សារព័ត៌មានរបស់អង់គ្លេសបានឲ្យដឹងថា ក្លិបហង្សក្រហម Liverpoolបានបដិសេធសំណើសុំទិញកីឡាករប្រេស៊ីល Philippe Coutinho សារជាថ្មីម្តងទៀតរបស់ក្លិបBarcelonaក្នុងតម្លៃ១០០លានអឺរ៉ូ ឬស្មើនឹង៩០លានផោន។
កាលពីខែកក្កដាលោក Jurgen Klopp អ្នកដឹកនាំក្រុមហង្សក្រហមបានបដិសេធសំណើលើកទី១របស់ក្រុមយក្សអេស្ប៉ាញដែលមានតម្លៃ៧២លានផោន។ មិនត្រឹមតែប៉ុណ្ណោះក្លិបLiverpoolក៏បានបញ្ជាក់ថា Coutinho មិនមែនជាកីឡាករសម្រាប់ដាក់លក់នោះទេ។
គួររំលឹកថា Coutinho បានផ្លាស់ពីក្រុម Inter Milan មកLiverpoolក្នុងតម្លៃ ៨,៥លានផោនកាលពីឆ្នាំ២០១៣។ កីឡាកររូបនេះស៊ុតបញ្ចូលទី១៤គ្រាប់ នៅរដូវកាលចាស់ និងទើបបន្តកុងត្រាថ្មី៥ឆ្នាំជាមួយក្លិបកាលពីខែមករា។ ម្ចាស់អាវលេខ១០របស់ក្លិបមានមូលដ្ឋាននៅ Anfield មួយនេះជាគោលដៅចម្បងដែល Barcelona ចង់យកទៅជំនួស Neymar៕ ដេវីត