ភ្នំពេញ ៖ ការជំរុញ និងលើកទឹកចិត្ត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការឧបត្ថម្ភប្រាក់រង្វាន់ ដ៏ច្រើនសន្ធឹកសន្ធប់ ជាមួយក្រុមហ៊ុនឯកជនផងនោះ បានធ្វើឲ្យអត្តពលិកកម្ពុជា មានកម្លាំងចិត្ត ក្នុងការប្រកួត ដណ្តើមយកមេដាយនាំមកជួនជាតិ ពីព្រឹត្តិការណ៍ថ្នាក់តំបន់ដែលរៀបចំរយៈពេល២ឆ្នាំម្តង ដោយឆ្លោះវេណគ្នា ក្នុងចំណោមប្រទេស ដែលជាសមាជិកទាំង១១ប្រទេស ។
ជាក់ស្តែងណាស់ ក្រោយបញ្ចប់យុទ្ធនាស្វែងរកមេដាយ នៅប្រទេសម៉ាឡេស៊ីនោះ ប្រតិភូកីឡាស៊ីហ្គេមចុងក្រោយរបស់កម្ពុជាបានមកដល់ប្រទេសកម្ពុជាវិញអស់ហើយ កាលពីល្ងាចថ្ងៃទី៣១ខែសីហាឆ្នាំ២០១៧ ដែលដឹងនាំដោយ លោកវ៉ាត់ ចំរើន នាយបេសកកម្មរបស់កម្ពុជា សម្រាប់ស៊ីហ្គេមលើកទី២៩ព្រមទាំងអ្នកប្រដាល់គុនខ្មែរ ឃីម ឌីម៉ា (ឃុម ឌីម៉ា) ឈ្នះមេដាយមេដាយមាស និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក រ័ត្ន ស្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកជាច្រើននាក់ទៀត ។
លោកវ៉ាត់ ចំរើន នាយបេសកកម្ម និង ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអឡាំពិកកម្ពុជា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា លោកបានចាត់ទុកដំណើរស្វែងរកមេដាយមាស នៅក្នុងព្រឹតត្តិការណ៍កីឡាស៊ីហ្គេមលើកនេះ អត្តពលិកកម្ពុជាសម្រេចបាននូវបំណងប្រាថ្នា របស់ខ្លួនដោយរក្សាបាននូវចំណាត់ថ្នាក់ទី៨ដដែល ពោលនៅលើប្រទេស ឡាវ ប្រ៊ុយណេ និង ទីម័រខាងកើត ។
លោកបានបញ្ជាក់ថា ក្នុងចំណោមកីឡាចំនួន៧ប្រភេទ ដណ្ដើមបានមេដាយ ដូចជា កីឡាតេក្វាន់ដូ ប៉េតង់ ប្រដាល់គុនខ្មែរ ប្រដាល់សាកល ជិះសេះ សីឈិនឡូន និង វាយលូនបាល់ ។ លើកនេះអត្តពលិកកម្ពុជា រកបានមេដាយសរុបចំនួន១៧គ្រឿង គឺមេដាយមាសចំនួន៣គ្រឿង មេដាយប្រាក់ចំនួន២គ្រឿង និងសំរឹទ្ធិចំនួន១២គ្រឿង ។
ជាប្រវត្តិសាស្ត្រនៃការចូលរួម របស់ប្រភេទកីឡាប្រដាល់គុនខ្មែរដែលដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធិ លោក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានសម្តែងនូវសុទិដ្ឋនិយ័មយ៉ាងខ្លាំង ដោយលោកចាត់ទុកថា ជ័យជម្នះ របស់អ្នកប្រដាល់គុនខ្មែរកម្ពុជាមានស្មារតី ប្រកួតបានយ៉ាងល្អ ។
