ខេត្តកំពត៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ថា យុវជនសង្ស័យម្នាក់ដែលណាត់សង្សាររបស់ខ្លួនទៅរួមភេទ និងសម្លាប់ប្លន់យកម៉ូតូនៅផ្ទះសំណាក់មុនីកា កាលពីពេលកន្លងមកនោះ ត្រូវបានចាប់ខ្លួនហើយ ។
សូមបញ្ជាក់ថា កាលពីវេលាយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ មានករណីភ្ញាក់ផ្អើលមួយកើតឡើង ខណៈគេប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់យីហោ «មុនីកា» តាំងស្ថិតតាមបណ្តោយផ្លូវ៤៦០ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយករណីនេះ សមត្ថកិច្ចបានសង្ស័យថា ជាអំពើឃាតកម្ម ប្លន់យកម៉ូតូ និងលុយ។
សពនារីរងគ្រោះ ឈ្មោះ អី សុខា អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិកោះនរាយ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ មានឪពុកឈ្មោះ អី ធារ៉ា អាយុ៥៩ឆ្នាំ មុខរបរជានាយរងការិយាល័យសិល្បៈ ស្នងការដ្ឋានឃោសនា-ព័ត៌មាន និង ម្ដាយឈ្មោះ ហៀង សុខលី អាយុជាង៥០ឆ្នាំ មានមុខរបរកាត់ដេរខោអាវនៅផ្ទះ រស់នៅភូមិកោះនរាយ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
បើតាមសម្ដីឪពុកនារីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុគឺអំឡុងម៉ោងប្រហែល៩ព្រឹក ថ្ងៃទី២ ខែសីហា ម្ដាយនារីរងគ្រោះ(ប្រពន្ធ)បានប្រើនាងឲ្យទៅដូរលុយ៤០ដុល្លារ ដោយយកតែលុយខ្មែរ ដើម្បីយកជួសជុលម៉ាសុីនដេរខូច។ បន្ទាប់មកកូនស្រីរបស់គាត់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FT-1723 ទៅជាមួយ។
ឪពុកនារីគ្រោះបានបន្តថា ក្រោយពីកូនស្រីចេញទៅ គឺបាត់ឈឹងរហូតតែម្ដងសូម្បីទូរស័ព្ទទាក់ទងក៏មិនចូលដែរ។ រហូតដល់ម៉ោង៧យប់ថ្ងៃកើតហេតុនេះ ទើបរូបគាត់បានទូរស័ព្ទទៅកាន់កូនស្រីតែត្រូវបានសមត្ថកិច្ចលើក ហើយប្រាប់ថា កូនស្រីត្រូវបានគេរឹតកសម្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់មុនីកា ។
មន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់ប្រាប់បឋមនៅព្រឹកថ្ងៃសៅរ៍ទី៥ ខែសីហា ឆ្នាំ២០១៧ថា ជនសង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនបានហើយ នៅភូមិគីឡូម៉ែត្រ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការសាកសួរ ៕ ថាច់ យ៉ាត