នៅព្រឹកថ្ងៃទី១ខែកក្កដាប្រធានាធិបតីចិន លោកស៊ី ជីនពីង បានព្រមានហុង កុងថា មិនត្រូវធ្វើសកម្មភាពឌឺដងរដ្ឋាភិ បាលទីក្រុងប៉េកាំងនោះឡើយ។ ការប្រកាសខាងលើគឺក្នុងពេលដែលលោកចូលរួមខួប២០ឆ្នាំថ្ងៃដែលអង់គ្លេស សងកោះហុង កុងទៅឲ្យចិន (1-71997-1-7-2017)។
លោកស៊ី ជីនពីងបានប្រកាសថា «រាល់ការប៉ុនប៉ង បំផ្លាញសន្តិសុខជាតិ អធិបតេយ្យភាពជាតិរបស់ចិន ឬប្រើប្រាស់កោះហុងកុងដើម្បីបំផ្លាញប្រឆាំងចិនដីគោក គឺជាសកម្មភាពឆ្លតផុតបន្ទាត់ក្រហម មិនអាចទទួលយកបានទេ ហើយចិននឹង មានវិធានការតបតវិញ»។
ច្បាប់មូលដ្ឋាននៅកោះហុងកុងគឺមានសិទ្ធិសេរីភាព ក្នុងរយៈពេលតែ៥០ឆ្នាំ ប៉ុណ្ណោះ គិតចាប់ពីឆ្នាំ១៩៩៧មក។ បន្ទាប់ពីនោះ ហុងកុង មិនអាចគ្រប់គ្រង ដោយស្វយយ័តនោះឡើយ គឺគ្រប់យ៉ាង អនុវត្តទៅតាមរដ្ឋបាលដឹកនាំរបស់ទីក្រុងប៉េកាំង។
ការប្រកាសខាងលើរបស់លោកស៊ី ជីនពីង បានបង្កជាក្តីបារម្ភយ៉ាងខ្លាំង ដល់ ក្រុមអ្នកនយោបាយសេរីនៅកោះហុង កុង ពីការជ្រៀតជ្រែក កាន់តែជ្រៅនៅកោះហុង កុង។
ការប្រកាសតឹងតែងជាមួយហុងកុង ពីសំណាក់រដ្ឋាភិបាលចិន ដោយសារតែ ចិនព្រួយបារម្ភពី ចរន្តប្រជាធិបតេយ្យនៅលើកោះនេះអាចឈានទៅរកការទាមទារឯករាជ្យទៅជាប្រទេសមួយ ផ្តាច់ចេញពី ចិន ឬ ជាតំបន់គ្រប់គ្រងស្វយយ័តដូចជាកោះតៃវ៉ាន់ ។ចំណុចទាំងនោះហើយបានជានៅក្នុងខួបគម្រប់២០ឆ្នាំ ចិនបានបង្ហាញពីសមត្ថភាពកម្លាំងយោធា ឲ្យពលរដ្ឋហុង កុងបានដឹង។ រថក្រោះបាញ់មីស៊ីល និងឧទ្ធម្ភាគចក្រចម្បាំងជាច្រើនគ្រឿង ត្រូវ បានគេយកមកតម្រៀបគ្នាជាជួរត្រង់ភ្លឹង ដើម្បីទទួលលោកស៊ី ជីនពីង។ ក្រសួងការ ពារជាតិចិន បានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងផលិតនៅចិន ដើម្បីមកអបអរពិធី នេះដែរ។
