រុស្ស៊ីបានធ្វើការដោះដូរ ដោយយកយន្តហោះចម្បាំង១១គ្រឿងប្រភេទ Su-35 ដូរជាមួយកាហ្វេ និងទំនិញផ្សេងទៀត របស់ប្រទេសឥណ្ឌូនេស៊ី។ ក្នុងពេលជា មួយគ្នានេះដែរ ទីក្រុងហ្សាការតា បានចាត់ទុកការដាក់ទណ្ឌកម្មរបស់អាមេរិកនិង អឺរ៉ុប គឺជាឱកាសដើម្បីជំរុញវិស័យឧស្សាហកម្មរបស់ខ្លួនកាន់តែរីកចម្រើន។
សារព័ត៌មាន RT បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឥណ្ឌូនេស៊ីលោក Enggartiasto Lukita កាលពីថ្ងៃទី៧ ខែ សីហាដែលបានប្រកាសថា« ការដោះដូរ ទំនិញក្រោមការ តាមដានពីរដ្ឋាភិបាល ប្រទេសទាំងពីរ រុស្ស៊ី-ឥណ្ឌូនេស៊ី នឹងត្រូវបានអនុវត្តក្នុងពេលឆាប់ៗខាងមុខ ក្នុងនោះ ឥណ្ឌូនេស៊ីនឹងនាំចេញកាហ្វេ តែ ដើម្បីដូរយកអាវុធការពារជាតិ មាន យន្តហោះចម្បាំង ប្រភេទ Su-35ចំនួន ១១គ្រឿង»។
ក្រុមហ៊ុនរបស់រុស្ស៊ី Rostec បានចុះ ហត្ថលេខា លើកំណត់ហេតុ នៃកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ពាណិជ្ជកម្ម Perusahaan Perdagangan របស់ឥណ្ឌូ នេស៊ី។ ក្រុមហ៊ុនទាំងពីរបានព្រមព្រៀងគ្នាលើវិស័យពាណិជ្ជកម្មដោះដូរ។
ជាមួយគ្នានោះ រុស្ស៊ីមានសិទ្ធិជ្រើសរើសទំនិញដែលត្រូវនាំចូលពីឥណ្ឌូនេស៊ីក៏ដូចជាមានសិទ្ធិជ្រើសរើសក្រុមហ៊ុន ដើម្បី សហការដូចកិច្ចព្រមព្រៀង។ តាមការ ប្រកាសរបស់ក្រុមហ៊ុន Rostec «កិច្ចព្រម ព្រៀងខាងលើ នឹងពង្រីកប្រភពផ្គត់ផ្គង់ ទំនិញពីឥណ្ឌូនេស៊ីទៅលើទីផ្សានៅក្នុង ប្រទេសរុស្ស៊ី»។
ឥណ្ឌូនេស៊ី មានយន្តហោះចម្បាំង ប្រភេទ Sukhoi ១៦គ្រឿងដែលទិញ កាលពីឆ្នាំ២០០៣ ក្រោយពេលអាមេ រិកនិង អឺរ៉ុបបានដាក់ទណ្ឌកម្ម ហាមទិញ អាវុធដោយសារតែ ការរំលោភបំពានសិទ្ធិមនុស្សនៅទីម័រខាងកើត កាលពីឆ្នាំ ១៩៩៩។
វិស័យពាណិជ្ជកម្ម រវាង ឥណ្ឌូនេស៊ី នឹងរុស្ស៊ី បានថយចុះប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែការដាក់ទណ្ឌកម្មរបស់អាមេរិក និងអឺរ៉ុបទៅលើ រុស្ស៊ីគឺជាឱកាសដើម្បី ឲ្យឥណ្ឌូនេស៊ី បង្កើន ទំនិញនាំចេញ ធ្វើឲ្យវិស័យសេដ្ឋកិច្ចប្រទេសនេះកាន់តែរីក ចម្រើន៕ ម៉ែវ សាធី