ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់ព្យុះទឹកជំនន់ វាយប្រហារនៅតំបន់ជាច្រើនជុំវិញពិភពលោក បំផ្លាញទាំងទ្រព្យសម្បត្តិ និងអាយុជីវិត

ចែករំលែក៖

រដូវស្សាឈានចូលមកដល់តំបន់ជាច្រើននៅលើពិភពលោក ប្រឈមនឹងខ្យល់ព្យុះទឹកជំនន់វាយប្រហារ បណ្តាលឲ្យខូចខាត់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សជាច្រើន ។ តាមការប៉ុនប្រមាណពលរដ្ឋ ជិត១៤០លាននាក់ រងផលប៉ះពាល់ដោយគ្រោះធម្មជាតិនេះ។ បច្ចុបន្ននេះបណ្តាប្រទេសនៅអាស៊ី ដូចជា មីយ៉ាន់ម៉ា ថៃ កម្ពុជា ចិន ឥណ្ឌាបង់ក្លាដេស ជាដើម កំពុងរងនូវការវាយប្រហារ ដោយទឹកជំនន់បង្កឲ្យខូចខាតផ្ទះសម្តែង មនុស្ស សត្វ ដំណាំ ហេដ្ឋារចនាសម្ព័ន្ធនានាដែលត្រូវគេប៉ាន់ប្រមាណថា នឹងខូចខាតអស់រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក។

លោក Dewi Kirono អ្នកជំនាញអាកាសធាតុ នៃអង្គការស្រាវជ្រាវឧស្សាហកម្ម និងវិទ្យាសាស្រ្តនៃរដ្ឋ Commonwealth ប្រទេសអូស្រ្តាលី បានប្រាប់សារព័ត៌មាន CNN ថា ប្រទេសស្ថិតនៅក្នុងអាស៊ី ភាគខាងត្បូងកំពុងរងនូវទឹកភ្លៀងប្រមាណជា ១០០០មីលី្លម៉ែត្រក្នុងមួយឆ្នាំ ហើយក្នុងរយៈពេល៣០ឆ្នាំទៀត ចំនួនបរិមាណទឹកភ្លៀង និងកើនឡើងនៅអាស៊ីប្រហែល២០ភាគរយ ពេលនោះ ការខូចខាត់នឹងកាន់តែច្រើនឡើង។

នៅខេត្តភាគនិរតី នៃខេត្តជាំងស៊ី ប្រទេសចិន ទឹកជំនន់ឆ្នាំនេះ បានបណ្តាលឱ្យមានការខូចខាត និងការខូចខាតខាងសេដ្ឋកិច្ច ចំនួន ៤៣០ លានដុល្លារ។ នៅក្នុងខេត្តហ៊ូណាន ជិតខាងផ្ទះ ចំនួន ៥៣.០០០ ខ្នង ត្រូវបានបំផ្លាញហើយទឹកជំនន់មិនទាន់ បានស្រកវិញនៅឡើយ និងបណ្តាលឲ្យមនុស្ស ៩០នាក់ស្លាប់ និងបាត់ខ្លួន។

កន្លងមកព្យុះទីហ្វុង Haitang គឺជាព្យុះទីហ្វូងទី១០ នៅក្នុងឆ្នាំនេះ បានបោកបក់មកលើក្រុង Fuqing នៅខេត្ត Fujian ស្ថិតនៅភាគខាងកើតនៃប្រទេសចិន ។ កម្លាំងខ្យល់បក់ដែលមានល្បឿន ជាអតិបរិមា១៨ម៉ែត្រ ក្នុង១វិនាទី ព្យុះកំបុតត្បូង បានប្រែក្លាយពីព្យុះមួយក្នុងចំណោមព្យុះទី៩ Nesat ដោយបានបោកបក់ដូចគ្នា ។ ព្យុះទីហ្វុងមួយនេះ ក៏បានបង្កជាគ្រោះបាក់ដី នៅតំបន់ Pingtung នៅកោះតៃវ៉ាន់ ។

ព្យុះទីហ្វុងនីសាត (Nesat) ដែលជាព្យុះទីហ្វុងលើកទី៩ ហើយសម្រាប់ប្រទេសចិន បានវាយប្រហារបណ្ដាលឲ្យមានការបាក់ដី ស្ថិតនៅខេត្តហ្វូជាំង តំបន់ភាគអាគ្នេយ៍នៃប្រទេសចិន ។

