ស្ថានភាពនយោបាយនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ឈានដល់ដំណាក់កាលតានតឹងបំផុត ដោយក្រុមអ្នកប្រឆាំងនិងប្រធានាធិបតីបន្តតវានៅតាមដងផ្លូវនានាបង្ករឲ្យមានអំពើហឹង្សាកើតឡើង។
អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃទី៧ខែសីហា បានជំរុញដល់ពលដ្ឋវេណេហ្ស៊ុយអេឡា សូមបន្ធូរបន្ថយភាពតានតឹងដាក់។នៅក្នុងចលនាដ៏អាក្រក់នេះ សម្រាប់អនាគតប្រទេស លោក ជំរុញពលរដ្ឋវេណេហ្ស៊ុយអេឡាទាំងអស់ នាំគ្នាប្រឹងប្រែងទាំអស់គ្នា ដើម្បីបន្ថយ ភាពតានតឹង និងងាកមករកការចរចាគ្នាលើផ្នែកនយោបាយ” ។
ភាពតានតឹងកាន់តែខ្លាំងឡើង នៅពេលដែល សមាជិកសភាធម្មនុញ្ញវ៉េណេស៊ុយអេឡាដែលទើបចូល ធ្វើការបបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ក៏ត្រូវ ដកតំណែងលោកស្រីរដ្ឋអាជ្ញាទូទៅ ល្វីហ្សា អរតេហ្កា Luisa Ortegaធ្វើឲ្យទំនាក់ទំនងវ៉េណេស៊ុយអេឡាជាមួយសហគមន៍អន្តរជាតិកាន់តែ តានតឹង។ សហរដ្ឋអាមេរិក ឈីលី និងកូឡុំប៊ីបានថ្កោលទោសការដកតំណែងរដ្ឋអាជ្ញាវ៉េណេស៊ុយអេឡា។
សភាធម្មនុញ្ញ វ៉េណេស៊ុយអេឡា ទើបចូលអង្គុយធ្វើការមិនទាន់ស្រួលបួលផង បានសម្រេចដកលោកស្រីល្វីហ្សា អរតេហ្កា ពីតំណែងរដ្ឋអាជ្ញាទូទៅតែម្តង។ សមាជិកសភាពិសេសមួយនេះ បាននាំគ្នាចោទលោកស្រី អរតេហ្កា ថាជាជនក្បត់។ តុលាការកំពូលវិញ ប្រកាសថា នឹងមានការកាត់ទោសលោកស្រីទាក់ទងនឹងភាពមិនទៀងទាត់។ គណនីធនាគារលោកស្រីអរតេហ្កាបានជាប់គាំង អាជ្ញាធរហាមលោកស្រីមិនឲ្យចាកចេញពីប្រទេសទេ។
លោកស្រីអរតេហ្កា ជាអ្នកគាំទ្រអតីតប្រធានាធិបតីស្ហាវេស ត្រូវបានតែងតាំងក្នុងការងារតាំងពីឆ្នាំ២០០៧មក។ ច្រើនឆ្នាំមកនេះ លោកស្រីលែងជិតស្និទ្ធនឹងប្រធានាធិបតីម៉ាឌូរ៉ូ ទៀតហើយ។ លោកស្រីបានបរិហារការដកតំណែងលោកស្រីថាជាអំពើផ្តាច់ការ។ កងកម្លាំងវ៉េណេស៊ុយអេឡាបានរារាំងលោកស្រីមិនឲ្យបានចូលទៅការិយាល័យ ការងារ នៅក្រុងការ៉ាកាសទេ។ ក្រុមការងាររបស់លោកស្រីរដ្ឋអាជ្ញារូបនេះ ទើបនឹងបើកការអង្កេតកាល ជុំវិញការសង្ស័យថា មានការបន្លំសន្លឹកឆ្នោត ក្នុងពេលបោះឆ្នោតជ្រើសរើសសភាធម្មនុញ្ញ កាលពីថ្ងៃ៣០ កក្កដា។ ក្រុមការងារលោកស្រីបានស្នើឲ្យលុបចោលសភាធម្មនុញ្ញនេះទៀតផង។
