ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំ នៅអឺរ៉ុប ៥ ប្រទេសចូលរួមជួយពន្លត់

ចែករំលែក៖

ភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំ កើតឡើង នៅក្នុងប្រទេសក្រូអាត ស្ថិតនៅតំបន់ភាគកណ្តាល អឺរ៉ុប បង្កក្តីបារម្ភយ៉ាងខ្លាំងពីការរាលដាលដល់ប្រទេសជិតខាង ។ ប្រទេសជាច្រើន ក្នុងតំបន់ក៏បានចូលរួម ដើម្បីគ្រប់គ្រងស្ថានភាពអគ្គីភ័យ ។

បច្ចុប្បន្ន មានភ្លើងឆេះព្រៃកើតឡើងចំនួន១២កន្លែង នៅក្នុងប្រទេសកូ្រអាត នៅក្រុង Split ដែលជាទីក្រុងធំលំដាប់ទី២ ហើយជាតំបន់ទាក់ទាញដល់ភ្ញៀវទេសចរមកកម្សាន្តផងដែរ ។

មានរថយន្តមួយចំនួនត្រូវបានភ្លើង ឆាបឆេះ ហើយមជ្ឈមណ្ឌល លក់ទំនិញមួយត្រូវបានជម្លៀស ពលរដ្ឋចេញ ពីតំបន់ជាយក្រុង Split ដោយសារផ្សែងបានភាយចេញពាសពេញតំបន់ទាំងនោះ ។

គេហទំព័រព័ត៌មាន របស់អង់គ្លេស Skynewsបានចុះផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ថា ករណីភ្លើងឆេះព្រៃកំពុងែបង្កការឆេះរាលដាលខ្លាំង នៅតំបន់កណ្តាល និងភាគខាងត្បូងអឺរ៉ុបក្រុមពន្លត់អគ្គីភ័យរាប់ពាន់នាក់ នៅក្នុងប្រទេសចំនួន៥កំពុងតែព្យាយាមពន្លត់ ។

តាមការប៉ាន់បឋម ប្រមាណផ្ទៃដីប្រមាណ៤.៥០០ហិកតា ត្រូវបានបំផ្លាញទាំងស្រុង ក្នុងនោះរាប់បញ្ចូលទាំង ផ្ទះជាច្រើនខ្នង ។

ក្រុមពន្លត់អគ្គីភ័យ បានធ្វើការងាររបស់ពួកគេតាំងពីយប់ថ្ងៃចន្ទហើយភើ្លងដែលឆេះនោះមិន អាចទប់ស្កាត់ បានឡើយប៉ុន្តែមានតំបន់ខ្លះនៅក្នុងទីក្រុងនោះ នៅមានទឹក និងភ្លើងប្រើប្រាស់។

ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប តែងតែ រងគ្រោះដោយភ្លើងឆេះព្រៃជាញឹកញាប់ បណ្តាលមកពីមូលហេតុផ្សេងៗគ្នា ក្នុងនោះមាន កម្តៅក្តៅខ្លាំង ខ្យល់ខ្លាំងធ្វើឲ្យ ភ្លើងឆេះរាលដាលយ៉ាងឆាប់រហ័សពិបាកក្នុងការគ្រប់គ្រង៕ ម៉ែវ សាធី


ចែករំលែក៖