កងទ័ពដែលចូលរួម មានទាំងកងទ័ព អាកាស កងទ័ពជើងទឹក និងកងទ័ពជើង គោក ដែលសុទ្ធតែជាកងទ័ពរណសិរ្យ រំដោះចិនប្រជាមានិត។ ជាផ្លូវការនៅហុង កុង កម្លាំងទ័ពគឺសុទ្ធតែជាទ័ពមកពីចិនដីគោក។ កន្លងមក គេមិនដែលឃើញកងទ័ព នេះ ធ្វើសកម្មភាពអ្វីដើម្បីបង្អួតសម្ញែញឲ្យធំដុំទេ ព្រោះរដ្ឋាភិបាលទីក្រុងប៉េកាំង ដឹង ថា ប្រជាជនហុងកុងមានការយល់ឃើញ ផ្សេង មិនដូចប្រជាជនចិនដីគោកទេ។ អ្នកហុងកុង គេមានវប្បធម៌ប្រជាធិបតេយ្យ ហើយគេមិនចូលចិត្តការសម្ញែញកម្លាំង ទ័ពឡើយ។
ប៉ុន្តែ គ្រានេះ រដ្ឋាភិបាលចិនប៉េកាំងចង់ ឆក់ឱកាស បុណ្យខួប២០ឆ្នាំនេះ ដើម្បី បង្ហាញប្រាប់ពីអំណាច និងភាពអស្ចារ្យ ភាពជោគជ័យ នៃការដឹកនាំរបស់បក្សកុម្មុយនីស្តចិនប៉េកាំង។ គេចង់បង្ហាញ ឲ្យប្រជាជននៅហុងកុង ដឹងថា មានតែបក្សកុម្មុយនីស្តិចិនប៉េកាំងតែមួយប៉ុណ្ណោះ ដែលមានសមត្ថភាព មានកងទ័ព ដើម្បី ការពារសន្តិសុខ ស្ថិរភាព របស់ដែនដី ហុងកុង ក៏ដូចជាទឹកដីចិនទាំងមូល។ ព្រមជាមួយគ្នានេះ វាក៏ជាសញ្ញាប្រាប់ទៅក្រុមប្រឆាំងនៅហុងកុង ថាបើក្នុងករណី មានការតវ៉ាបង្កអស្ថិរភាពនោះកងទ័ពចិនដីគោក អាចធ្វើអន្តរាគមន៍គ្រប់ពេល ឲ្យតែ ប៉េកាំងបញ្ជា។
សូមរំលឹកផងដែរថា មហាបាតុកម្មឆត្រ ពណ៌លឿង កាលពីឆ្នាំ២០១៤ មិនបាន ទទួលផលអ្វីសោះ ក៏ប៉ុន្តែវាក៏បានបង្ហាញប្រាប់រដ្ឋបាលក្រុងប៉េកាំង ឲ្យដឹងពីកម្លាំង តវ៉ារបស់យុវជនហុងកុងដែរ។ មកដល់ ពេលនេះ បើយោងតាមសម្តីរបស់លោក ឡាំ ណាថាន់ យុវជនប្រជាធិបតេយ្យហើយដែលបានក្លាយជាតំណាងរាស្ត្រវ័យក្មេង របស់ហុងកុងនោះ បាននិយាយថា សកម្មជនប្រឆាំង នៅតែមានសន្ទុះខ្លាំង ដដែល។
មួយរយៈចុងក្រោយនេះ ពួកគេបាន ទទួលការធ្វើទុក្ខបុកម្នេញច្រើនពីសំណាក់អាជ្ញាធរ។ នៅឆ្នាំ២០១៥ ម្ចាស់រោងពុម្ព និងបណ្ណាគារ ៥នាក់បានបាត់ខ្លួនយ៉ាង ចម្លែក។ តាមការសង្ស័យពួកគេត្រូវបានគេចាប់យកទៅកសាង ឬធ្វើទារុណកម្ម ដោយហេតុថាពួកគេ បានចែកចាយលក់ សៀវភៅ ដែលមាននិន្នាការរិះគន់ ថ្នាក់ ដឹកនាំចិនប៉េកាំង។ ក៏ប៉ុន្តែការធ្វើទុក្ខបុក ម្នេញ ទៅលើអ្នករិះគន់ ក៏មានន័យថា វាបានបង្កើនទឹកចិត្តមិនពេញចិត្តបក្សកុម្មុយនីស្តចិន ឲ្យកើនកាន់តែខ្លាំង ទៅតាមនោះដែរ។
