ព័ត៌មានទាន់ហេតុការណ៍៖

លោកអនុសេនីយ៍ឯកម្នាក់នៅអង្គភាពលេខ៦កំពុងបើកដៃឲ្យពលករ និងឈ្មួញធ្វើចរាចរឈើគ្រញូងនៅច្រកខ្លួនគ្រប់គ្រង

ចែករំលែក៖

ខេត្តឧត្តមានជយ័: លោកអនុសេនីយ៍ឯកនៅអង្គភាពលេខ៦ម្នាក់ ឈ្មោះសើរ ប្រចាំការនៅតំបន់ច្រករបៀងក្បាលទន្សោង ក្នុងភូមិទំនប់លើ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តមានជយ័ កំពុងល្បីថា បានបើកដៃឲ្យពលរដ្ឋឆ្លងដែនចូលទឹកដីថៃខុសច្បាប់ទៅលូចកាប់ឈើគ្រញូងនៅក្នុងទឹកដីថៃ និងឃុបឃិតឲ្យមេឈ្មួញចូលប្រមូលទិញធ្វើអាជីវកម្ម និងដឹកជញ្ជូនចេញអនាធិបតេយ្យនៅតំបន់ខ្លួនគ្រប់គ្រង។

សេចក្ដីរាយការបានឲ្យដឹងថា នៅល្ងាចថ្ងៃទី01 ខែកក្កដា ឆ្នាំ2017 គេបានប្រទះឃើញសកម្មភាពពលករកាប់ឈើគ្រញូងត្រឡប់មកពីប្រទេថៃវិញ យ៉ាងគគ្រឹកគ្រេង និងមានមេឈ្មួញស្រីប្លែកមុខជាជនជាតិវៀតណាម មកឈរជើង និងប្រមូលទិញឈើគ្រញូងដឹកតាមម៉ូតូពីជើងភ្នុំយកមកស្ដុបនៅផ្ទះកន្លែងលោកអនុសេនីយ៍ឯកខាងលើស្នាក់នៅរួចលើកដាក់លើរថយន្ដដឹកជញ្ជូនចូលមកទីរួមស្រុកអន្លង់វែង ហើយសកម្មភាពទាំងនេះ បានកើតមានរាល់ថ្ងៃជាច្រើនឆ្នាំមកហើយ ដែលលោកអនុសេនីយ៍ឯកឈ្មោះសើរ បានឃុបឃិតឲ្យកើតមានសកម្មភាពពលករឆ្លងដែន និងចរាចរណ៍ឈើគ្រញូងមកពីប្រទេសថៃ នៅក្នុងច្រករបៀងដែលខ្លួនបានគ្រប់គ្រងយូរលង់ណាស់មកហើយ។

សមត្ថកិច្ចបានឲ្យដឹងថា លោកអនុសេនីយ៍ឯកឈ្មោះសើរ នៅអង្គភាពកងពលលេខ៦ល្បីថា បានដេញថ្លៃច្រករបៀងមួយនេះពីអ្នកមានអំណាចបានផ្ដាច់មុខ គ្រប់គ្រងសេដ្ឋកិច្ចចរាចរឈើគ្រញូងនៅតំបន់នេះតែម្នាក់ឯង គ្មាននាក់ណាហ៊ានប៉ះពល់បានឡើយ។

ទោះជាពលរដ្ឋឆ្លងដែនទៅធ្វើសកម្មភាពលបលួចកាប់ឈើគ្រញូង ត្រូវបានទាហានថៃបាញ់សម្លាប់ ចាប់ខ្លួន និងបាត់ខ្លួនជាញឹកញាប់ក្ដីក៍គ្មាននាក់ណារវល់ឡើយគឺជាប់រវល់ប្រមូលប្រាក់ដាក់ហោប៉ៅ រកពេលទំនេគ្មាន។ ជុំវិញករណីខាងលើ ក្រុមការងារមិនអាចស្វែងរកការទំនាក់ទំនងដើម្បីសុំការបំភ្លឺពីលោកអនុសេនីយ៍ឯកឈ្មោះសើរ បានទេនៅថៃទី02 ខែកក្កដា ឆ្នាំ2017 រីឯលោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចលេខ៦ ក៏មិនអាចសុំការបំភ្លឺបានដែរ ព្រោះទូរសព្ទ័ចូលពីរដងគ្មាននាក់ទទួល ៕ ប៉ែន នួន


ចែករំលែក៖