ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកាន់យកត្រូវរៀងៗខ្លួនក្នុងវិវាទធ្វើឲ្យឥណ្ឌា-ចិនមានសង្គ្រាម

ចែករំលែក៖

ស្ថានភាពវិវាទនៅតាមព្រំដែន ដីគោក រវាងឥណ្ឌា នឹងចិនបង្កក្តីបារម្ភកាន់តែខ្លាំងឡើង នៅពេល ដែលប្រទេសទាំងពីរបានប្រកាន់យកជំហរត្រូវរៀងៗខ្លួន ហើយ បង្កើនកម្លាំងទាហាន និងអាវុធទៅកាន់ ព្រំដែនទៀតផង។ សកម្មភាពខាងលើ ធ្វើឲ្យសហគមន៍អន្តរជាតិព្រួយបារម្ភយ៉ាងខ្លាំងពីសង្គ្រាមឥណ្ឌា-ចិន នៅតាមព្រំដែន អាចផ្ទុះឡើងសាជាថ្មី។

រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោកស្រី ស៊ូហ្សាម៉ា ស្វារ៉ាយ បាននិយាយថា ជំហរ របស់ឥណ្ឌា នៅក្នុងជម្លោះព្រំដែនជាមួយប្រទេសចិន ត្រូវបានទទួលការគាំទ្រពី សំណាក់អន្តរជាតិ។ ប៉ុន្តែ ប្រមុខការបរទេសឥណ្ឌាមិនបានបញ្ជាក់ឈ្មោះប្រទេស ដែលបានគាំទ្រឥណ្ឌានោះទេ។ លោកស្រី ស្វារ៉ាយ គ្រាន់តែបានលើកសរសើរដល់សេចក្តីក្លាហានរបស់ប្រទេសប៊ូតង់ ដែលបានចាត់វិធានការឆ្លើយតបយ៉ាងទាន់ហន់ និងមិនចុះចាញ់ប្រទេសយក្ស ជិតខាង ដូចជាចិន។

កាលពីថ្ងៃទី ២០ខែកក្កដា ឥណ្ឌាបាន អះអាងថា ខ្លួនបានទទួលការគាំទ្រពីអន្តរជាតិ នៅក្នុងរឿងបញ្ជូនទ័ពទៅខ្ទប់រារាំង សកម្មភាពសាងសង់ផ្លូវ ដែលចិនកំពុងធ្វើនៅលើខ្ពង់រាបដែលតវ៉ាទាមទារដោយ ប្រទេសប៊ូតង់។ តាមរដ្ឋមន្រ្តីការបរទេស ឥណ្ឌា សន្តិសុខជាតិរបស់ឥណ្ឌានឹងត្រូវ គំរាមកំហែង ប្រសិនបើចិនរំលោភចូលកាន់កាប់តំបន់ត្រីកោណ ដែលស្ថិតនៅចន្លោះ ប្រទេសប៊ូតង់ ឥណ្ឌា និងចិន។

រដ្ឋមន្រ្តីការបរទេសឥណ្ឌាចេញមុខ បញ្ជាក់ នៅថ្ងៃព្រហស្បតិ៍ ពីការគាំទ្ររបស់ អន្តរជាតិ បន្ទាប់ពីភាគីចិន អះអាងរួច ហើយថា ចិនបានទទួលការគាំទ្រពីអន្តរ ​ ជាតិ នៅក្នុងរឿងជម្លោះព្រំដែនជាមួយ ឥណ្ឌាលើកនេះ។ នៅថ្ងៃអង្គារ ទីក្រុងប៉េកាំងបានសម្ដែងការរន្ធត់ចិត្ត ដែលឃើញ កងទ័ពឥណ្ឌាចូលដោយខុសច្បាប់ទៅក្នុងតំបន់ជាប់ព្រំដែនចិន និងប្រទេសប៊ូតង់។

ចិន និងឥណ្ឌា ដែលនៅជាប់មានជម្លោះ ព្រំដែន ដ៏រ៉ាំរ៉ៃ បានប្រឈមមុខដាក់គ្នា សាជាថ្មី បន្ទាប់ពីកងទ័ពឥណ្ឌា កាលពីខែ មិថុនា កន្លងទៅ បានចូលទៅរារាំងសកម្មភាពសាងសង់ផ្លូវថ្នល់របស់ចិន នៅតាមព្រំ ដែនចិន ជាមួយប្រទេសប៊ូតង់។ ទីក្រុងញូវ ដេលី ជឿថា ការបញ្ជូនសម្ភារ និងគ្រឿង យន្តទៅសង់ផ្លូវ នៅលើខ្ពង់រាប ដែលចិន កំពុងជាប់មានជម្លោះជាមួយប៊ូតង់ គឺចិន កំពុងគ្រោងសំដៅផងដែរទៅ តំបន់ត្រី កោណ ដែលមានជាប់ព្រំដែនរវាងប្រទេសទាំងបី គឺឥណ្ឌា ចិន និងប៊ូតង់។

ប៊ូតង់ដែលជាកូនប្រទេសដ៏តូចមួយ ស្ថិតនៅចន្លោះចិន និងឥណ្ឌា បានតវ៉ា ជំទាស់ និងចាត់ទុកសកម្មភាពសាងសង់ផ្លូវរបស់ចិន ថា ជាការរំលោភដោយផ្ទាល់ទៅលើកិច្ចព្រមព្រៀងដែលចិនបានចុះកន្លង មកជាមួយប្រទេសប៊ូតង់។ ប៊ូតង់ដែលគ្មានទំនាក់ទំនងការទូតជាមួយប្រទេសចិន ជាសម្ពន្ធមិត្តគាំទ្រផ្តាច់មុខដោយរដ្ឋាភិបាលឥណ្ឌា៕ ម៉ែវ សាធី


ចែករំលែក៖