អតីតមេទ័ពថៃត្រូវបានកាត់ទោសជាប់ពន្ធនាគារ ដល់ទៅ២៧ឆ្នាំពីបទជួញដូរមនុស្ស ទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ ដោយការជួញដូរនោះជាប់ពាក់ព័ន្ធទាំងនយោបាយ យោធា និងប៉ូលិសថៃ។
សារព័ត៌មាន Bangkok Post បានផ្សាយថា អតីតមេទ័ព ថៃ លោក ManasKongpaenស្ថិតនៅក្នុងចំណោម មន្ត្រីយោធា ទាំង ៦២នាក់ត្រូវបានកាត់ទោស និងអ្នកពាក់ព័ន្ធ សរុប១០២នាក់ ត្រូវតុលាការកាត់ទោស កាលពីថ្ងៃទី ១៩ ខែកក្កដា។
អតីតមេទ័ពManasជាអ្នកទទួលបន្ទុកចាប់ខ្លួនជនភៀសខ្លួនខុសច្បាប់ ចូលទៅកាន់ ប្រទេសថៃ។ ការជួញដូរមនុស្សនៅក្នុងសម័យកាលទំនើប បានធ្វើឲ្យកក្រើកនយោបាយនៅក្នុងប្រទេសថៃ ដោយមានការចូលរួមពីយោធា អ្នកនយោបាយ ប៉ូលិស និង ពលរដ្ឋធម្មតា។
ហេតុការណ៍ខាងលើ ត្រូវបានលាតត្រដាង ក្រោយពេលប៉ូលិសថៃ បានរកឃើញ ផ្នូររួមនៅភាគខាងត្បូង ប្រទេសថៃ ហើយភាគច្រើនអ្នកស្លាប់កប់រួមនោះ ជាជនជាតិភាគតិច Rohingya មកពីប្រទេមីយ៉ាន់ម៉ា ។ ជនរងគ្រោះត្រូវបានឃុំខ្លួន រហូតដល់មានអ្នក ផ្តល់ប្រាក់ ទើបដោះលេង ឬលក់បន្តទៅឲ្យអ្នកផ្សេងធ្វើជាទាសករ។
ក្រោយពេលហេតុការណ៍ជួញដូរមនុស្ស ត្រូវបានលាតត្រដាង ដោយមានមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនចូលរួម ។ ហេតុការណ៍ខាងលើបានធ្វើឲ្យមន្ត្រីប៉ូលិស Paween Pongsirin អ្នកដឹកនាំស្រាវជ្រាវពីហេតុការណ៍ខាងលើ ត្រូវភៀសខ្លួនទៅកាន់ប្រទេសអូស្ត្រាលីដោយរងការគំរាមកំហែង ដោយសារតែ អ្នកមានអំណាចជាច្រើននៅក្នុងប្រទេសថៃចង់ឲ្យលោក បិទមាត់ ។
តុលាការទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១៩ ខែកក្កដា បានបើកសវនាការដោយប្រើរយៈពេលរហូតដល់ទៅ១២ម៉ោង ទើបសម្រេច ផ្ទន្ទាទោស ដោយតុលាការចោទប្រកាន់បទល្មើស១៣ផ្សេងគ្នា ក្នុងនោះមានបទស្មើស ឆ្លងព្រំដែន ចាប់ឃុំមនុស្សរហូតដល់ស្លាប់ និងរំលោភបំពានផ្លូវភេទ ជាដើម។
អ្នកដែល ត្រូវបានកាត់ទោសធ្ងន់បំផុត គឺជាប់ពន្ធនាគារ ដល់ទៅ៩៤ឆ្នាំ។ ក្រៅពីនេះ អ្នកនយោបាយថៃ ធ្លាប់ជាអតីតអភិបាលក្រុង ត្រូវបានកាត់ទោស ជាប់គុក ៧៥ឆ្នាំ និង ៧៨ឆ្នាំ ៕ ម៉ែវ សាធី