ព័ត៌មានទាន់ហេតុការណ៍៖

មានតែរុស្ស៊ី-ចិនប៉ុណ្ណោះទើបអាចស្វែងរកដំណោះស្រាយបញ្ចប់ភាពតានតឹងនៅឧបទ្វីបកូរ៉េ

ចែករំលែក៖

ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃទី ២០ ខែកក្កដា បានប្រកាសថា រដ្ឋលេខាធិការក្រសួងការបរទេសរុស្ស៊ីលោក Igor Morgulov និងរដ្ឋលេខាធិការក្រសួងការ បរទេសចិន លោក Kong zuanyou បាន ជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំងស្តីពីស្ថានភាពសន្តិសុខនៅតំបន់អាស៊ីភាគខាងជើង និងភាពតានតឹងនៅឧបទ្វីបកូរ៉េ។

នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់យ៉ាងច្បាស់ថា « ភាគីទំាងពីរបានជួបពិភាក្សា គ្នាជាសម្ងាត់ស្តីពីគោលនយោបាយនិងយោធា ក៏ដូចជាសន្តិសុខនៅក្នុងតំបន់ អាស៊ីភាគខាងជើង ព្រមទាំងវិធីសាស្ត្រ ដើម្បីកាត់បន្ថយភាពតានតឹងនៅឧបទ្វីប កូរ៉េ។ ភាគីទាំងពីរក៏បានបង្ហាញក្តីបារម្ភទៅលើសកម្មភាពបាញ់មីស៊ីលរបស់កូរ៉េខាងជើង និងបានឯកភាពគ្នាក្នុងការកែប្រែស្ថានភាពនៅឧបទ្វីបកូរ៉េ»។

ពាក់ព័ន្ធនឹងស្ថានភាពនៅកូរ៉េខាងជើងអង្គការស្បៀងអាហារកសិកម្មពិភពលោក FAO បានអំពាវនាវឲ្យផ្តល់ជំនួយជាបន្ទាន់ដល់កូរ៉េខាងជើង ក៏ដូចជាសម្ភារកសិកម្មដើម្បីជួយដល់កសិករកូរ៉េខាងជើងឲ្យឆ្លងផុតពីវិបត្តិគ្រោះរាំងស្ងួតទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរយៈពេល២ទសវត្សកន្លងមក។

តំណាងអង្គការ FAOប្រចាំនៅប្រទេស ចិន និងកូរ៉េខាងជើង លោក Vincent Martin បានបញ្ជាក់ថា ពិភពលោកចាំបាច់ត្រូវតែលូកដៃជាបន្ទាន់ដើម្បីជួយដល់ពលរដ្ឋដែលរងផលប៉ះពាល់។ បច្ចុប្បន្នពលរដ្ឋ កូរ៉េខាងជើងកំពុងតែប្រឈមនឹងគ្រោះអត់ឃ្លាននៅតាមតំបន់ជនបទ ដោយសារតែ ពួកគាត់មិនអាចបង្កបង្កើនផលបានដោយគ្រោះរាំងស្ងួត។ អង្គការពិភពលោកបង្ហាញក្តីបារម្ភយ៉ាងខ្លាំងថា អាចនឹងមានអ្នកស្លាប់ដោយសារតែគ្រោះអត់ឃ្លាននៅកូរ៉េខាងជើង។

កន្លងមកអង្គការកាកបាទក្រហមកូរ៉េខាងត្បូង ក៏បានស្នើឲ្យមានកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ស្តីពីជំនួបគ្រួសារបែក បាក់ និងផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើងវិញ៕ ម៉ែវ សាធី


ចែករំលែក៖