ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីអាចនឹងចាកចេញពីអង្គការពាណិជ្ជកម្មពិភពលោក

ចែករំលែក៖

នៅពេលនេះបើរុស្ស៊ីចាកចេញពីអង្គការ WTO ក៏អាមេរិកនៅតែដាក់ទណ្ឌកម្ម ប៉ុន្តែរុស្ស៊ីចាកចេញគឺមានផ្លូវដើរច្រើនជាងនៅក្នុងវិស័យសេដ្ឋកិច្ច។

នៅពេលនេះដែរសភារុស្ស៊ីកំពុងពិចារណាបង្កើតច្បាប់ដករុស្សីចេញពីអង្គការ ពាណិជ្ជកម្មពិភពលោក WTO ដោយសារតែកាលនៅជាសមាជិក មិនបាននាំមកនូវផលប្រយោជន៍ដល់រុស្ស៊ីនោះឡើយផ្ទុយទៅវិញ រុស្ស៊ីបានបាត់បង់ច្រើនជាងទទួលផល។

ការដែលសភារុស្ស៊ីមានបំណង ចង់ដករុស្ស៊ីចេញពី WTO គឺកើតចេញពីការបង្កើនដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើរុស្ស៊ី។ ប៉ុន្តែការចាកចេញពីអង្គការ WTO គឺជារឿងមួយដ៏សំខាន់បំផុត គឺត្រូវតែមានការវិភាគច្បាស់លាស់ បើមិនដូច្នោះទេ នឹងធ្វើឲ្យរុស្ស៊ីត្រូវបាត់បង់អ្វីគ្រប់យ៉ាង។

ការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើរុស្ស៊ីនាពេលនេះ គឺជាការសម្រេចរបស់សភាអាមេរិក ប្រធានាធិបតីមិនអាចលុបចោលបានឡើយ ដោយសារតែការដាក់ទណ្ឌកម្មនោះគឺជាច្បាប់ទៅហើយ។

សកម្មភាពបែបនោះរបស់អាមេរិក គឺចង់ធ្វើឲ្យរុស្ស៊ីត្រូវចុះខ្សោយដល់ទីបញ្ចប់ មិនអាចប្រឆាំងអាមេរិកបាន។ គោលដៅរបស់អាមេរិក គឺត្រូវតែធ្វើឲ្យរុស្ស៊ីបាត់បង់ឋានៈជាមហាអំណាច មិនអាចគំរាមកំហែងអាមេរិកបានទៀតឡើយ។

អ្នកឯកទេសវិភាគបញ្ជាក់ថា ប្រសិនបើសភាអាមេរិកមិនអនុម័តច្បាប់ដាក់ទណ្ឌកម្មរុស្ស៊ីទេនោះ សភារុស្ស៊ីក៏មិនមានបំណងចង់ចាកចេញពីអង្គការ WTO នោះដែរ។ ការចូលជាសមាជិក របស់អង្គការនេះមិនមែនជារឿងងាយស្រួលឡើយ គឺរុស្ស៊ីបានពិភាក្សារហូតដល់ទៅ១៩ឆ្នាំទើបក្លាយជាសមាជិក៕ ម៉ែវ សាធី


ចែករំលែក៖