ប្រទេសចិន៖ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ បានបញ្ជាក់ថា ក្នុងឱកាសដែលលោកជួបពិភាក្សាការងារជាមួយលោក Hu Heping អភិបាលខេត្តសាន់ស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ លោក និងលោកអភិបាលខេត្តសាន់ស៊ី បានឯកភាពគ្នាជំរុញការតភ្ជាប់ជើងហោះហើរត្រង់ និងទៀងទាត់ពីក្រុងស៊ីអាន ខេត្តសាន់ស៊ី មកកាន់កម្ពុជា និងបានគាំទ្រគម្រោងវិនិយោគផលិតផលទេសចរណ៍នានា របស់អ្នកវិនិយោគខេត្តសាន់ស៊ី នៅលើទឹកដីកម្ពុជាផងដែរ។
នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានរំឭកពីប្រវត្តិទំនាក់ទំនងដ៏យូរលង់ជាមិត្តដ៏ជិតស្និទ្ធ ជឿជាក់ទុកចិត្តគ្នារវាងប្រទេសកម្ពុជា-ចិន ហើយក៏បានរំឭកពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
កិច្ចពិភាក្សានេះ ផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការណ៍ផ្នែកទេសចរណ៍ និងវិនិយោគ ដោយក្នុងនោះលោករដ្ឋមន្ត្រីបានស្នើលោកអភិបាលខេត្តសាន់ស៊ី ជួយជំរុញឲ្យមានការតភ្ជាប់ជើងហោះហើរត្រង់ និងទៀងទាត់ពីទីក្រុងស៊ីអាន ខេត្តសាន់ស៊ី មកកាន់កម្ពុជា។ កម្ពុជាក៏មានបំណងចង់បង្កើតឲ្យមានការរៀបចំស្ថានតំណាង ឬការិយាល័យទេសចរណ៍កម្ពុជាប្រចាំខេត្តសាន់ស៊ី ដើម្បីជំរុញការផ្សព្វផ្សាយ និងសម្រួលដល់ភ្ញៀវទេសចរទាំងពីរ ដែលចង់ទៅមកទស្សនាកម្ពុជា និងចិន។
លោកអភិបាលខេត្តបានគាំទ្រ និងឯកភាពជំរុញឲ្យមានការហោះហើរត្រង់ និងទៀងទាត់ ដែលបច្ចុប្បន្នទើបមានការហោះហើរជា Charter flight ប៉ុណ្ណោះ។ ព្រមជាមួយនោះ លោកអភិបាលខេត្តក៏បានស្នើឲ្យក្រសួងទេសចរណ៍កម្ពុជា ជួយគាំទ្រគម្រោងវិនិយោគផលិផលទេសចរណ៍នានា ពីខេត្តសាន់ស៊ីមកកម្ពុជាផងដែរ។
លោកអភិបាលខេត្តបានផ្តាំផ្ញើសួរសុខទុក្ខដល់សម្តេចតេជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងជូនពរឲ្យទទួលបានសុខភាពល្អកម្លាំងពលំមាំមួន និងជោគជ័យត្រចះត្រចង់រៀងរហូត ក្នុងការដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។
បន្ទាប់មក លោករដ្ឋមន្រ្តី ក្នុងនាមប្រទេសភ្ញៀវកិត្តិយស បានចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិផ្លូវសូត្រស៊ីអាន ២០១៧ (China Xi’an Silk Road International Tourism Expo 2017) ជាមួយលោក Li Jinzao ប្រធានរដ្ឋបាលទេសចរណ៍ជាតិចិន លោក Hu Heping អភិបាលខេត្តសាន់ស៊ី លោក Zhu Shanzhong នាយកប្រតិបត្តិ Unwto ដោយមានការចូលរួមពីប្រតិភូនៃប្រទេសចំនួន៣២ ក្នុងតំបន់វិថីសូត្រ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍។
ក្នុងសុន្ទរកថា លោករដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់ពីការគាំទ្រ និងចូលរួមជានិច្ចរបស់កម្ពុជាចំពោះយុទ្ឋសាស្ត្រ «ខ្សែក្រវាត់ និងវិថី» ដែលជាក្របខណ្ឌនយោបាយឈ្នះ-ឈ្នះរបស់រដ្ឋាភិបាលចិន គ្របដណ្តប់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រ សតវត្សទី២១។ លោកបានរៀបរាប់អំពីការីកចម្រើនរបស់វិស័យទេសចរណ៍កម្ពុជា ក្នុងនោះបានគូសបង្ហាញពីការត្រៀមដ៏ល្អរបស់កម្ពុជា ក្នុងកាទទួលទសចរចិន (China-Ready)។
បន្ទប់ពីពិធីទូងស្គរជ័យបើកពិព័រណ៍ទេសចរណ៍អន្តរជាតិផ្លូវសូត្រស៊ីអាន ២០១៧ លោករដ្ឋមន្ត្រីក៏បានអញ្ជើញគណៈអធិបតី និងភ្ញៀវទាំងអស់ទៅទស្សនាស្តង់ពិព័រណ៍កម្ពុជាផងដែរ។
សូមបញ្ជាក់ថា ពិព័រណ៍លើកទី៤នេះ មានការចូលរួមពី៣២ប្រទេស នៅតាមបណ្តោយផ្លូវសូត្រ។ ដោយឡែក កម្ពុជាក៏បាននាំក្រុមសិល្បៈ១ក្រុមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមហ៊ុនទេសចរណ៍ចំនួន១៧ ទៅចូលរួមផងដែរ៕ ហេង សូរិយា