យោងតាមការប្រភពព័ត៌មាន ពីភ្នាក់ងារឧតុនិយមចិន បានឲ្យដឹងថា ព្យុះទីហ្វុងនីសាត ដែលបានវាយប្រហារ ដោយកម្លាំងខ្យល់ប្រវែង ៣៣ម៉ែត្រក្នុង១វិនាទី នៅចំណុចកណ្ដាលរបស់វា បានបោកបក់ឆ្ពោះទៅកាន់ ទីក្រុងហ្វូជីងបន្ទាប់ពីធ្វើដំណើរកាត់កោះ ផីងតាន ។

ចំណែកឯប្រទេសមីយ៉ាន់ម៉ាវិញ ថ្មីៗនេះរូបភាពមួយកំពុងទទួលការចាប់អារម្មណ៍ខ្លាំង គឺចេតីយ៍មួយ ស្ថិតនៅចម្ងាយប្រមាណជា៥២០គីឡូម៉ែត្រ ពីទីក្រុងយ៉ាងហ្គន ត្រូវបានទឹកជំនន់ ជន់លិចកាលពីសប្តាហ៍មុន។ រដ្ឋបាលភិបាលមីយ៉ាន់ម៉ា បានផ្តល់ជំនួយដល់មនុស្សចំនួន១១៦៨១៧នាក់ ដែលបានផ្លាស់ប្តូរទីតាំង ដោយទឹកជំនន់។

សូមជម្រាបថា បណ្តាប្រទេសមួយចំនួនទៀតនៅអាស៊ី កំពុងរងនូវការវាយប្រហារដោយទឹកជំនន់ ដែលគេប៉ាន់ប្រមាណថា មានពលរដ្ឋ ជិត ១៤០លាននាក់ រងផលប៉ះពាល់។

ស្លាប់ និងបាត់ខ្លួន ជាង ៣០នាក់ ដោយគ្រោះទឹកជំនន់នៅវៀតណាម

គណៈកម្មាធិការទប់ស្កាត់គ្រោះមហន្តរាយវៀតណាម បានប្រាប់ដល់ស៊ិនហួ នៅថ្ងៃសុក្រនេះថាគ្រោះទឹកជំនន់បានកើតឡើងនៅតំបន់ ជួរភ្នំចំនួន៣កន្លែង ក្នុងអំឡុងពេល៣ថ្ងៃមកនេះ បណ្តាលឲ្យស្លាប់ពលរដ្ឋអស់៩នាក់ និង២៤នាក់ទៀតកំពុងបាត់ខ្លួន ។

គ្រោះទឹកជំនន់នេះបានបង្កឲ្យមាន អ្នករងរបួស១២នាក់នៅក្នុងតំបន់និងបានបំផ្លាញផ្ទះពលរដ្ឋជិត២០០ខ្នង និងបង្កឲ្យខូចខាតដល់ប្រព័ន្ធធារាស្ត្រចំនួន១៤៤កន្លែង បណ្តាញផ្លូវគមនាគមន៍ជាច្រើនត្រូវរងការខូចខាត និងបំផ្លាញដីស្រែរាប់រយហិកតា ។បង្កឲ្យខូចទ្រព្យសម្បត្តិ ប្រមាណ ៥៣៨.២ពាន់លានដុង ស្មើនឹង ២៣,៨លានដុល្លារ សហរដ្ឋអាមេរិក ។

ខេត្តចំនួន១០របស់ថៃ រងគ្រោះ ដោយសារទឹកជំនន់

ខេត្តចំនួន១០ នៅក្នុងប្រទេសថៃឡង់ដ៏ កំពុងរងគ្រោះដោយសារទឹកជំនន់ ដែលគ្រោះទឹកជំនន់ភាគច្រើន នៅតំបន់ប៉ែកឦសាន។ លោក ChatchaiPhromlertប្រធានទប់ស្កាត់ និងសម្របសម្រួល កិច្ចការគ្រោះមហន្តរាយ បាននិយាយកាលពីថ្ងៃពុធថា ពលរដ្ឋប្រមាណ ២៥១.៨៧៣គ្រួសារ បានរងនូវផលប៉ះពាល់ ដោយគ្រោះទឹកជំនន់។

លោក ChatchaiPhromlertបានបញ្ជាក់ថា គ្រួសារចំនួន ២៥១.៨៧៣ មកពី៤.៦០៩ភូមិ ត្រូវបានរងគ្រោះ ដោយសារទឹកជំនន់។ តាមរបាយការណ៍ខែមុន អ្នកស្លាប់មានចំនួន១៤នាក់។

