ខេត្តបាត់ដំបង៖ លោកសង្ឃមួយអង្គគង់នៅក្នុងវត្តដំរីស ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមាននិន្នាការគាំទ្រទៅរកគណបក្សប្រឆាំង និងជាសមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ហើយលោកសង្ឃនេះធ្លាប់បង្ហាញបង្ហោះតាមហ្វេសប៊ុកនូវរូបភាពកាន់កាំភ្លើងនិងកាន់ដាវសាំម៉ូរៃកន្លងមកនោះ បានរងការចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលខេត្តបាត់ដំបង កាលពីវេលាម៉ោង១២និង៣០នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នេះហើយ ក្រោមការអនុវត្តតាមដីការរបស់តុលាការខេត្តបាត់ដំបង ចោទប្រកាន់ពីបទរក្សាទុកអាវុធខុសច្បាប់។លោកសង្ឃព្រះនាមសុ ផាន្នី ព្រះជន្ម២៤ព្រះវស្សា មានស្រុកកំណើតនៅភូមិសិរីសុខា ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ។បន្ទាប់មក ត្រូវបានព្រះគ្រូចៅអធិការវត្តដំរីស ចាប់ផ្សឹក ប្រគល់ឱ្យសមត្ថកិច្ចយកទៅសាកសួរដើម្បីអនុវត្តតាមនីតិវិធីច្បាប់។សង្ឃនេះដែរ ពីមុនមកធ្លាប់គង់នៅក្នុងវត្តខ្នាចរមាស ឃុំខ្នាចរមាស ស្រុកថ្មគោល ក្រោយមកគេចព្រះកាយនិមន្តមកគង់នៅក្នុងវត្តដំរីស ក្រុងបាត់ដំបង បន្ទាប់ពីមានសកម្មភាពមិនគម្បីនិយាយប្រឆាំងរដ្ឋាភិបាល និងបង្ហោះរូបភាពកាន់កាំភ្លើង ដាវសាំម៉ូរ៉ៃតាមហ្វេសប៊ុកដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលនោះ។
បើតាមសេចក្តីរាយការណ៍ពីខេត្តបាត់ដំបងប្រាប់ឱ្យដឹងថា ខណៈដែលមានការចាប់បញ្ជូនជនសង្ស័យខាងលើមកដល់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងហើយនោះស្រាប់តែ នៅរសៀលថ្ងៃដដែលមានព្រះសង្ឃប្រហែល១០ទៅ២០អង្គបាននាំគ្នាមកតវ៉ានៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប្រឆាំងនិងការចាប់ខ្លួនជនសង្ស័យជាសង្ឃរូបនោះ។
សេចក្តីរាយការណ៍ដដែលឱ្យដឹងទៀតថា ជនសង្ស័យកំពុងស្ថិតក្នុងការសាកសួររបស់សមត្ថកិច្ច ក៏ប៉ុន្តែក្នុងអំឡុងចាប់ខ្លួនជនសង្ស័យសមត្ថកិច្ចមិនបានរកឃើញកាំភ្លើងដែលជនសង្ស័យលាក់ទុកបានថតកាន់បង្ហោះតាមហ្វេសប៊ុកនោះឡើយ។ជនសង្ស័យឆ្លើយសារភាពថាកាំភ្លើងនោះបានប្រគល់ឱ្យគេវិញហើយ។
សូមបញ្ជាក់ថា តាមច្បាប់វិន័យព្រះសង្ឃដែលប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យធ្លាប់បានលើកឡើងថា ព្រះសង្ឃមានសិទ្ធិបោះឆ្នោត មានសិទ្ធិគាំទ្រគណបក្សនយោបាយដែលខ្លួនស្រលាញ់ ក៏ប៉ុន្តែមិនអាចទៅចូលរួមធ្វើសកម្មភាពបាតុកម្មប្រឆាំងរដ្ឋាភិបាល ធ្វើសកម្មភាពនិមន្តឃោសនាតាមរយន្តម៉ូតូ ឱ្យគណបក្សនយោបាយនោះឡើយ។ការធ្វើសកម្មភាពបែបនោះចាត់ទុកថាជាការប្រព្រឹត្តខុសវិន័យសង្ឃ និងធ្វើឱ្យប៉ះពាល់និងវិស័យសាសនាជាខ្លាំង៕ សំ វិច្ឆិកា