អាជ្ញាធរ វ៉េណេស៊ុយអេឡាបានប្រកាសនៅថ្ងៃទី៧ ខែសីហា បានប្រកាសថា បានបង្ក្រាបចរន្តបះបោរយោធាមួយក្រុម និងបានចាប់ខ្លួនជនដៃដល់បង្កភេរវកម្ម ប្រឆាំងរដ្ឋាភិបាលចំនួន ៧នាក់ ហើយគឺរូបប្រធានាធិបតី លោក នីកូឡា ម៉ាឌុយរ៉ូ ផ្ទាល់តែម្តង ដែលចេញមុខប្រកាសព័ត៌មានតាមកញ្ចក់ទូរទស្សន៍ជាតិ។
បើតាម ខ្សែវីដេអូបង្អោះផ្សាយតាមអ៊ីនធ័រនែត ចរន្តបះបោរក្នុងរង្វង់យោធាបានកគ្នាឡើងដើម្បីស្តារប្រទេសពីភាព តានតឹង ដោយប្រកាសទាមទារឲ្យវ៉េណាស៊ុយអេឡាបង្កើតរដ្ឋាភិបាលអន្តរកាល ! មានគ្នាប្រមាណជាង១០នាក់ ក្នុងឯកសណ្ឋានយោធា ទាហានម្នាក់បាន ដែលទំនងជាអតីតមេទ័ពកងឆ្មាំសន្តិសុខផង បានប្រកាសថាសកម្មភាពរបស់ពួកគេមិនមែនជារដ្ឋប្រហារទេ តែជាសកម្មភាពពលរដ្ឋ និងយោធាក្នុងបំណងរៀចំសណ្តាប់ធ្នាប់ប្រទេសតាម ច្បាប់ធម្មនុញ្ញឡើងវិញ។
ប៉ុន្តែចរន្តនេះបានស្លាប់មុនកើត ! លោកប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡា ម៉ាឌុយរ៉ូ បានលើកសរសើរកងកម្លាំងរដ្ឋាភិបាល ដែលអាចបង្ក្រាបនិងកម្ចាត់ក្រុមយោធាបះបោរនេះដែលហ៊ានបើកការ វាយប្រហារនៅក្នុងបន្ទាយទាហាន ក្នុងខេត្តវ៉ាឡង់ស្យ៉ា មិនឆ្ងាយប៉ុន្មានពីរដ្ឋធានីការ៉ាកាស កាលពីព្រលឹមថ្ងៃសុក្រ។
ការ វាយប្រហារនេះ បានបង្កឲ្យមនុស្សស្លាប់២នាក់ និងមានការចាប់ខ្លួនជាច្រើននាក់ ជាជនស៊ីវិលផង ជាទាហានផង។ សម្រាប់លោកប្រធានាធិបតី ទង្វើនេះ ជាការវាយប្រហារភេរវកម្ម ! និងជាភេរវកម្មដែលរៀបចំឡើងដោយបក្សប្រឆាំង ព្រមទាំងបានការគាំទ្រហិរញ្ញវត្ថុពីសហរដ្ឋអាមេរិកនិងកូឡុំប៊ី។ ក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោក ម៉ាឌូរ៉ូ បានអះអាងនៅមានជនបះបោរជាច្រើននាក់កំពុងរត់គេចខ្លួន ហើយយោធារដ្ឋាភិបាលកំពុងតាមស្វែររកចាប់ខ្លួនទៀត ហេតុដូច្នេះហើយទើបមានកងកម្លាំងយោធាយ៉ាងសន្ធឹកសន្ធាប់ ដែលត្រូវបានដាក់ពង្រាយនៅជុំវិញក្រុងវ៉ាឡង់ស្យ៉ា៕ ម៉ែវ សាធី