ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរិះគន់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំចាក់ស្តើងស៊ីក្រាស់ធ្វើឲ្យថ្នល់កៅស៊ូ១ខ្សែខូចខាតគ្មានអ្នកជួសជុល

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋ រួមទាំងមន្ត្រីរាជការ​មួយចំនួនធំនិយាយរិះគន់ថា ផ្លូវកៅស៊ូ១ខ្សែ ដែលតភ្ជាប់ពីផ្លូវលេខ៦២ ឆ្ពោះទៅកាន់ស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់រងការខូចខាតយ៉ាងដំណំដោយសារតែអំពើពុករលួយចាក់ស្តើងស៊ីក្រាស់ ធ្វើឲ្យរួចតែពីដៃគ្មានបច្ចេកទេស គ្មានការធានាគុណភាព គ្មានស្មារតីទទួលខុសត្រូវ គ្មានស្តង់ដារទើបផ្លូវនេះដែលមានអាយុកាលទើបតែជាងមួយឆ្នាំសោះរងការខូចខាតជាបណ្តើរៗគ្មានអង្គភាពណាជាអ្នកជួសជុលទាល់តែសោះ ។

លោក ជូ កុល្លា ប្រធានមន្ទីរសាធារណ ការ និងដឹកជញ្ជូនខេត្តកំពង់ធំបានឆ្លើយ ក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទឲ្យដឹងកាល ពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ថា ចំពោះបញ្ហាផ្លូវកៅស៊ូទៅកាន់ស្រុកទាំង ២ខាងលើនេះមិនមែនឋិតនៅក្រោមការ គ្រប់គ្រងនិងថែទាំរបស់មន្ទីរសាធារណ ការលោកនោះទេ ពោលគឺស្ថិតនៅក្រោមការថែទាំខាងមន្ទីរអភិវឌ្ឍន៍ជនបទ។

លោក មុំ ចែម ប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តកំពង់ធំបានប្រាប់ឲ្យដឹងនៅ រសៀលថ្ងៃដដែលដែរថា ផ្លូវ១ខ្សែខាងលើបានកសាងឡើងដោយក្រសួងអភិវឌ្ឍន៍ ជនបទដែលមានប្រវែង៦២គីឡូម៉ែត្រចាប់ពីផ្លូវជាតិលេខ៦២ចេញពីខេត្តកំពង់ធំទៅខេត្តព្រះវិហារដោយឆ្លងកាត់ស្រុកកំពង់ ស្វាយស្រុកប្រាសាទសំបូររហូតដល់ស្រុក សណ្តាន់ ហើយក៏ស្ថិតក្រោមការថែទាំរបស់ ក្រសួងដែរ។ បន្ទាប់ពីសាងសង់រួចអស់ រយៈពេលជាច្រើនខែមកផ្លូវនេះក៏រងការ ខូចខាតខ្លះៗហើយដែរ។ ជុំវិញបញ្ហាផ្លូវ ខូចនេះមិនមែនថាមន្ទីរមិនយកចិត្តទុក ដាក់នោះទេប៉ុន្តែវាស្ថិតនៅក្រោមការថែទាំ របស់ក្រសួង។ កន្លងមកកាលពីមុនចូលឆ្នាំខ្មែរដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋលោក សុខ លូ អភិបាលខេត្តកំពង់ធំបានបញ្ជាឲ្យមន្ទីររបស់លោកជួយលុបជង្ហុកខ្លះៗដើម្បីឲ្យប្រជាពលរដ្ឋរបស់យើងលោកធ្វើដំណើរសប្បាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរទៅប្រាសាទសំបូរព្រៃគុកបានស្រួលនោះមន្ទីររបស់លោកក៏បានយកកម្ទេចថ្មទៅចាក់លុបបានមួយ រយៈពេលខ្លីតែប៉ុណ្ណោះ។ ប៉ុន្តែផ្លូវខាងលើនេះខាងក្រសួងលោកមានគម្រោងថែទាំ នឹងចាប់ផ្តើមជួសជុលក្នុងឆ្នាំ២០១៧នេះហើយ។ហេតុដូច្នេះសូមបងប្អូនប្រជាពល រដ្ឋមេត្តាអធ្យាស្រ័យដោយរង់ចាំមួយរយៈពេលខ្លីប៉ុណ្ណោះនឹងបានធ្វើដំណើរងាយស្រួលវិញហើយ ។

ទន្ទឹមនឹងមតិបកស្រាយពីសំណាក់ លោក ចែម មុំ ប្រធានមន្ទីរអភិវឌ្ឍន៍ជន បទខេត្តកំពង់ធំក៏មានប្រភពព័ត៌មានពី ប្រជាពលរដ្នបានរិះគន់ថា ផ្លូវខូចតិចតួចមិន នាំគ្នាជួសជុសទេទាល់តែខូចខាតមាន លក្ខណៈទ្រង់ទ្រាយធំទើបដាក់សំណើទៅរាជរដ្ឋាភិបាល សុំលុយធ្វើគម្រោងថែទាំ ជួសជុលឡើងវិញ។ កក្តាទាំងនេះហើយដែលប្រជាពលរដ្នសំណូមពរឲ្យរាជរដ្នាភិបាលមេត្តាចុះមកមើលដោយផ្ទាល់ និង តាមដានរបាយការណ៍មន្រ្ដីគ្រាប់ល្ពៅទាំងនេះផងតើពិតឬមិនពិតកុំសូវជឿតែរបាយការណ៍ពេក ៕ ប៊ុន រិទ្ធី


ចែករំលែក៖