ព័ត៌មានទាន់ហេតុការណ៍៖

កុមារអាមេរិកជាង១.៣០០នាក់ស្លាប់ក្នុងមួយឆ្នាំៗដោយសារការប្រើប្រាស់កាំភ្លើង

ចែករំលែក៖

ការប្រើប្រាស់កាំភ្លើងដោយសេរីនៅ អាមេរិកជាកង្វល់យ៉ាងខ្លាំងដល់ពលរដ្ឋ អាមេរិក ព្រោះតែមិនមានច្បាប់គ្រប់គ្រងការប្រើប្រាស់កាំភ្លើង ដោយបានសម្លាប់ មនុស្សជាច្រើននាក់ក្នុង១ឆ្នាំៗ ពិសេសគឺ កុមារដែលមិនដឹងអី។

នៅពេលនេះដែរប៉ូលិសទីក្រុង Los Angeles បានដាក់បង្ហាញកាំភ្លើងគ្រប់ ប្រភេទចំនួន១.៦០០ដើម ដែលពលរដ្ឋ អាមេរិកស្ម័គ្រចិត្តយកទៅប្រគល់ឲ្យប៉ូលិស ដើម្បីដោះដូរយកបណ្ណទិញទំនិញដោយ អត់គិតថ្លៃ។

ក្នុងមួយឆ្នាំៗនៅអាមេរិកមានកុមារ ដល់ទៅ១.៣០០នាក់បានស្លាប់ និងជាង៦.០០០នាក់រងរបួសដោយសារតែការប្រើប្រាស់កាំភ្លើង។ នេះជាតួលេខស្រាវជ្រាវថ្មីបំផុតស្តីពីកុមាររងអំពើហិង្សាដោយសារកាំភ្លើងដែលបានប្រកាសកាលពីថ្ងៃទី១៩ ខែមិថុនា លើទស្សនាវដ្តី Pediatrics របស់ អាមេរិក។

ការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា ការស្លាប់ដោយសារកាំភ្លើងជាមូលហេតុធំទី៣ សម្រាប់កុមារនៅអាមេរិកដែលមានអាយុចាប់ពី១ឆ្នាំដល់១៧ឆ្នាំ។ ទី២គឺការប្រើប្រាស់កាំភ្លើងនៅក្នុងវ័យកុមារ ក៏បាន ធ្វើឲ្យកុមារស្លាប់ច្រើន និងការស្លាប់ធំទី១សម្រាប់កុមារអាមេរិកគឺគ្រោះថ្នាក់ចរា ចរណ៍។ គិតជាមធ្យមនៅអាមេរិក មានកុមារ ១៩នាក់រងការបាញ់សម្លាប់ ឬរងរបួសក្នុង មួយថ្ងៃៗនៅអាមេរិក។

កាលពីឆ្នាំ២០១៦ មានកុមារដល់ទៅ ៤,២ភាគរយក្រោមអាយុ១៧ឆ្នាំ ប្រឈម មុខផ្ទាល់ នឹងអំពើហិង្សាដោយសារកាំភ្លើង។ តាមការស្រាវជ្រាវយុវវ័យមានអាយុចាប់ពី១៣-១៧ឆ្នាំ និងកុមារជនជាតិភាគតិចប្រឈមនឹងការស្លាប់ខ្ពស់ដោយសារកាំ ភ្លើង ស្មើនឹង៨២ភាគរយ ក្នុងចំណោម កុមារដែលស្លាប់នៅអាមេរិក។

ចំណែកកុមារដែលមានវ័យជំទង់ស្លាប់ និងរបួសដោយសារតែកាំភ្លើងបានកើនឡើងខ្ពស់ជាង ១២ដងបើប្រៀបធៀបនឹងកុមារដែលមានអាយុចាប់ពី១-១២ឆ្នាំ ក្នុងនោះមានកុមារដើមកំណើតអាហ្វ្រិកស្លាប់ច្រើនជាងគេ។

អាមេរិក គឺជាប្រទេសដែលមានការ ប្រើប្រាស់កាំភ្លើងច្រើនជាងគេបំផុត ហើយមិនមានច្បាប់ហាមប្រាមពលរដ្ឋមិនឲ្យប្រើប្រាស់កាំភ្លើងនោះឡើយ ដោយសារតែការ ប្រើប្រាស់កាំភ្លើងជាប្រពៃណីរបស់អាមេរិក តាំងពីពេលបង្កើតទឹកដីអាមេរិកមក ម៉្លេះ។ កន្លងមកអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ាក៏បានស្នើច្បាប់គ្រប់គ្រង អាវុធដែរ តែមិនទទួលបានជោគជ័យឡើយដោយរងការប្រឆាំងពីគណបក្សសាធារណរដ្ឋ។

បច្ចុប្បន្នកាំភ្លើងជាង៣០០លានដើមគ្រប់ប្រភេទត្រូវបានពលរដ្ឋអាមេរិកប្រើប្រាស់៕ ម៉ែវ សាធី


ចែករំលែក៖