀតផង។ មីស៊ីលប្រឆាំងរថក្រោះ ពិតជាមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ឥណ្ឌា ដោយសារប្រទេសនេះ មានព្រំដែនគោក រាប់ពាន់គីឡូម៉ែត្រ ជាប់ប្រទេសចិន និងប៉ាគីស្ថាន សុទ្ធតែតំបន់ដែលមានវិវាទ។

កន្លងមកថ្មីៗ អង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិឥណ្ឌា ដែលហៅកាត់ថា DRDO បានបាញ់ធ្វើតេស្តិ៍ យ៉ាងជោគជ័យ នូវប្រភេទមីស៊ីល ប្រឆាំងរថក្រោះថ្មី ឈ្មោះ Nag នៅលើវាលខ្សាច់មួយនៅតំបន់ Rajasthan ភាគខាងលិច ដោយមីស៊ីលនេះ បានវាយប្រហារកម្ទេចគោលដៅពេញៗតែម្តង ។

តាមប្រភពព័ត៌មាន ពីគេហទំព័រការពារជាតិឥណ្ឌា បានឲ្យដឹងថា មីស៊ីលប្រឆាំងរថក្រោះជំនាន់ទី៣ Nag នេះ មានបំពាក់ដោយប្រព័ន្ធស្វែងរករ៉ាដាអ៊ីហ្វ្រារ៉ិដ ចាប់រូបភាពដ៏ទំនើប រួមជាមួយនឹងបច្ចេកវិទ្យាអាកាសចរណ៍ ដែលជាបច្ចេកវិទ្យា មានតែប្រទេសមួយចំនួន តូចប៉ុណ្ណោះមាន ។

លោក G Satheesh Reddy ជាទីប្រឹក្សាផ្នែកវិទ្យាសាស្ត្ររបស់រដ្ឋមន្រ្តីការពារជាតិ ដែលបានចូលរួម ពិនិត្យមើលការបាញ់ សាកល្បងនោះដែរបានមានប្រសាសន៍ថា ការបាញ់សាកល្បង ការហោះហើរដ៏ជោគជ័យនេះនឹងជួយពង្រឹងសមត្ថភាព ការពារជាតិឥណ្ឌា ឲ្យកាន់តែខ្លាំងក្លាយឡើង។

ក្រៅពីនេះឥណ្ឌា ក៏មានគម្រោងទិញ អាវុធជាច្រើនទៀត ដើម្បីការពារមូដ្ឋាន ទ័ពអាកាសខ្លួន នៅទូទាំងផ្ទៃប្រទេស ទប់ស្កាត់ការវាយប្រហារពីសត្រូវ បំផ្លាញ់ទីតាំងទាំងនោះ។ក្រសួងការពារជាតិឥណ្ឌា ទើបបានចេញនូវ សំណើរមួយ ស្នើរសុំព័ត៌មានពីក្រុមហ៊ុន ផលិតសព្វាវុធ ក្នុងគោលបំណងបង្កើនពង្រឹងកម្លាំងកងកុម្ម៉ង់ដូ Garudដែលជាអង្គភាពកងកម្លាំងពិសេសមួយរបស់កងទ័ពអាកាសឥណ្ឌា។

សំណើរព័ត៌មាននោះ បានលើកឡើងថា កងទ័ពអាកាសឥណ្ឌា នឹងជ្រើសយកបុគ្គលិកពី៨ពាន់ទៅ១ម៉ឺននាក់បន្ថែមទៀត សម្រាប់កងកម្លាំងកុម្ម៉ង់ដូ Garudដើម្បីការពារមូលដ្ឋានកងទ័ពអាកាសទាំង៥៤កន្លែងនៅទូទាំងប្រទេសរបស់ខ្លួន មិនឲ្យទទួលរងការវាយប្រហារភេរវកម្មណាមួយ កើតឡើងបាន លើមូលដ្ឋានទ័ពទាំងនោះ។

យោងតាមប្រភពពី Defence News ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងថា កងទ័ពអាកាសឥណ្ឌា នឹងបំពាក់ឲ្យកងកុម្ម៉ង់ដូ Garudនូវកំាភ្លើងវែង៧,៦២មីលីម៉ែត្រចំនួន៦០០ដើម អនុកាំភ្លើងយន្តប្រមាណ១.៨០០ដើម និងកាំភ្លើងខ្លី៩មីលីម៉ែត្រចំនូន២ពាន់ដើម រួមជាមួយនឹងសព្វាវុធផ្សេងៗទៀត ៕ ម៉ែវ សាធី

 


ចែករំលែក៖