រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវេណេហ្ស៊ុយអេឡា លោក Nestor Reverol បានបញ្ជាក់ថា យន្តហោះរបស់ក្រុមហ៊ុនឯកជន មួយគ្រឿង ដឹកអ្នកដំណើរ៩នាក់បានជួបគ្រោះថ្នាក់ធ្លាក់កាលពីថ្ងៃទី៤ ខែកក្កដា នៅក្នុងរដ្ឋ Nueva Esparta ភាគខាងជើង ប្រទេសនេះ ។ អ្នកដំណើរទាំងអស់នៅលើយន្តហោះ ស្លាប់។
លោក Nestor Reverol បានបញ្ជាក់ថា យន្តហោះធុនតូច បានចុះបញ្ជីហោះហើរជាមួយក្រសួងគ្រប់គ្រង ដែនអាកាសវេណេហ្ស៊ុយអេឡា ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើ កើតឡើងនៅជិតអាកាសយានដ្ឋានអន្តរជាតិ Simon Bolivar ក្នុងទីក្រុង Maiquetia ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើ កើតឡើងនៅវេលាម៉ោង ១៣ ថ្ងៃទី៤ ខែកក្កដា ។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ក្រុមជួយសង្គ្រោះ កំពុងស្វែងរកយន្តហោះ និងជនរងគ្រោះ។ ក្រុមជួយសង្គ្រោះជាង ១០០នាក់ មកពីកម្លាំងការពារជាតិ ក៏បានចូលរួមនៅក្នុងសកម្មភាព ស្វែងរកនោះដែរ ។
ព័ត៌មានស្តីពី អត្តសញ្ញាណជនរងគ្រោះនៅលើយន្តហោះនោះ មិនទាន់ប្រកាសនៅឡើយទេ ។ ក្រុមអ្នកឯកទេសកំពុងតែបើកការស្រាវជ្រាវ ស្វែងរកមូលហេតុ បណ្តាលឲ្យគ្រោះថ្នាក់ខាងលើកើតឡើង៕ ម៉ែវ សាធី