ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកទទួលស្គាល់ មានទាហានច្រើននៅអាហ្វហ្គានីស្ថានខុសពីប្រកាសកាលមុន

ចែករំលែក៖

មន្ទីរបញ្ជាកោនកាលពីថ្ងៃពុធ បានប្រកាសទទួលស្គាល់ថា ទាហានអាមេរិកប្រមាណ១១.០០០នាក់ពិតជាបាននិងកំពុងធ្វើប្រតិបត្តិការនៅលើទឹកដីប្រទេសអាហ្វហ្គានីស្ថានប្រាកដមែន លើពីការថ្លែងកាលពីលើកមុន។

ការប្រកាសរបស់មន្រ្តីមន្ទីរបញ្ចកោណនៅក្នុងសន្និសិទកាសែតមួយ មិនបានបង្ហាញពីការកើនឡើងកងទ័ពអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះឡើយ ហើយការប្រកាសទទួលស្គាល់នៅពេលនេះ កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Mattis បានសម្តែងការខកចិត្តជាមួយនឹងវិធីនៃការរាប់កងទ័ពអាមេរិកនៅក្នុងតំបន់ជម្លោះទាំងនោះ។

មន្ទីរបញ្ចកោនកាលពីលើកមុនបានប្រកាសថា កងទ័ពអាមេរិកតែប្រមាណ៨៤០០នាក់ប៉ុណ្ណោះ ស្ថិតនៅលើទឹកដីអាហ្វហ្គានីស្ថាន ក្រោមរបបរដ្ឋបាលអតីតប្រធានាធិបតីបារ៉ាក អូបាម៉ា។ មន្ទីរបញ្ចកោណបញ្ជាក់ថា ការធ្វើបែបនោះ គឺដើម្បីតម្លាភាព ដែលមិនបានផ្តល់ចំនួនពិតអំពីកងទ័ពអាមេរិកនៅក្នុងទឹកដីអ៊ីរ៉ាក់ និងស៊ីរី។

ឧត្តមសេនីយ៍ឯក Kenneth McKenzie នាយសេនាធិការ បានថ្លែងថា “នេះមិនមែនជាការប៉ុនប៉ងដកកម្លាំងបន្ថែមទៀតនោះទេ ប៉ុន្តែវាជាការប៉ុនប៉ងដើម្បីបញ្ជាក់ឲ្យច្បាស់អំពីការរៀបចំរបាយការណ៍ រាយការណ៍ច្រឡំខុស ដែលមានផលវិបាក បង្ខំឲ្យមេបញ្ជាការទាំងឡាយត្រូវតែសម្របសម្រួលការត្រៀមខ្លួន” ។ លោក McKenzie បានបន្តថា “ដូច្នេះ អ្វីដែលសំខាន់នោះ គឺវាអនុញ្ញាតឲ្យប្រជាជនអាមេរិកដឹងអំពីចំនួនកូនប្រុស និងកូនស្រីរបស់ពួកគាត់កំពុងប្រតិបត្តិការនៅក្នុងអាហ្វហ្គានីស្ថាន” ។

ចំនួនទាហានដែលបានបង្ហាញពីមុន មិនបានឆ្លុះបញ្ចាំងជាក់ស្តែងពីទំហំកងទ័ពរដ្ឋអាមេរិកដែលប្រតិបត្តិការនៅលើដីអាហ្វហ្គានីស្ថាននោះទេ។

លោក Mattis បានថ្លែងថា លោករង់ចាំរបាយការណ៍ជាក់លាក់ចំនួនទាហានអាមេរិកប៉ុន្មាននាក់ឈរជើងក្នុងប្រទេសអាហ្វហ្គានីស្ថានសិន មុនពេលសម្រេចចិត្តណាមួយបន្ថែមកងទ័ពទៀតនោះ ។ លោកបានហៅប្រព័ន្ធគណនេយ្យនេះថា ជារឿងចម្លែក។

លោក Mac Thornberry ប្រធានគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធអាមេរិក មកពីគណបក្សសាធារណរដ្ឋបានស្វាគមន៍ចំពោះជំហរខាងលើនេះ។ លោក Thornberry បានថ្លែងថា: «រដ្ឋបាលលោកអូបាម៉ា មិនបានបញ្ជាក់តាមត្រង់ថា តើមនុស្សប៉ុន្មាននាក់ដែលពួកគេបានបញ្ជូនទៅអាហ្វហ្កានីស្ថាន ជាការបន្ថែមចំណាយទៅលើបេសកកម្មនេះ ព្រមទាំងធ្វើឲ្យពិបាកក្នុងការសម្រេចបានជោគជ័យ»។

អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន Dana White បានថ្លែងថា ការត្រួតពិនិត្យកងទ័ពឈរជើងនៅអ៊ីរ៉ាក់ និងស៊ីរី កំពុងតែដំណើរការ ។ កងកម្លាំងប្រមាណ៥,២៦២នាក់ ឈរជើងនៅអ៊ីរ៉ាក់ និង៥០៣នាក់ឈរជើងនៅស៊ីរី ប៉ុន្តែចំនួននេះ មិនពិតប្រាកដនោះឡើយ ។ គេថា ទាហានអាមេរិករាប់ម៉ឺននាក់ ឈរជើងនៅប្រទេសទាំងពីរនេះ។

អ្នកនាំពាក្យបន្តថា យើងកំពុងពិនិត្យមើលចំពោះបញ្ហានៅអ៊ីរ៉ាក់ និងស៊ីរីទាំងពីរនេះ។

មន្ត្រីអាមេរិកបានលើកឡើងថា ស្ថានភាពនយោបាយដ៏ទន់ភ្លន់នៅអ៊ីរ៉ាក់ អាចជាហេតុផលមួយដែលធ្វើឲ្យអាមេរិក មានការប្រុងប្រយ័ត្ន មិនបញ្ចេញប្រាប់ចំនួនពិតនៃកងកម្លាំងនៅក្នុងប្រទេសនេះឡើយ៕


ចែករំលែក៖