ព័ត៌មានទាន់ហេតុការណ៍៖

អត្តពលិកកីឡាប៉េតងកម្ពុជា ត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្តើម មេដាយ មាស និងប្រាក់

ចែករំលែក៖

កូឡាឡាំពួរ៖ តាមសេចក្តីរាយការណ៍ពីព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នាព្រឹកថ្ងៃទី២២ ខែសីហាឆ្នាំ២០១៧នេះ ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានឲ្យដឹង កីឡាករ កីឡាការិនីប៉េតង់កម្ពុជា ២នាក់ បាននិងកំពុងត្រៀមលក្ខណៈប្រកួតវគ្គផ្តាច់ នៅវេលាម៉ោង១០ ព្រឹកថ្ងៃនេះ ។

ប្រតិភូ កីឡាស៊ីហ្គេមនៃក្រសួងអប់រំយុវជននិងកីឡា លោកម៉ិល កាដូការ អគ្គនាយករងនៃអគ្គនាយកដ្ឋាន អប់រំកាយនិងកីឡា បានប្រាប់តាមសារអេឡិចត្រូនិក មកភ្នាក់ងារយកព័ត៌មាន កាសែតនិង គេហទំព័រ នគរវត្តឲ្យដឹងថា នៅវេលាម៉ោង១០ថ្ងៃទី២២ខែសីហានេះ កីឡាករ សុខ ចាន់មាន តតត្រូវប្រកួតវគ្គផ្តាច់ ជាមួយកីឡាករ ម្ចាស់ផ្ទះម៉ាឡេស៊ី លើវិញ្ញាសា វាយយកពិន្ទុ បុរស និងកីឡាការិនី អ៊ុន ស្រីយ៉ា ត្រូវប៉ះជាមួយកីឡាការិនី វៀតណាម វគ្គផ្តាច់ព្រ័ត្រ ។

ប្រភពព័ត៌មានខាងលើ បានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២១ ខែសីហា កីឡាករ កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា ពេជ្រ ម្ចេសខ្មាំង (ណាត សៀកនិន ) បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីយកឈ្នះកីឡាករ Daniel Aboul Jalil របស់ប្រទេស សិង្ហបុរី និងត្រៀមប្រកួតជម្រុះបន្ត ខណៈបច្ចុប្បន្ន កីឡាករ ពេជ្រ ម្ទេសខ្មាំងបានកក់មេដាយសំរឹទ្ធិ១គ្រឿងរួចហើយ បើទោះបី ចាញ់វគ្គជម្រុះជុំទី២ក៏ដោយចុះ៕ សារីម


ចែករំលែក៖