កម្មវត្ថុចម្បងនៃការតវ៉ា គឺការធ្វើកំណែទម្រង់ប្រជាធិបតេយ្យហុងកុង។ យោង តាមកិច្ចព្រមព្រៀង គ្នា កាលពីឆ្នាំ១៩៩៧ រវាងចិន នឹងអង់គ្លេស គឺចិនត្រូវតែធានាឲ្យហុងកុងមានរបបគ្រប់គ្របបែបប្រជាធិបតេយ្យ មានការគោរពសិទ្ធិសេរីភាពជាមូលដ្ឋាន រហូតដល់ឆ្នាំ២០៤៧។ ត្រង់នេះ ហើយ ដែលធ្វើឲ្យប្រជាជនហុងកុងទាមទារឲ្យពួកគេអាចបោះឆ្នោតជ្រើសរើសថា្នក់ដឹកនាំរដ្ឋាភិបាលហុងកុង ដោយផ្ទាល់។
រដ្ឋាភិបាលប៉េកាំង បានយល់ព្រម ក៏ ប៉ុន្តែបានទាមទារ ថាបេក្ខជន ត្រូវតែមាន គណៈកម្មការត្រួតពិនិត្យមួយ ជាអ្នកបញ្ជូន ឈ្មោះបេក្ខជន។ គណៈកម្មការនោះ គឺវាច្បាស់ណាស់ ថាជាផ្នែកមួយនៃអង្គការ មជ្ឈិមបក្សកុម្មុយនីស្តចិន។ ប្រការនេះ បានធ្វើឲ្យសកម្មជនប្រជាធិបតេយ្យ នៅ តែមិនពេញចិត្តដដែល ព្រោះ បោះឆ្នោត ដោយផ្ទាល់គ្មានន័យទេ បើបេក្ខជនឈរ ឈ្មោះ គឺបក្សកុម្មនីស្តចិន ជាអ្នកចាត់តាំង ជាដដែល។ ពួកគេមិនមែនត្រឹមតែទាមទារឲ្យចិនគោរពលទ្ធិប្រជាធិបតេយ្យនៅហុងកុងទេ គឺ ពួកគេ កំពុងទាមទារឲ្យហុងកុងមានឯករាជ្យតែម្តង។
សម្រាប់ពេលនេះ ចិនប៉េកាំង ហាក់ ប្រកាន់គោលជំហររឹង មិនចង់បន្ទន់ទៅ តាមការតវ៉ាទេ។ បញ្ហាចោទគឺថា ចលនា តវ៉ាដើម្បីប្រជាធិបតេយ្យ របស់យុវជន ហាក់ត្រូវបានរដ្ឋាភិបាលចិន ចាត់ទុកថា ជាកូនក្មេង មិនមានកម្លាំងនយោបាយធំដុំ ទៅចរចាជជែកជាមួយថ្នាក់ដឹកនាំចិនទេ។ រីឯរដ្ឋាភិបាលហុងកុងវិញ គឺគ្មាននរណា ហ៊ានតវ៉ាអ្វីជាមួយចិនឡើយ។ ក្រុមយុវជន ត្រូវការឲ្យមានការគាំទ្រ ពីអ្នកនយោបាយ ចាស់ៗនៅហុងកុងដែរ ហើយក៏ត្រូវពិចារ ណារកយុទ្ធសាស្ត្រ ដើម្បីដាក់សម្ពាធលើប៉េកាំង។ សម្រាប់ពេលនេះ គឺមានតែបាតុ កម្មតវ៉ា តាមផ្លូវប៉ុណ្ណោះ ដែលជាមធ្យោ បាយ៕ ម៉ែវ សាធី