ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិបានផ្តល់អត្ថប្រយោជន៍សំខាន់ចំពោះសហព័ន្ធកីឡាជាតិ

ចែករំលែក៖

ភ្នំពេញ៖ ឆ្នាំ២០១៨ គឺជាលើកទី២នៃការប្រកួតកីឡាជាតិ បន្ទាប់ពីទទួលបានសេចក្តីសម្រេច ពីប្រមុខរាជរដ្ឋាភិបាល កម្ពុជា អនុញ្ញាតឲ្យក្រសួងអប់រំយុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បង្កើតនូវព្រឹត្តិការណ៍ប្រកួតកីឡាជាតិ ដើម្បីវាស់ស្ទង់ គ្រប់ផ្នែកដែលពាក់ព័ន្ធ និងវិស័យឲ្យចូលរួម កាលពីឆ្នាំ២០១៦កន្លងទៅ និងបានកំណត់ធ្វើរយៈពេល២ឆ្នាំម្តងបំណងជំរុញ វិស័យកីឡាកម្ពុជា ឆ្លើយបត នឹង ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម នោះ។

លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាមានប្រសាសន៍ថា សម្រាប់ព្រឹត្តិការណ៍កីឡាជាតិ ដែលក្រសួងអប់រំ និង NOCC ធ្វើនាពេលកន្លងមកនេះ ពិតណាស់ថា សហព័ន្ធកីឡាជាតិនីមួយៗ ទទួលបានអត្ថប្រយោជន៍ និងបទពិសោធន៍យ៉ាងច្រើន និងបានត្រៀមខ្លួនរួចស្រេច ដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។

លោលើកឡើងថា ប្រទេសណា ក៏ដូចប្រទេសណាដែរ គេតែងតែរៀបចំព្រឹត្តិការណ៍បែបនេះឡើង ក្នុងគោលបំណង ពង្រឹងផ្នែករដ្ឋបាល ផ្នែកបដិសណ្ឋារកិច្ច ផ្នែកទំនាក់ទំនងការបរទេស ពិសេសសហព័ន្ធកីឡាជាតិនីមួយៗ ត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់នូវហេដ្ឋារចនាសម្ព័ន្ធ អាជ្ញាកណ្តាល ចៅក្រមកម្រិតអន្តរជាតិ និង ពង្រឹងទៅលើការគ្រប់គ្រង ផ្នែករដ្ឋបាល និង កីឡាករកីឡាការិនី របស់ខ្លួន គិតចាប់ពី យុវជនថ្នាលឡើងទៅ។ លោកបានបន្តទៀតថា សម្រាប់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជារបស់លោក បានត្រៀមស្នើសុំដាក់បញ្ចូលកីឡាករ កីឡាការិនី ថ្នាល់៦នាក់បន្ថែមក្នុងជំរំហ្វឹកហាត់ ដើម្បីបន្ថែមធនធានមនុស្សឲ្យច្រើនពង្រឹងសមត្ថភាព ត្រៀមចូលរួមប្រកួតស៊ីហ្គេមក្នុងនាមកម្ពុជាធ្វើម្ចាស់ផ្ទះ។

លោកបានបញ្ជាក់បន្ថែមថា ការរៀបចំព្រឹត្តិការណ៍កីឡាជាតិឡើង បានធ្វើឲ្យសហព័ន្ធដែលមានឈ្មោះ ចូលរួមប្រកួត ទទួលបានផលចំណេញច្រើន ព្រោះថារាល់ការប្រកួត តាមប្រភេទកីឡានីមួយៗ ក្រសួងអប់រំយុវជន និងកីឡា បានទម្លាក់ កិច្ចការទាំងអស់ឲ្យសហព័ន្ធរៀបចំដោយខ្លួនឯង ក្រោយពីបានឆ្លងកាត់បទពិសោធន៍នេះរួចហើយ សហព័ន្ធអាចដឹងថា ខ្លួនត្រូវរៀបចំយ៉ាងណាធ្វើអីឲ្យមានលក្ខណៈស្របច្បាប់ពេលកម្ពុជា ធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ។ ចំណុចសំខាន់បំផុតនោះ គឺជំរុញឲ្យកីឡាករកីឡាការិនីកម្ពុជា មានលក្ខណៈរួចរាល់ជាស្រេច គិតត្រឹមឆ្នាំ២០២១ សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ។

យោងតាមកិច្ចប្រជុំ របស់អគ្គនាយកដ្ឋានអប់រំកាយ និងកីឡា ដឹកនាំកិច្ចប្រជុំ ដោយ លោក ព្រំ ប៊ុនយី ទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡា ជាមួយ សហព័ន្ធកីឡាជាតិ កាលពីថ្ងៃទី១១ខេសីហាឆ្នាំ២០១៧ កន្លងទៅ។ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព លើសហព័ន្ធកីឡាជាតិដែលមានឈ្មោះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិ។ បើទោះបី នូវមានសហព័ន្ធខ្លះមិនទាន់មានលក្ខណៈគ្រប់ក្រាន់នូវឡើយ ប៉ុន្តែសហព័ន្ធមួយចំនួនធំ បានត្រៀមខ្លួនល្អប្រសើរហើយដែរ។ សម្រាប់ឆ្នាំ២០១៨ ក្រសួងអប់រំ កំណតថា ប្រភេទកីឡាមួយ យ៉ាងហោចណាស់ ត្រូវមានសមាជិកលេងកីឡានោះ ឲ្យបានយ៉ាងតិច ចំនួន៥រាជធានី-ខេត្តដែរ ទើបមានសិទ្ធិចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២នេះ ៕ សារីម


ចែករំលែក៖