ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានសម្រេចជិះដល់ពាក់កណ្តាលត្រូវម្ចាស់គេឃើញប្តឹងកងរាជអាវុធហត្ថក្របួចបានម្នាក់ ២នាក់ទៀតរត់រួចខ្លួន

ចែករំលែក៖

ប៉ោយប៉ែតៈ ក្រុមជនសង្ស័យមានគ្នា៣នាក់បានធ្វើសកម្មភាពលួចម៉ូតូ បានសម្រេច ជិះជួបម្ចាស់ម៉ូតូ ត្រូវគេប្ដឹងសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លួនបានម្នាក់ ចំណែកបក្ខពួកផ្សេងទៀតរត់គេចខ្លួន បាត់កាលពីវេលាម៉ោង៤និង៣៥នាទីទៀប ភ្លឺ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អាវុធហត្ថស្នាក់ការ៥៦៨ប្រាប់ថា ជនសង្ស័យមានឈ្មោះសុខ ជា ហៅស ភេទប្រុស អាយុ២៣ឆ្នាំ (មុខរបមិនប្រាកដ) ស្នាក់នៅបណ្ដោះអាសន្ន នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចំណែកជនរងគ្រោះឈ្មោះ វែង ដាឡង់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូម សង្កាត់កើតហេតុ។ ម៉ូតូដែលជនសង្ស័យយកម៉ាកឃ្លីក ពណ៌សលាយខ្មៅ ផលិតឆ្នាំ២០១៣ គ្មានស្លាកលេខ។

សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុ ម្ចាស់ម៉ូតូបានដាក់ម៉ូតូចតនៅមុខតូប ដោយមិនបានដកសោចេញពីម៉ូតូ រួចហើយក៏ដើរចូលក្នុងតូបលក់ដូរបន្តិចក្រោយមក ស្រាប់តែចេញពីតូបវិញ បាត់ម៉ូតូតែម្ដង ។ ក្រោយពីបាត់ម៉ូតូ ជនរងគ្រោះបានទៅដាក់ពាក្យប្ដឹងសមត្ថកិច្ច ហើយនៅពេលប្ដឹងរួច បានជិះត្រឡប់មកតួបវិញ ស្រាប់តែ បានជួបជនសង្ស័យកណ្ដាលផ្លូវកំពុងជិះម៉ូតូរបស់ខ្លួន មានគ្នាបីនាក់ ពេលនោះ ម្ចាស់ម៉ូតូកក៏ រាយការណ៍ដល់កម្លាំងកងរាជអាវុធហត្ថ ជួយអន្តរាគមន៍ដេញចាប់បានជនសង្ស័យម្នាក់ ចំណែក២នាក់ទៀតបានរត់គេចខ្លួនបាត់ ។ ពេលនេះជនសង្ស័យដែលរត់គេចខ្លួន កម្លាំងសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកចាប់ខ្លួន។ រីឯជនសង្ស័យដែលលួចខាងលើ កម្លាំងអាវុធហត្ថចាប់បាននោះ កម្លាំងជំនាញបានសាកសួរ គេបានឆ្លើយថា គេបានធ្វើសកម្មភាពលួចម៉ូតូដូចពាក្យដែលសមត្ថកិច្ចចោទសួរមែន ។

ក្រោយពីសួរនាំ សមត្ថកិច្ចកសាងសំណុំរឿង ហើយបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការអាវុធហត្ថខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកម៉ូតូ ក្រោយពីធ្វើកំណតហេតុបានប្រគល់ឲ្យម្ចាស់វិញ ៕ វណ្ណា


ចែករំលែក៖