ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានថៃចូលរួមរក្សាសន្តិសុខនៅក្នុងសវនាការកាត់ក្តីអតីតនាយករដ្ឋមន្ត្រីយីងឡាក់

ចែករំលែក៖

មេបញ្ជាការកងទ័ពជើងគោកថៃ ឧត្តមសេនីយ៍ Chalermchai Sitthisart បានប្រកាសថា កម្លាំងទាហាន នឹងចូលរួមជាមួយកម្លាំងប៉ូលិស ដើម្បីធានាសសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងសវនាការចុងក្រោយ កាត់ក្តី អតីត នាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត្រា ដែលនឹងត្រូវធ្វើឡើងនៅចុងខែកក្កដានេះ។

ការប្រកាសខាងលើរបស់មេទ័ពថៃ កើតឡើងក្នុងពេលដែលមានក្តីបារម្ភថា ក្រុមអ្នកគាំទ្រ លោកស្រី យីងឡាក់ អាចប្រមូលផ្តុំគ្នាធ្វើបាតុកម្ម អាចបង្កឲ្យមានអំពើហិង្សា អសន្តិសុខនៅក្នុងក្រុងបាងកក។

តាមគម្រោង នឹងមានការបើកសវនាការពីរលើកទៀត ពាក់ព័ន្ធរឿងក្តីលោកស្រី យីងឡាក់ ដែលរងការចោទប្រកាន់ ពីបទជំនួយតម្លៃទិញស្រូវអង្ករ ។ សវនាការទីមួយ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា និងលើកទីពីរ នៅថ្ងៃទី២១ ខែកក្កដា។

លោកស្រី យីងឡាក់ ទទួលរងការចោទប្រកាន់ ខ្វះការទទួលខុសត្រូវ ក្នុងការទប់ស្កាត់អំពើពុករលួយ ក្នុងកម្មវិធីជំនួយតម្លៃ ស្រូវ អង្ករ ពេលលោកស្រីកាន់តំណែងជានាយករដ្ឋមន្ត្រី។ ប្រសិនបើត្រូវតុលាការកាត់ទោសនោះ លោកស្រីយីងឡាក់ អាចនឹងត្រូវជាប់គុកជាច្រើនឆ្នាំ។

កន្លងមក រដ្ឋាភិបាលយោធាថៃ បានទាមទារឲ្យលោកស្រីសងសំណងជាទឹកប្រាក់ ៣៥ពាន់លានបាត (ជាង១ពាន់លានដុល្លារអាមេរិក) ដល់ការខាតបង់ ពីគោលនយោបាយរបស់លោកស្រីដល់ថវិកាជាតិប្រមាណ៥០០ពាន់លានបាត។

ការដាក់ពង្រាយកម្លាំងទាហាន ការពារ ដោយខ្លាចមានក្រុមបាតុករជាច្រើនប្រមូលផ្តុំគ្នាតវ៉ា រឿងក្តីរបស់លោកស្រី យីងឡាក់ ។ បើទោះបីលោកស្រី យីងឡាក់ បានបញ្ចប់ តំណែងដឹកនាំប្រទេស ដោយសារតែការធ្វើរដ្ឋប្រហារ តែពលរដ្ឋថៃមួយចំនួនធំ នៅតែគាំទ្រលោកស្រីយ៉ាងខ្លាំង ពិសេសគឺពលរដ្ឋនៅតាមបណ្តាខេត្ត អ្នកស្រែចំការ ដែលទទួលបានផលប្រយោជន៍ជាច្រើន ពីគោលនយោបាយរបស់លោកស្រី ក្នុងជីវភាពរស់នៅ។

កន្លងមក លោកស្រី យីងឡាក់ បានប្រកាសថា លោកស្រីនឹងមិនចាកចេញពីប្រទេសរបស់ខ្លួននោះឡើយ គឺត្រូវតស៊ូនៅក្នុងតុលាការដលទីបញ្ចប់ ។ លោកស្រីធ្លាប់បានលើកឡើងថា ការជួយដល់ពលរដ្ឋ គឺមិនមានអ្វីខុសច្បាប់នោះឡើយ។

ចំណែករដ្ឋាភិបាល គាំទ្រដោយយោធា ឬដឹកនាំដោយយោធាវិញ តែងតែបរាជ័យនៅក្នុងការបោះឆ្នោតជាតិ តាំងពីជំនាន់អតីតប្រធានាធិបតីថាក់ស៊ីន ស៊ីណាវ៉ាត្រា រហូតដល់លោកស្រីយីងឡាក់។ ទាំងនោះហើយ ទើបរដ្ឋាភិបាលយោធា ទម្លាក់កំហុសទៅលើការដឹកនាំរបស់ត្រកូល ស៊ីនណាវ៉ាត្រា ដែលបានយកចិត្តពលរដ្ឋ តាមរយៈកម្មវិធីខាងលើ ទើបទទួលបានជ័យជំនៈក្នុងការបោះឆ្នោត ៕ ម៉ែវ សាធី


ចែករំលែក៖