ក្រុមហ៊ុនផលិតរថយន្ត របស់អាល្លឺម៉ង់ Volkswagen(VW) កាលពីថ្ងៃទី៥ ខែកក្កដា បានប្រកាសថា ក្រុមហ៊ុននេះបានវិលត្រឡប់ទៅកាន់អីរ៉ងវិញ ក្រោយរយៈពេល១៧ឆ្នាំ ដែលបានចាកចេញពីទីផ្សាររថយន្តដ៏សំខាន់នៅក្នុងប្រទេសនេះ។ ការដកចេញរបស់ក្រុមហ៊ុនអាល្លឺម៉ង់កើតឡើងក្រោយលោកខាងលិច ដាក់ទណ្ឌកម្មអីរ៉ង ហើយការវិលត្រឡប់ទៅវិញ ក្រោយបញ្ចប់ទណ្ឌកម្ម។
អ្នកគ្រប់គ្រងទីផ្សារអីរ៉ង់ របស់ក្រុមហ៊ុន VW លោក Andersundt Jensen បានឲ្យដឹងថា ក្រុមហ៊ុន នឹងតភ្ជាប់វិញនូវការលក់រថយន្តនៅក្នុងទីផ្សារប្រទេសអីរ៉ងនាខែសីហាខាងមុខ ក្រោយពេលក្រុមហ៊ុននេះ បានចុះកិច្ចព្រមព្រៀង នាំចូលជាមួយក្រុមហ៊ុនMammut Khodro របស់អីរ៉ង ។
តាមកិច្ចព្រមព្រៀង ដំបូង ក្រុមហ៊ុននឹងនាំរថយន្ត២ប្រភេទទៅកាន់អីរ៉ង គឺរថយន្ត Tiguan និង Passat ទៅលក់នៅក្នុងប្រទេសអីរ៉ងមុនគេ តាមតម្រូវការរបស់អតិថិជន អីរ៉ង ។ តាមការវាយតម្លៃរបស់រដ្ឋាភិបាលអីរ៉ង ក្នុងរយៈពេលយូរ នឹងមានរថយន្តប្រមាណ៣លានគ្រឿង ត្រូវបានចុះបញ្ជីប្រើប្រាស់ថ្មី នៅក្នុងប្រទេសនេះ ។ បច្ចុប្បន្ន មានរថយន្តប្រមាណ១លានគ្រឿង បានចុះបញ្ជីប្រើប្រាស់ ក្នុងមួយឆ្នាំៗ។
ក្រុមហ៊ុនVW បានចូលទៅក្នុងទីផ្សារប្រទេសអីរ៉ង ក្នុងអំឡុងឆ្នាំ១៩៥០ តែក្រោយមក ក៏បានដកខ្លួនចេញ ពីទីផ្សារនេះ នៅឆ្នាំ២០០០ ដោយសារតែអីរ៉ង រងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិពាក់ព័ន្ធនឹងកម្មវិធីបរមាណូ។ ពេលនេះដែរ ក្រុមហ៊ុននៅអឺរ៉ុបជាច្រើន បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទីផ្សារក្នុងប្រទេសអីរ៉ង់ ក្រោយវិស័យសេដ្ឋកិច្ចប្រទេសនេះត្រូវបានដោះចំណងនោះ។
សកម្មភាពរបស់ក្រុមហ៊ុន អាល្លឺម៉ង់ កើតឡើង មួយថ្ងៃបន្ទាប់ពីក្រុមហ៊នប្រេងដ៏ធំរបស់បារាំង TOTALបានចុះកិច្ចព្រមព្រៀង ទិញប្រេង ឧស្ម័នធម្មជាតិពីអីរ៉ង មានតម្លៃរាប់សិបពាន់លានដុល្លារ៕ ម៉ែវ សាធី