ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ត្រូវជនមិនស្គាល់មុខបាញ់ប្រហារនៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញៈយុវជនម្នាក់ត្រូវជនមិនស្គាល់មុខបាញ់ប្រហារទាំងកណ្តាលយប់បណ្តាលអោយស្លាប់យ៉ាងអណោចអធម្មកាលពី វេលាម៉ោង០០,៤៥នាទីឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ករណីនេះសមត្ថកិច្ចស្រុកកៀនស្វាយសន្និដ្ឋានជំហ៊ានដំបូងថាជាករណីឃាតកម្មបាញ់សម្លាប់ដើម្បីប្លន់យកម៉ូតូ ដោយឡែកសមត្ថកិច្ចខណ្ឌច្បារអំពៅសន្និដ្ឋានថាជាករណីទំនាស់ ។

ជនរងគ្រោះទាំង២នាក់ ទី១ឈ្មោះ វ៉ាន បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវជនសង្ស័យបាញ់ចំក្រោមក្លៀក១គ្រាប់ និងជនរងគ្រោះម្នាក់ទៀតមានឈ្មោះ ព្រុំ ដា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិតរាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ពុំមានត្រូវរបួសនោះទេ ។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូ១គ្រឿងឌុបគ្នា ម៉ាកMSX ពាក់ស្លាកលេខ កំពង់ស្ពឺ1I-0241
តាមប្រភពត៍មានពីនគរបាលស្រុកកៀនស្វាយដែលចុះទៅពិនិត្យសាកសពនៅផ្ទះជនរងគ្រោះបានអោយដឹងថា នៅវេលាម៉ោង៦ និង១០នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានមនុស្សស្លាប់ដោយករណីបាញ់សម្លាប់ ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយនគរបាលព្រហ្មទណ្ឌស្រុកនិងខេត្ត ចុះទៅដល់ផ្ទះជនរងគ្រោះ នៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ហើយក៏បានធ្វើការសួរនាំសាច់ញាតិនិងមិត្តភក្តិដែលដើរលេងជាមួយ ទើបដឹងថាករណីនេះជាករណីឃាតកម្ម ប៉ុន្តែកើតហេតុនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី២២ ខែកក្កដា នៅគ្រាដែលជនរងគ្រោះនិងមិត្តភត្តិជិះម៉ូតូមកពីដើរលេងហើយត្រឡប់ទៅផ្ទះវិញ ។

ប្រភពបានបន្តថា តាមការសន្ឋិដ្ឋានជុំហានដំបូងករណីនេះគឺជាករណីឃាតកម្មបាញ់សម្លាប់ដើម្បីប្លន់យកម៉ូតូតែយកមិនបានព្រោះជនរងគ្រោះមានគ្នាច្រើន ក្រោយពេលបាញ់ប្រហារហើយមានមិត្តភក្តិរបស់ជនរងគ្រោះជិះម៉ូតូមកតាមក្រោយ២-៣គ្រឿងទៀត ទើបធ្វើអោយជនសង្ស័យជិះម៉ូតូគេចខ្លួនចូលមកភ្នំពេញ ចំណែកជនរងគ្រោះត្រូវមិត្តភក្តិដឹកតាមម៉ូតូមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកកៀនស្វាយតែគ្រូពេទ្យប្រាប់ថាស្លាប់បាត់ហើយ ទើបមិត្តភក្តិដឹកយកមកផ្ទះ ហើយករណីក៍បែកធ្លាយដល់សមត្ថកិច្ចស្រុក ។

ពាក់ព័ន្ធករណីឃាតកម្មកណ្តាលរាត្រីនៅក្នុងទឹកដីខណ្ឌច្បារអំពៅនេះដែរលោកម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារព្រហ្មទណ្ឌបានអោយដឹងថា យោងតាមការសាកសួរមិត្តភក្តិរបស់ជនរងគ្រោះ ករណីនេះមិនមែនជាករណីបាញ់ប្លន់យកម៉ូតូនោះទេ អាចជាករណីជម្លោះច្រើនជាង ព្រោះភាគីខាងជនរងគ្រោះជិះម៉ូតូបំពាក់ភ្លើងឡាហ្សែបើកហ្វាបាញ់ ទៅលើភាគីខាងជនល្មើសជិះម៉ូតូ១គ្រឿងឌុបគ្នា២នាក់ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា ។ បន្ទាប់ពីចាំងភ្លើងឡាហ្សែ ជនល្មើសទាំង២នាក់បានបត់ម៉ូតូត្រឡប់ក្រោយមកសួរនាំជនរងគ្រោះទាំង២នាក់ ភ្លាមនោះក៍ដកកាំភ្លើងខ្លីពីចង្កេះបាញ់ចំនួន២គ្រាប់ត្រូវជនរងគ្រោះ១គ្រាប់ចំក្រោមក្លៀក រួចហើយជនសង្ស័យជិះគេចខ្លបាត់ ។

លោកអធិការរងបានបន្តថា បើជាករណីប្លន់វិញនោះប្រហែលជាជនសង្ស័យយកម៉ូតូរបស់ជនរងគ្រោះជិះទៅជាមួយហើយ មិនមែនបាញ់ប្រហារហើយគេចខ្លួននោះទេ ដូច្នេះតាមការសន្និដ្ឋានអាចជាករណីជម្លោះពាក្យសម្តីច្រើនជាង ហើយពត៍មាននេះទើបតែដឹងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែកក្កដា ពេលនេះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវដោយសហការជាមួយកម្លាំងនគរបាលខេត្តកណ្តាលដើម្បីបន្តការស្រាវជ្រាវ ៕ សណ្តោស


ចែករំលែក៖