ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូរ៉ឺម៉កកង់បី និងម៉ូតូជិះលឿនជ្រុលបុកហ្វូងសត្វគោករបួស

ចែករំលែក៖

ភ្នំពេញ៖ សត្វគោមួយហ្វូងបានរត់ឆ្លងផ្លូវ ត្រូវបុរស២នាក់ជិះម៉ូតូរ៉ឺម៉កកង់បី និងម្នាក់ទៀតជិះម៉ូតូលឿន ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកបណ្តាលអោយរងរបួសទាំង២នាក់និងម៉ូតូកង់បីក្រឡាប់ ចំណែកគោ១ក្បាល ក៏បានដួលងើបមិនរួចផងដែរ។

ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវអូរដឹម កប់ស្រូវ ស្ថិតនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុម៉ូតូកង់បីដឹកទំនិញ ពាក់ស្លាកលេខភ្នំពេញ 1B-7826​ បានបើកបរធ្វើដំណើរក្នុងទិស ដៅពីជើងទៅត្បូង ចំណែកម៉ូតូម៉ាក ស៊ុយហ្ស៊ុយគីវីវ៉ាពណ៏ខ្មៅ ពាក់ស្លាកលេខ ច-8315 ភព1​ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានគោមួយហ្វូងរត់ឆ្លងផ្លូវពីលិចទៅកើត។បណ្ដាលឲ្យម៉ូតូទាំងពីរ គ្រឿងនោះវាក់ជាន់ហ្វ្រាំងមិនជាប់ ក៏បានបុកគោ ហើយខណៈនោះម៉ូតូង់បីបានក្រឡាប់ និងម៉ូតូវីវ៉ាបានដួល បោកទៅលើថ្នល់រងរបួសអ្នកបើកបរទាំងសង្ខាង ដោយឡែកមេគោ១ក្បាលដែលត្រូវម៉ូតូកង់បីបុកនោះ បានដួលងើបលែងរួចទៀតផង។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្ដិ៍សំរោងក្រោមបានចុះទៅកាន់កន្លែងកើតហេតុ ហើយបានបញ្ជូនជនរង គ្រោះទៅកាន់មន្ទីរពេទ្យ និងបាននាំយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្ដិ៍ ព្រមទាំងធ្វើ ការស្រាវជ្រាវរកម្ចាស់គោឲ្យចូលខ្លួនទៅទទួលខុសត្រូវលើហេតុការណ៏នោះផងដែរ៕ សុខាសែនជ័យ


ចែករំលែក៖