នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ចនៅរោងចក្រកែច្នៃសំរាម SHIN-KOTO INCINERATION PLANT ដែលគ្រប់គ្រងដោយ “អាជ្ញាធរសម្អាតទីក្រុងតូក្យូ”។
ការអញ្ជើញដល់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅដោយប្រធាន អាជ្ញាធរ លោក តៃជីរ៉ូ នីហ្សីកាវ៉ា ។ នាឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើអោយភាគីជប៉ុន សិក្សាជាមួយអ្នកជំនាញកម្ពុជាអំពីការកែច្នៃសំរាមនៅទីក្រុងភ្នំពេញ។ ច្បាស់ណាស់ សំរាមគឺជាបញ្ហាចម្បងធំទីពីរបន្ទាប់ពីបញ្ហាចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ។ អាគាររោចក្រកែឆ្នៃសំរាមនេះមានកំពស់ ៦ជាន់ បំពាក់ដោយម៉ាស៊ីនកិនកំទេចសំរាម ហើយបែងចែកទៅតាមប្រភេទសំរាមនីមួយៗ ដែលផលិត ចេញជាវត្ថុសម្រាប់ប្រើប្រាស់បានឡើងវិញ។ កាកសំណល់មួយចំនួនគឺយកទៅធ្វើជីរ និងបម្លែងទៅជាថាមពលអគ្គីសនី សម្រាប់ប្រើប្រាស់ផងដែរ។ កម្ពុជាត្រូវការរោងចក្របែបនេះដើម្បីកែឆ្នៃសំរាមដែលដឹកចេញទៅគរនៅជាយក្រុងសព្វថ្ងៃ។
បន្ទាប់ពីបានទស្សនកិច្ចនៅរោងចក្រកែឆ្នៃសំរាមខាងលើនេះហើយ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញ បន្តដំណើរទៅជិះរថភ្លើងស្វ័យប្រវត្តិ Yarikamome (គ្មានមនុស្សបើកបរ) ចាប់ពីស្ថានីយ៍តូយ៉ូសឺ ទៅដល់ស្ថានីយ៍អារីកិ ទីក្រុងតូក្យូ។
សូមរំឮកផងដែរថា ក្នុងដំណើរទស្សនកិច្ចផ្លូវការការងាររយៈពេល ៤ ថ្ងៃនៅប្រទេសជប៉ុន សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានស្នើឲ្យរដ្ឋាភិបាលជប៉ុនជួយគិតគូរក្នុងការផ្ដល់ជំនួយជាហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីអភិវឌ្ឍលើវិស័យដឹកជញ្ជូន ជាពិសេសរៀបចំអោយមានរថភ្លើងស្វ័យប្រវត្តិលើអាកាសបែបនេះ (Sky Train) ដើម្បីកាត់បន្ថយនូវការចំណាយរបស់ពលរដ្ឋ ព្រមទាំងកាត់បន្ថយនូវការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