ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបង្ហាញក្តីបារម្ភពេលយន្តហោះអុីរ៉ង់ហោះក្បែរនាវាផ្ទុកយន្តហោះ USS Nimitz

ចែករំលែក៖

យន្តហោះគ្មានមនុស្សបើករបស់អុីរ៉ង់បានហោះហើរចូលទៅជិតនាវាផ្ទុកយន្តហោះUSS Nimitz របស់អាមេរិកដែលមិនមានសញ្ញាប្រកាសឲ្យដឹងនោះឡើយ។

អ្នកនាំពាក្យទីបញ្ជាការកងទ័ពជើងទឹកអាមេរិកបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើករបស់អុីរ៉ង់បានហោះកៀកនាវាផ្ទុកយន្តហោះរបស់អាមេរិក មានចម្ងាយប្រមាណ៣០០ម៉ែត្រប៉ុណ្ណោះ នៅក្នុងពេលដែលយន្តហោះនោះធ្វើការហោះហើរនៅតំបន់សមុទ្រអន្តរជាតិ នៅតំបន់ឈូងសមុទ្រ។

លោក Ian McConnaughey អ្នកនាំពាក្យកម្លាំងទាហានជើងទឹកអាមេរិកបានឲ្យដឹងថា ការហោះហើរចូលកៀកយន្តហោះគ្មានមនុស្សបើករបស់អុីរ៉ង់ ដោយមិនបានផ្តល់សញ្ញា។ នេះជាការចូលកៀកគ្មានសុវត្ថិភាព និងគ្មានឯកទេស។ លោកបន្តទៀតថា ការមិនផ្តល់សញ្ញាអាចបង្កការយល់ច្រឡំឈានដល់ការប៉ះទង្គិចគ្នា និងជាការបំពានច្បាប់ អន្តរជាតិ។ អ្នកដែលបញ្ជាយន្តហោះគ្មានមនុស្សបើកនោះ មិនបានឆ្លើយតបតាមសំណើនោះឡើយ។

កាលពីសប្តាហ៍កន្លងទៅ យន្តហោះគ្មានមនុស្សបើករបស់អុីរ៉ង់ ក៏បានហោះហើរនៅក្បែរយន្តហោះចម្បាំងអាមេរិកដែលត្រៀមចុះចតនៅលើនាវាផ្ទុកយន្តហោះ។ មន្ត្រីយោធាអាមេរិកបានឲ្យដឹងថា ចាប់តាំងពីដើមឆ្នាំមកទល់ពេលនេះ មានសកម្មភាពហោះហើរបែបនេះ១៣លើកមកហើយ របស់យន្តហោះគ្មានមនុស្សបើកអុីរ៉ង់។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនឹងប្រទេសអុីរ៉ង់នោះដែរ សភាអុីរ៉ង់បានអនុម័តទឹកប្រាក់២៦០លានដុល្លារ សម្រាប់កម្មវិធីមីស៊ីល និងប្រតិបត្តិការបរទេស ដោយប្រតិកម្មទៅនឹងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើច្បាប់ ស្នើសុំឲ្យដាក់ទណ្ឌកម្មថ្មីលើកម្មវិធីមីស៊ីលផ្លោងនៅក្នុងខែកក្កដា។

ជាការឆ្លើយតបទៅលើការដាក់ទណ្ឌកម្មនេះ ឥឡូវសភាបានអនុម័តលើច្បាប់បង្កើនការចំណាយប្រាក់ សម្រាប់កម្មវិធីមីស៊ីលរបស់ពួកគេ ។ ការបោះឆ្នោត គឺមានសំឡេងគាំទ្រ២៤០ នៃសំឡេងសរុប២៤៤នៅរដ្ឋសភា។

នៅពេលនេះដែរ អុីរ៉ង់បានចាត់វិធានការប្រឆាំងនឹងសម្ពាធ ដែលបានដាក់ដោយ មហាអំណាចសហរដ្ឋអាមេរិក និងសកម្មភាពតស៊ូ និងប្រឆាំងភេរវកម្មរបស់ខ្លួន នៅក្នុងតំបន់ ដោយផែនការនោះត្រូវបានអនុម័ត ដោយសំឡេងគាំទ្រ២៤០ និងមិនមានការចូលរួមមួយសំឡេងក្នុងសម័យប្រជុំសភារបស់ប្រទេសមួយនេះ ដែលកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងពីអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧។

យោងតាមប្រភពព័ត៌មានពីក្រសួងការពារជាតិអ៊ីរ៉ង់ ក៏ដូចជាកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម IRGC Quds Forces និងកងទ័ពអ៊ីរ៉ង់ គួរតែធ្វើការសម្របសម្រួលជាមួយក្រុមប្រឹក្សាសន្ដិសុខជាតិជាន់ខ្ពស់ហៅកាត់ថា SNSC ដើម្បីរៀបចំជាទៀងទាត់នូវរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Tasnim លើវិធានការដ៏ទូលំទូលាយ សម្រាប់ប្រឆាំងនឹងការគំរាមកំហែងរបស់សហរដ្ឋអាមេរិក និងគោលនយោបាយការគំរាមកំហែងភេរវកម្ម និងការបែកខ្ញែកគ្នានៅទូទាំងតំបន់៕ ម៉ែវ សាធី


ចែករំលែក៖