ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញទៅសួរសុខទុក្ខសមាជិកសភាលោក Steve Scalise ដោយផ្ទាល់ ដល់មន្ទីរពេទ្យបន្ទាប់ពីការបាញ់ប្រហារ នៅឯកីឡដ្ឋានហ្វឹកហ្វឺនកីឡា បេ៊សបល នៅរដ្ឋវីជីញ៉ា។
ហេតុការបាញ់ប្រហារកើតឡើងព្រឹកព្រលឹម ថ្ងៃទី១៤ ខែមិថុនា បុរសម្នាក់ បានប្រើកាំភ្លើងបាញ់ប្រហារទៅលើក្រុមសមាជិកសភាអាមេរិកបក្សសាធារណរដ្ឋ ជាច្រើននាក់ ដែលកំពុងហ្វឹកហាត់ កីឡា Baseball នៅទីលានកីឡាមួយកន្លែង ជិតក្រុងវ៉ាស៊ីនតោន។ ការបាញ់ប្រហារធ្វើអោយមានមនុស្សរបួសច្រើននាក់ ក្នុងនោះមានសមាជិកសភាអាមេរិក ដ៏សំខាន់ម្នាក់ដែរ។ ជនរងគ្រោះ៥នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យ។
ការបាញ់ប្រហារកើតឡើងចំពេលសមាជិកសភាបក្សសាធារណរដ្ឋកំពុងហាត់វាយកីឡា Baseball ដើម្បីចូលរួមប្រកួតក្នុងទិវាមនុស្សធម៌ប្រចាំឆ្នាំនៅថ្ងៃព្រហស្បតិ៍១៥ មិថុនា។ ទិវាមនុស្សធម៌នេះ ធ្វើឡើងតាំងពីឆ្នាំ១៩០៩ម្ល៉េះ។ សមាជិកសភាបក្សសាធារណរដ្ឋមួយរូបដែលមានវត្តមាន ក្នុងហេតុការណ៍បាញ់ប្រហារថ្ងៃពុធនេះដែរ បានប្រាប់ថា ជនល្មើសបានបាញ់លោកស្ទីវ ស្កេលីស រួចហើយបន្តបាញ់មនុស្សច្រើននាក់ផ្សេងទៀត នៅកន្លែងកីឡានោះ។ ប៉ូលិស និងអង្គរក្សការពារសន្តិសុខសមាជិកសភា ដែលមានវត្តមាននៅទីនោះ បានតបតទៅជនល្មើសវិញ។ ជនល្មើសត្រូវបានប៉ូលិសចាប់ខ្លួន។ សូមបញ្ជាក់ដែរថា សមាជិកសភាអាមេរិកទទួលបានការការពារពីប៉ូលិសវិមានកាពីតូល។
ប្រធានាធិបតីដូណាល់ ត្រាំ បានប្រតិកម្មចូលរួមរំលែកទុក្ខសោកដល់សមាជិកសភា ក្រុមការងារ និងប៉ូលិសដែលរងរបួសក្នុងការបាញ់ប្រហារនេះ។ លោកត្រាំលើកឡើងថា សមាជិកសភាស្ទីវ ស្កេលីស របួសធ្ងន់ តែគាត់នឹងជាសះស្បើយ៕ ម៉ែវ សាធី