ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ទោះបីចំនួនពលរដ្ឋ គាំទ្ររូបលោកក្នុងរយៈពេល៦ខែកាន់ អំណាចបានធា្លក់ចុះក្តី តែមិនមែនជារឿង អាក្រក់នោះឡើយ។ នៅក្នុងការស្ទង់មតិថ្មីបំផុតបានបង្ហាញឲ្យឃើញថា ពលរដ្ឋគាំទ្រ លោក ត្រាំ ធ្លាក់ចុះទាបបំផុតក្នុងប្រវត្តិសាស្ត្រ ចាប់តាំងពីការស្ទង់មតិត្រូវបានធ្វើឡើង តាំងពីឆ្នាំ១៩៤០។
តាមលទ្ធផលស្ទង់មតិនាពេលថ្មីបំផុត របស់បណ្តាញព័ត៌មាន Washington Post និង ABC News បានបង្ហាញឲ្យឃើញថា ក្នុងចំណោមពលរដ្ឋអាមេរិក៣៦ភាគរយដែលបានសួរពាក់ព័ន្ធនឹងការកាន់អំណាចរបស់លោក ត្រាំ ក្នុងរយពេល៦ខែកន្លង មក ក្នុងនោះមានពលរដ្ឋដល់ទៅ៥៨ភាគ រយ មិនពេញចិត្តនឹងការដឹកនាំរបស់លោក ត្រាំ។ ចំណែកពលរដ្ឋគាំទ្រវិញមានតែ៤២ភាគរយប៉ុណ្ណោះ គឺជាចំនួនទាបបំផុត។
តាមសារព័ត៌មាន Independent បាន ផ្សាយថា លទ្ធផលស្ទង់មតិខាងលើ បាន បង្ហាញពីការគាំទ្រទាបបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រប្រធានាធិបតីអាមេរិក ចាប់តាំងពីកម្មវិធីស្ទង់មតិបានបង្កើតឡើងនៅឆ្នាំ១៩៤០។
កន្លងមកក៏មានអតីតប្រធានាធិបតី អាមេរិក ដែលមានការគាំទ្រធ្លាក់ចុះទាប បំផុតក្នុងរយៈពេល៦ខែកាន់អំណាច គឺអតីតប្រធានាធិបតី Gerald Ford មាន ពលរដ្ឋគាំទ្រលោកតែ៣៩ភាគរយប៉ុណ្ណោះនៅក្នុងឆ្នាំ១៩៧៥។
ក្រោយពេលស្ទង់មតិបង្ហាញថា លោក ត្រាំ មានការគាំទ្រធ្លាក់ចុះនោះ លោកបាន ប្រកាសតាមបណ្តាញ Twitter របស់ លោក ដោយរិះគន់ថាការស្ទង់មតិនោះមិនមានតម្លាភាព។ លោក ត្រាំ បានបញ្ជាក់ថា «បើទោះបីមានសំឡេងគាំទ្រ ៤០ភាគរយ ក៏មិនមែនជាតួលេខអាក្រក់បំផុតនោះដែរនាពេលបច្ចុប្បន្ន។ ប៉ុន្តែរាល់ការស្ទង់មតិ របស់បណ្តាញព័ត៌មាន ABC និង Washingtonpost នៅពេលបោះឆ្នោត គឺខ្វះការ ពិត»។
តាមក្រុមអ្នកឯកទេសភាគច្រើនបញ្ជាក់ ថា ការធ្លាក់ចុះដោយសារមូលហេតុមួយ ចំនួនក្នុងនោះមានទំនាក់ទំនងរបស់ក្រុមការងារលោក ត្រាំ មានកូនរបស់លោកផង ដែរជាមួយភាគីរុស្ស៊ី។ ក្រៅពីនេះនៅមានគោលនយោបាយពាក់ព័ន្ធនឹងជនអន្តោ ប្រវេសន៍នៅអាមេរិក។
ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ លោក ត្រាំ ខិតខំធ្វើឲ្យពលរដ្ឋអាមេរិកគាំទ្រមកវិញតាមរយៈដំណើរទស្សនកិច្ចទៅក្រៅប្រទេសពង្រឹងទំនាក់ទំនងជាមួយ ប្រទេសជាមិត្ត ក៏ដូចជាចុះកិច្ចព្រមព្រៀងលក់អាវុធជាដើម៕ ម៉ែវ សាធី