ខេត្តចំនួន៩របស់ប្រទេសថៃឡង់ដ៏ នៅតែបន្តរងគ្រោះ ដោយសារទឹកជំនន់ដដែល ដែលស្ថិតនៅតំបន់ឦសាន ក្នុងនោះមានខេត្ត Amnat Charoen, Kalasin, Mukdahan, NakhonPhanom, NakhonRatchasima, Roi Et, SakonNakhon, UbonRatchathaniនិង Yasothon។

គ្រោះទឹកជំនន់នៅឥណ្ឌា ចំនួនអ្នកស្លាប់ កើនដល់ជាង២០០នាក់

បណ្តាញព័ត៌មានBBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង ថាមន្ត្រីរដ្ឋាភិបាលបានបញ្ជាក់ថា គ្រោះទឹកជំនន់បានបានកើតឡើង នៅរដ្ឋGujarat ស្ថិតនៅភាគខាងលិច នៃប្រទេសឥណ្ឌាពលរដ្ឋចំនួន២១៨នាក់ បានបាត់បង់ជីវិត។

ចំនួនអ្នកស្លាប់បានកើនឡើងទ្វេដង នៅក្នុងអំឡុងពេល ២ថ្ងៃប៉ុណ្ណោះ ខណៈដែលក្រុមមន្ត្រីបានរកឃើញសាកសព ជាង១០០នាក់ ដែលបានអណ្តែតតាមទឹក។ក្រុមមន្ត្រីបានប៉ាន់ប្រមាណថា គ្រោះទឹកជំនន់ បានបង្កផលប៉ះពាល់ ដល់ពលរដ្ឋនៅរដ្ឋខាងលើ ប្រមាណ៤៥០.០០០នាក់។

ក្នុងឆ្នាំនេះ រដូវវស្សា បានបង្កឲ្យរងគ្រោះ ដល់ពលរដ្ឋរាប់លាននាក់នៅទូទាំងរដ្ឋទាំង២០ នៅក្នុងប្រទេសឥណ្ឌា។ រដ្ឋ Assam ដែលស្ថិតនៅភាគឦសានប្រទេសនោះ ក៏បានរងគ្រោះខ្លាំងកា្លនិងមានអ្នកស្លាប់យ៉ាងច្រើន ហើយពលរដ្ឋរាប់រយពាន់នាក់ ត្រូវបានជម្លៀសចេញ។

មិនថាតែតំបន់អាស៊ីនើឡើយសូម្បីតែ នៅអាមេរិក ក៏រងការវាយប្រហារ ដោយ ទឹកជំនន់ បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។ រដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានរងនូវសម្ពាធទាបដោយសារព្យុះត្រូពិក Emily បានវាយប្រហារ ហើយក្រុមអាជ្ញាធរបានប្រកាសអាសន្នថាមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងបង្កឲ្យមានទឹកជំនន់កើតឡើង ។

ព្យុះ Emily បានវាយប្រហារមកលើតំបន់ឈូងសមុទ្រនៃប្រទេសម៉ិកស៊ីកូ ហើយបានត្រូវបានគេរំពឹងថា វាបោកបក់ក្នុងល្បឿនលឿនមកលើដីគោកនៃមហាសមុទ្រអាត្លង់ទិក ដោយមានកម្លាំងខ្យល់បក់ជាអតិបរិមា៤០គីឡូម៉ែត្រក្នុង១ម៉ោង ។នេះបើតាមការបញ្ជាក់ឲ្យដឹងពី មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ បានឲ្យដឹងយ៉ាងដូច្នេះ ។

ដោយសារមានករណីព្យុះត្រូពិកនេះ លោក Rick Scott អភិបាលរដ្ឋបានប្រកាសអំពីភាពមានអាសន្នកើតឡើង ទៅលើតំបន់ប៉ែកខាងលិច ដែលមានរហូតដល់៣១តំបន់ដោយរក្សាការប្រុង ប្រយ័ត្នពេលគ្រាដែលមានខ្យល់បោកបក់ខ្លាំងនិងអាចបង្កឲ្យមានគ្រោះទឹកជំនន់កើតឡើងហើយគ្រាប់ភ្លៀងមានទំហំចាប់ពី៧ទៅ១៣សង្ទីម៉ែត្រ នៅក្នុងតំបន់ខ្លះៗ ៕ ម៉ែវ សាធី


ចែករំលែក៖