ក្រុមអតីតម្ចាស់ជើងឯកលីកកំពូលអេស្ប៉ាញស្តេចស Real Madrid យកឈ្នះលើជើងខ្លាំង Barcelona យ៉ាងងាយក្នុងលទ្ធផល ២-០ ក្នុងការប្រកួតជើងទី២នៃពានរង្វាន់អេស្ប៉ាញ Super Cup ក៏ដូចជាបំពេញការទទួលជ័យជម្នះទាំងពីរជើង ៥-១ បើទោះបីអវត្តមានរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ក៏ដោយ។
ខ្សែប្រយុទ្ធ Marco Asensio ដែលជំនួសកន្លែងរបស់ Cristiano Ronaldo បានសាងកេរិ៍្តឈ្មោះរបស់ខ្លួនក្នុងនាមជា តារាឆ្នើមម្នាក់ទើបតែរះរបស់ពិភពលោក ខណៈដែលរូបគេបានជួយឲ្យក្រុម Real Madrid មានគ្រាប់បាល់នាំមុខភ្លាមៗ ក្រោយពីលេងបានត្រឹមតែ៤នាទី។ បន្ទាប់មកខ្សែប្រយុទ្ធ Karim Benzema បានបន្ថែមការនាំមុខរបស់ក្រុម Real Madrid នៅមុនពេលបញ្ចប់តង់ទី១ ។
ក្រុម Barcelona បានព្យាយាមវាយបកវិញតាមរយៈការវាយសម្រុកយ៉ាងខ្លាំងក្នុងតង់ទី២ ប៉ុន្តែ មិនអាចរកគ្រាប់បាល់បានឡើយ ខណៈដែលខ្សែប្រយុទ្ធឆ្នើម Lionel Messi និង Luis Suarez សុទ្ធសឹងបានស៊ុតបាល់ប៉ះទៅនឹងរបារទី។ ការទទួលជ័យជម្នះនេះ បន្តធ្វើឲ្យក្រុម Real ទទួលជោគជ័យក្រោមការដឹកនាំរបស់លោក Zinedine Zidane ខណៈដែលក្រុមម្ចាស់ជើងឯកអឺរ៉បមួយនេះបច្ចុប្បន្នបានឈ្នះពានចំនួន៧ ក្នុងរយៈពេល២០ខែ ក្រោមការដឹកនាំរបស់លោក Zidane។
ក្រុមស្ដេចស Real Madrid បានយកឈ្នះក្រុមអ្នកមានបុណ្យ Barcelona ទាំងពីរជើងដោយលទ្ធផលគ្រាប់បាល់ ៥-១ បន្ទាប់ពីជើងទី២យប់មិញនេះ ២-០ នៅទឹកដី Santiago Bernabéu ដើម្បីលើកពាន Spanish Super Cup ជាលើកទី១០របស់ខ្លួន។
សូមបញ្ជាក់ថា ជ័យជម្នះនេះបើសរុបទាំងពីរជើងគឺ Real Madrid ឈ្នះ Barcelona ៥-១ ពីព្រោះកាលពីជើងទី១ នៅទឹកដីរបស់ក្រុម Barcelona គឺ Real Madrid បានយកឈ្នះម្ដងរួចមកហើយដោយលទ្ធផល ៣-១ ។ សម្រាប់ Real Madrid ធ្លាប់លើកពានអេស្ប៉ាញ Super Cup ចំនួន៩លើករួចមកហើយគឺឆ្នាំ១៩៨៨, ១៩៨៩, ១៩៩០, ១៩៩៣, ១៩៩៧, ២០០១, ២០០៣, ២០០៨, ២០១២ និងចុងក្រោយឆ្នាំ២០១៧ដែលជាលើកទី១០៕ ដេវីត