ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកប្រកាសត្រៀមលក្ខណៈពិភាក្សាជាមួយកូរ៉េខាងជើង

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បានប្រកាសនៅក្នុងសន្និសីទកាសែត នៅទីស្នាក់ការក្រសួងការបរទេសកាលពីថ្ងៃទី១៥ ខែសីហា ថា ទីក្រុងវ៉ាស៊ីនតោន បានត្រៀមលក្ខណៈពិភាក្សាជាមួយកូរ៉េខាងជើង។ ការប្រកាសខាងលើកើតឡើងក្រោយពេលដែលមេដឹកនាំ គីម ជុងអ៊ុន បានប្រកាសផ្អាក ការវាយប្រហារទៅលើកោះ Guam របស់អាមេរិក។

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបញ្ជាក់ទៀតថា ពេលវេលានៃកិច្ចពិភាក្សា អាស្រ័យទៅលើមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។ កន្លងមករដ្ឋមន្ត្រីការបរទេសអាមេរិកបានស្នើដល់កូរ៉េខាងជើង ត្រូវតែបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការបោះបង់កម្មវិធីបរមាណូ ដើម្បីពិភាក្សាបញ្ចប់ភាពតានតឹង។

លោក Tillerson មិនបានបញ្ជាក់ឲ្យបានច្បាស់ថា កូរ៉េខាងជើងត្រូវបង្ហាញបែបណាឡើយទើប អាមេរិកព្រមពិភាក្សា។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសអាមេរិកមិនបាននិយាយអ្វីជុំវិញការផ្អាកគម្រោងវាយប្រហារដោយមីស៊ីលទៅលើកោះ Guam របស់មេដឹកនាំ គីម ជុងអ៊ុន នោះឡើយ។

ការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកកើតឡើងក្នុងពេលដែល អាមេរិក និងកូរ៉េខាងជើង បានបន្ថយកម្តៅកាលពីថ្ងៃទី១៨ ខែសីហា ក្រោយពេលមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រកាសផ្អាកវាយប្រហារទៅលើកោះ Guam របស់អាមេរិក។

ការបន្ថយកម្តៅនៃភាពតានតឹងជាសញ្ញាមួយយ៉ាងល្អប្រសើរបំផុត សម្រាប់តំបន់ទាំងមូល ក៏ដូចពិភពលោកផងដែរ។ ការប្រឈមមុខជាមួយកូរ៉េខាងជើង មិនបានផ្តល់ផលប្រយោជន៍អ្វីដល់អាមេរិកនោះឡើយ ផ្ទុយទៅវិញបានធ្វើឲ្យអាមេរិក ប្រឈមនឹងការខាតបង់ទៅវិញ គឺប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃ និងភាគហ៊ុនក៏ធ្លាក់ចុះខ្លាំងផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