សារព័ត៌មាន AFP នៅថ្ងៃទី១២ ខែកក្កដា បានផ្សាយថា ចំនួនពលរដ្ឋកូរ៉េខាងជើង ភៀសខ្លួន ទៅកាន់កូរ៉េខាងត្បូងថយចុះយ៉ាងខ្លាំង ក្នុងរយៈពេលពាក់កណ្តាលឆ្នាំ២០១៧នេះ ដោយសារតែកម្លាំងទាហានរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បង្កើនការយាមល្បាតតាមព្រំដែន ជាប់ប្រទេសចិន។
ក្នុងចំណោមពលរដ្ឋ ដែលព្យាយាម ភៀសខ្លួន គឺត្រូវបានដឹងជាមុនដល់ទៅ៨៥ភាគរយ ដោយសារតែ នៅពេលដែលអវត្តមាននៅកន្លែងធ្វើការ កន្លែងស្នាក់នៅ គឺត្រូវបានដឹងភ្លាម។ តាមរបាយការណ៍របស់មជ្ឈមណ្ឌលឯកភាពជាតិកូរ៉េត្បូង បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៥មក កូរ៉េខាងជើងបានបង្កើនការយាមល្បាតតាមព្រំដែន និងដាក់របងតាមបណ្តោយដងទន្លេ Tumen ជាប់ព្រំដែនប្រទេសចិន។
សារព័ត៌មាន AFP បានដកស្រង់សម្តីមន្ត្រីកូរ៉េខាងត្បូង បញ្ជាក់ថា ការដែលទីក្រុងព្យុងយ៉ាង បង្កើនការយាមល្បាតតាមព្រំដែន និង ត្រួតពិនិត្យយ៉ាងតឹងតឹង ពីកន្លែងស្នាក់នៅរបស់ពលរដ្ឋ បានជួយកាត់បន្ថយ ចំនួនពលរដ្ឋភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង។
តំបន់ DMZ គឺជាតំបន់ស បែងចែកទឹកដី កូរ៉េខាងជើង និងកូរ៉េខាងត្បូង និងជាតំបន់ដែលមានទាហានការពារ ច្រើនបំផុតលើពិភពលោក ។ ពលរដ្ឋកូរ៉េខាងជើង បើចងភៀសខ្លួនទៅកាន់កូរ៉េខាងត្បូងនោះគឺត្រូវ តែភៀសខ្លួនទៅកាន់ប្រទេសចិនជាមុន ទើបអាចបន្តទៅកាន់កូរ៉េខាងត្បូងបាន។
ភាគច្រើនពលរដ្ឋកូរ៉េខាងជើង គឺចង់តែភៀសខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូងច្រើនជាង ប្រទេសណាទាំងអស់ ដោយសារតែ នៅទីនោះ ពួកគេមានការរស់នៅល្អប្រសើរជាង ក៏ដូចជាមានវប្បធម៌ ភាសានិយាយដូចគ្នា ងាយស្រួលក្នុងការរស់នៅ។ មួយវិញទៀត រាល់ពលរដ្ឋកូរ៉េខាងជើង ដែលបានភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង នោះគឺទទួលបានសិទ្ធិរស់នៅស្រប់ច្បាប់ ដូចពលរដ្ឋកូរ៉េខាងត្បូង និងទទួលបានការមើលថែយ៉ាងល្អ ពីរដ្ឋាភិបាលទៀតផង។
កន្លងមករដ្ឋាភិបាលកូរ៉េខាងត្បូង បានលើកទឹកចិត្ត ដល់ពលរដ្ឋកូរ៉េខាងជើង ដែលបានភៀសខ្លួនចូលដល់ទឹកដីកូរ៉េខាងត្បូង ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់ទីកន្លែងរស់នៅយ៉ាងសុខសាន្ត ។
កន្លងមកថ្មីៗ ទាហានយាមវិមានរបស់គីម ជុងអ៊ុនបានភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង ផងដែរ ដោយសារតែ ទាហានរូបនោះធ្លាប់ រស់នៅកូរ៉េខាងត្បូង មុនពេលចូលបម្រើការក្នុងជួរកងទ័ព៕ ម៉ែវ សាធី