លោក រ័ត្ន ស្រ៊ាង បានដឹកនាំកម្លាំងរបស់លោកទៅចាំទទួលស្វាគមន៍កីឡាករឃុម ឌីម៉ា (ឃីម ឌីម៉ា)ដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយបានរៀបចំក្បួនដង្ហែរ ឃុន ឌីម៉ាទៅកាន់បន្ទាយកងរាជអាវុធហត្ថ ព្រោះ ឌីម៉ា ជាមន្ត្រីកងរាជអាវុធហត្ថ ។ មេដាយជាផ្លូវការក្នុងស៊ីហ្គេមលើកទី២៩នេះ ប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ីដណ្តើមបានច្រើនជាងគេ គឺមេដាយសរុបចំនួន៣២៣គ្រឿង ក្នុងនោះ មេដាយមាសចំនួន១៤៥គ្រឿង ប្រាក់៩២គ្រឿង និងសំរឹទ្ធិ៨៦គ្រឿង ។
ប្រទេសថៃស្ថិតក្នុង ចំណាត់ថ្នាក់លេខ ២ មានមេដាយសរុបចំនួន២៤៦គ្រឿង មានមេដាយមាសចំនួន៧២គ្រឿង ប្រាក់៨៦គ្រឿង និង សំរឹទ្ធិ ៨៨គ្រឿង ។ ប្រទេសវៀតណាម ស្ថិតនៅចំណាត់ថ្នាក់ទី ៣ មានមេដាយសរុបចំនួន១៦៨គ្រឿង គឺមេដាយមាសចំនួន៥៨ គ្រឿង មេដាយប្រាក់៥០គ្រឿង និងសំរឹទ្ធិ៦០គ្រឿង ។ សឹង្ហបុរីបានចំណាត់ថ្នាក់ទី៤ គឺមេដាយសរុបចំនួន១៨៨គ្រឿង ក្នុងនោះមេដាយមាស ចំនួន៥៧គ្រឿង មេដាយប្រាក់ចំនួន៥៨គ្រឿង និង មេដាយសំរឹទ្ធិ៧៣គ្រឿង ។ ឥណ្ឌូនេស៊ីចំណាត់ថ្នាក់ទី៥ ដណ្តើមបានមេដាយសរុបចំនួន ១៩១គ្រឿង ក្នុងនោះ មេដាយមាសចំនួន៣៨គ្រឿង មេដាយប្រាក់៦៣គ្រឿង និង សំរឹទ្ធិ៩០គ្រឿង ។
ប្រទេសហ្វីលីពីន ចំណាត់ថ្នាក់ទី៦ ដណ្តើមបានមេដាយសរុបចំនួន ១២១គ្រឿង គឺមេដាយមាសចំនួន២៤គ្រឿង មេដាយប្រាក់ចំនួន៣៣គ្រឿង និង សំរឹទ្ធិចំនួន៦៤គ្រឿង។ មីយ៉ាន់ម៉ាននៅចំណាត់ថ្នាក់ទី៧ ដណ្តើមបានមេដាយសរុបចំនួន៣៧គ្រឿង ក្នុងនោះ មាស ចំនួន៧គ្រឿង មេដាយប្រាក់ចំនួន១០គ្រឿង និងសំរឹទ្ធិចំនួន២០គ្រឿង ។ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទីលេខទី៨ដណ្តើមបានមេដាយសរុបចំនួន ១៧ គ្រឿង ក្នុងនោះ មេដាយមាសចំនួន៣គ្រឿង មេដាយប្រាក់២គ្រឿង និងសំរឹទ្ធិ១២គ្រឿង ។ ប្រទេសឡាវស្ថិតនៅចំណាត់ថ្នាក់ទី៩ មានមេដាយសរុបចំនួន២៦គ្រឿងគឺ មាស ២ គ្រឿង ប្រាក់៣គ្រឿង និងសំរឹទ្ធិ២១គ្រឿង ។
ប្រទេសប្រ៊ុយណេស្ថិតនៅចំណាត់ថ្នាក់ទី១០ដែលមានមេដាយសរុបចំនួន១៤គ្រឿង គឺមេដាយប្រាក់ចំនួន៥គ្រឿង និងសំរឹទ្ធិ៩គ្រឿង និង ប្រទេសទីម័រខាងកើត ដែលស្ថិតនៅចំណាត់ថ្នាក់លេខ១១នោះ មានមេដាយសំរឹទ្ធិចំនួន៣គ្រឿង ៕ សារីម