ក្នុងពេលបច្ចុប្បន្ននេះ កោះហាវៃកំពុងតែធ្វើសកម្មភាពបង្កើននូវផែនការជម្លៀសជនស៊ីវិល ក្នុងគោលបំណងត្រៀមខ្លួនការពារទុកមុនសម្រាប់ការវាយប្រហារ ដោយមីស៊ីលផ្លោងឆ្លងទ្វីបណាមួយ កើតឡើង។
មន្ត្រីគ្រប់គ្រងគ្រោះអាសន្នរដ្ឋហាវៃ ដែលជាទីតាំងមានទាហានអាមេរិកជាច្រើន ឈរជើង បាននិយាយថា សកម្មភាពដែលកំពុងរៀបចំធ្វើឡើងនេះ គឺគ្មានគោលដៅ បង្កើតឲ្យមានការរំខាន់ដល់ដំណើរសេដ្ឋកិច្ចជាប្រក្រតីក្នុងតំបន់ទេ ប៉ុន្តែគឺដើម្បីស្ថិតនៅដោយការត្រៀមខ្លួន ជាស្រេច ក្នុងពេលដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងកើតឡើងដូចបច្ចុប្បន្ននេះ។
សកម្មភាពរបស់អាមេរិក កើតឡើងក្រោយពេលដែលកូរ៉េខាងជើងបានសាកល្បង មីស៊ីលឆ្លងទ្វីបដោយជោគជ័យ អាចបំពាក់ក្បាលគ្រាប់បរមាណូវាយប្រហារនៅគ្រប់ទិសទីនៅលើទឹកដីអាមេរិក។
នៅពេលនេះដែរ កូរ៉េខាងជើង បានត្រៀមលក្ខណៈសាកល្បង កាំជ្រួចមីស៊ីលឆ្លងទ្វីប ចេញពីនាវាមុជទឹក ដែលជាគោលដៅសំខាន់បំផុត របស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ។ ការវាយប្រហារចេញពីនាវាមុជទឹក ដើរតួនាទីយ៉ាងសំខាន់នៅក្នុងយុទ្ធសាស្ត្រធ្វើសង្គ្រាមរបស់កូរ៉េខាងជើង ដែលអាចកាត់បន្ថយរយៈចម្ងាយវាយប្រហារទៅលើអាមេរិក។
គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានសន្និដ្ឋានថា មីស៊ីលរបស់កូរ៉េខាងជើង ដែល បាញ់ធ្វើតេស្ត កាលពីថ្ងៃទី០៤ ខែកក្កដា គឺជាមីស៊ីលមានរយៈចម្ងាយឆ្ងាយ ហើយមន្ត្រីហាវ៉ៃ បាន និយាយថា មីស៊ីលផ្លោងឆ្លងទ្វីបនេះ អាចវាយប្រហារមកដល់ ក្នុងរយៈពេល២០នាទី បន្សល់ទុកពេល១២ ទៅ១៥នាទី សម្រាប់ ព្រមានប្រាប់ និងជម្លៀស៕ ម៉ែវ សាធី