ព័ត៌មានទាន់ហេតុការណ៍៖

ឡានដឹកឈើគ្រញូងរបស់ក្រុមយាយ ម៉ៃ ដ៏ល្បីល្បាញ់ក្រឡាប់នៅស្វាយរៀង ច្រកសំយ៉ោង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានរថយន្តបាឡែនមួយគ្រឿង បើកលឿនដូចហោះ បុកខឿនលូកាត់ថ្នល់ក្រឡាប់ចូលហាវថ្នល់បែកធ្លាយដឹកឈើគ្រញូងពេញក្នុងរថយន្ត ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ មកចោមរោមមើល ទើបដឹងថា មានបទល្មើសព្រៃឈើ ដែលឧក្រិដ្ឋជនដឹកជញ្ជូនមកខេត្តស្វាយរៀង ឆ្លងដែនទៅប្រទេសវៀតណាម តាមច្រករបៀងសំយ៉ោង ឬក្រឡោងខុស ស្ថិតនៅភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទ៌ ដោយឃុបឃិតជាមួយទាហាន និងនគរបាលវរៈការពារព្រំដែនឈរជើងនៅច្រករបៀងសំយ៉ោងនេះ ហើយគេបង្ហើបឲ្យដឹងទៀតថា គឺជាឈើរបស់យាយម៉ៃ អ្នករកស៊ីឈើដ៏ល្បីម្នាក់ ។

ករណីក្រឡាប់រថយន្តដឹកឈើគ្រញូងនេះ កើតឡើងកាលពីវេលាម៉ោង៦និង០៥នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ៣១៤C (ចេញពីក្រុងស្វាយរៀង ទៅច្រករបៀងសំយ៉ោង) ចំណុចភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ។

មហាជនបានឃើញផ្ទាល់ភ្នែកឲ្យដឹងថា រថយន្តដឹកឈើគ្រញូងក្រឡាប់នោះ ម៉ាកតូយ៉ូតា បាឡែនពណ៌ស ពាក់ស្លាកលេខ ខម 2-9056 បើកបរចេញពីក្រុងស្វាយរៀង ពីទិសខាងជើងទៅត្បូង ឆ្ពោះទៅព្រំដែនយ៉ាងលឿន ក៏ប៉ុន្តែ មកដល់ចំណុចកើតហេតុខាងលើស្រាប់តែ រេចង្កូតមកឆ្វេង ក៏បុកខឿនលូកាត់ថ្នល់ហោះ ទៅបុកដើមត្នោតដួលហើយក្រឡាប់ផ្ងារជើងចូលប្រឡាយហាវថ្នល់។

អ្នកស្រុកក៏បានវាយបំបែកកញ្ចក់រថយន្តទាញអ្នកបើកបរចេញពីក្នុងរថយន្ត គ្រាន់តែរបួសបន្តិចបន្តួច។

ក្រោយមក គេឃើញមានរថយន្តមួយគ្រឿងបានមកដឹកជនអ្នកបើករថយន្ត និងមានស្រ្តីម្នាក់គេស្គាល់ថា យាយម៉ៃ ចុះទៅដោះស្លាកលេខរថយន្តយកទៅ ហើយប្រាប់ប្រជាពលរដ្ឋថា នាំគ្នា វាយកញ្ចក់រថយន្តយកឈើទៅទុកតាមផ្ទះទៅចាំពេលស្ងប់ស្ងាត់គេនឹងមកប្រមូលទិញវិញ ដោយឲ្យតម្លៃ១គីឡូក្រាម៥ដុល្លារ ក៏ប៉ុន្តែប្រជាពលរដ្ឋមិនធ្វើតាម។

រហូតដល់ម៉ោង៧ព្រឹក គេឃើញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចស្នងការដ្ឋាននគបាលខេត្តយករថយន្តស្ទូចទៅស្ទូចរថយន្តល្មើសយកទៅរក្សាទុកនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចស្នងការដ្ឋាននគរបាលខេត្ត។

បើតាមមន្រ្តីនគបាលម្នាក់បានបង្ហើបឲ្យដឹងថា ប្រជាពលរដ្ឋបានឲ្យដឹងថា មានរថយន្តដឹកឈើឆ្លងកាត់ភូមិចំនួន៦គ្រឿង ឯណោះ នៅវេលាម៉ោង៣ទៀបភ្លឺ មានរថយន្តសាំយ៉ុង៣គ្រឿងដឹកឈើគ្រញូងឆ្ពោះទៅ ច្រករបៀងសំយ៉ោង ឆ្លងដែនចូលទៅប្រទេសវៀតណាម ហើយនៅវេលាម៉ោង៥ព្រឹកថ្ងៃទី១៥ ខែមិថុនា មានក្រុមយាយម៉ៃ ចេញ២គ្រឿង គឺម៉ាក ឡិចស៊ីស មួយគ្រឿង និងបាឡែនមួយគ្រឿង ចេញដល់ ព្រំដែន ច្រករបៀងសំយ៉ោង ចាប់ស្លាកលេខ ន.ប និងខ.ម លុះម៉ោង៦ព្រឹក មានរថយន្តក្រុមយាយម៉ៃ ដដែលមកមួយគ្រឿងទៀត បើកលឿនដូចហោះ ស្រាប់តែរេចង្កូតមកឆ្វេងបុកខឿនលូកាត់ថ្នល់ហោះទៅបុកដើមត្នោតកំពស់១ម៉ែត្រ ដួលរាបដល់ដី ក្រឡាប់ចូលក្នុងទឹកហាវថ្នល់តែម្តង ហើយបើគ្មានដើមត្នោតទប់ទេ គឺពិតជាបុកចំតូបលក់នុំបញ្ចុក នៅខាងមុខ៣ម៉ែត្រមិនដឹងថា គ្រោះថ្នាក់ប៉ុន្មាននាក់នោះទេ នៅក្នុងតូប និងខាងមុខតូបជាង២០នាក់ ភ័យស្រែកឆោឡោ រត់រកព្រះអាយូសគ្រប់គ្នា។

ប្រភពច្បាស់ការមួយទៀតបង្ហើបឲ្យដឹងថា ឈើគ្រញូងទាំងនេះគឺ ក្រុមយាយម៉ៃ ដឹកមកពីខេត្តឧត្តរមានជ័យ តាំងពីថ្ងៃទី១២ ខែមិថុនា ហើយមកកឺបនៅក្នុងខេត្តកណ្តាល រួចចាប់ស្លាកលេខ ខ.ម និង ន.ប ចេញមកខេត្តស្វាយរៀង ហើយបើមិនក្រឡាប់ទេនោះគឺពិតជាដឹកទៅប្រទេសវៀតណាមយ៉ាងរលូន ពេលក្រឡាប់ទើបបែកធ្លាយថា ពួកឈ្មួញបានដឹកឈើ ខុសច្បាប់តាំងពីបោះឆ្នោតរួចឯណោះ ក្នុងមួយយប់ៗគឺចាប់ពី៧គ្រឿង ទៅ១០គ្រឿង កាត់តាមក្រុងស្វាយរៀងឆ្ពោះទៅព្រំដែនច្រករបៀងសំយ៉ោង ឆ្លងដែនទៅប្រទេសវៀតណាម។

សូមរំលឹកផងដែរ កន្លងមកសមត្ថកិច្ចធ្លាប់ចុះបង្ក្រាបចាប់បានរថយន្តវៀតណាមដឹកឈើគ្រញូងជាង៣០តោន ចេញពីក្រុងស្វាយរៀងឆ្ពោះទៅ ព្រំដែនតាមច្រករបៀងសំយ៉ោងនេះ ហើយមានពាក់ពន្ធ័ជាមួយទាហាន ប្រធាន និងលោកអនុប្រធានប៉ុស្តិ៍វរៈការពារព្រំដែនច្រករបៀងសំយ៉ោងនេះតែម្តង ។

រហូតមកដល់ពេលនេះ ពុំទាន់ដឹងថា មានចំណាត់ការយ៉ាងទេ ស្រាប់តែមានករណីដដែលៗនេះ នៅច្រករបៀងសំយ៉ោងដដែលនេះទៀត៕ យឹម សុថាន


ចែករំលែក៖