ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកប្រកាសថា មានយុទ្ធសាស្ត្រជាច្រើន ក្នុងការ «កម្ទេចកូរ៉េខាងជើង»

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក James Mattis ប្រកាសថា អាមេរិកមានយុទ្ធសាស្ត្រជាច្រើន ក្នុងការកម្ទេចកូរ៉េខាងជើង ប៉ុន្តែអាមេរិក មិនទាន់សម្តៅទៅលើសកម្មភាពទាំងនោះឡើយ។

លោក James Mattis បញ្ជាក់នៅថ្ងៃទី៤ខែកញ្ញា ក្រោយពេលជួបប្រជុំជាមួយប្រធានាធិបតីអាមេរិកដូណាលត្រាំនៅសេតវិមានថា យើងមិនមានគោលដៅបំផ្លាញប្រទេសណាមួយនោះឡើយ ពិសេសគឺកូរ៉េខាងជើង ។ ដូចដែលយើងធ្លាប់បាននិយាយ យើងមានសមត្ថភាពពេញលេញក្នុងការ កម្ទេចប្រទេសណាមួយ។ លោក Mattis បន្តទៀតថា ទីក្រុងវ៉ាស៊ីនតោនតបតរាល់សកម្មភាពដែលអាចគំរាមកំហែងដល់អាមេរិក និងសម្ពន្ធមិត្ត។

ក្រោយកិច្ចប្រជុំ សន្តិសុខ លោកត្រាំបានឆ្លើយនៅសំនួររបស់អ្នកសារព័ត៌មាន ដែលសួរថា តើអាមេរិកអាចប្រើប្រាស់កម្លាំងយោធា ទៅលើកូរ៉េខាងជើងដែរឬទេ? លោកត្រាំបានឆ្លើយតបវិញ«សូមរង់ចាំមើល»។

ប្រធានាធិបតីត្រាំ បានថ្កោលទោសយ៉ាងខ្លាំងដល់កូរ៉េខាងជើង ដោយចាត់ទុកថា ជាការគំរាមកំហែង និងចងគំនុំ បង្កគ្រោះថ្នាក់ ។ លោកត្រាំចាត់ទុកកូរ៉េខាងជើងថា ជាការគំរាមកំហែងយ៉ាងធំធេង។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា បើទោះបីកូរ៉េខាងជើង បានសាកល្បងកាំជ្រួចមីស៊ីល និងគ្រាប់បែកបរមាណូ ដូចដែលកូរ៉េខាងជើង ធ្លាប់បានលើកឡើង តែអាមេរិក មិនអាចវាយប្រហារ ប្រទេសដែលមានបរមាណូ ក្រោមការដឹកនាំរបស់លោកគីម ជុងអ៊ុន ដែលខ្លាច ឬស្តាប់ អ្នកណាផ្សេងនោះ។ អ្វីដែលអាមេរិកត្រូវធ្វើនាពេលនេះគឺ បង្កើនការដាក់ទណ្ឌកម្ម លើកូរ៉េខាងជើង ។

ពាក់ព័ន្ធនឹងករណីកូរ៉េខាងជើងនោះដែរ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីស៊ែរហ្គៃ ឡាវ្រ៉ូវ បានអំពាវនាវ ក្រុងវ៉ាស៊ីនតោន កុំឲ្យប្រើកម្លាំងយោធាទល់ នឹងកូរ៉េខាងជើងឡើយ ក្រោយពីប្រទេសនេះ បាន សាកល្បងបរមាណូលើកទី៦និង បាញ់កាំជ្រួចមីស៊ីលហោះកាត់ពីលើដែនដីជប៉ុន កាលពី ពេលកន្លងទៅ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទ រវាងរដ្ឋមន្ត្រីការបរទេសអាមេរិក នឹងអ្នកការទូតកំពូលរបស់រុស្ស៊ី បាន ក្រើនរំលឹកទៅសមភាគីអាមេរិកថា“អំពីភាពចាំបាច់ត្រូវចៀសវាងពីរាល់វិធានការយោធាណាក៏ដោយ ដែលផលវិបាករបស់វាមិនអាចទស្សន៍ទាយជាមុនបានឡើយ។

សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសរុស្ស៊ីអំពីកិច្ចសន្ទនានេះ លើកឡើង តមកទៀតថា លោកឡាវ្រ៉ូវ ចាត់ទុកការរឹតបន្តឹងទណ្ឌកម្មប្រឆាំងក្រុងព្យុងយ៉ាង ថា ជាទង្វើដែល “ ហុចផលបញ្ច្រាស” ទៅវិញ ហើយ ថែមទាំង គ្រោះថ្នាក់ ទៅផង។ តាមមតិគាត់គឺគ្មានជម្រើសណាផ្សេង ក្រៅពីផ្លូវ នយោបាយ-ការទូត ឡើយ សម្រាប់លុបទៅវិញភាពតានតឹងនៅឧបទ្វីបកូរ៉េ។

ក្រោយពីលោកប្រធានាធិបតី ដូណាល់ ត្រាំបានកំញើញ ជះ “ ប្រេងក្នុងភ្លើង” ទៅលើក្រុងព្យុងយ៉ាង រួចបន្ទាប់មកមានប្រព្រឹត្ត សាកល្បងបរមាណូ និង ការបាញ់មីស៊ីលសំញែង ដោយកូរ៉េខាងជើង គ្រាប់មីស៊ីលខ្លួនហោះឆ្លងកាត់ពី លើប្រទេសជប៉ុនតែម្តង បង្កឲ្យមានភាពតានតឹង កើតឡើង ជាលំដាប់។

ក្រៅពីប្រទេសរុស្ស៊ី នៅមានប្រទេសជាច្រនទៀត បង្ហាញក្តីបារម្ភខ្លាចផងដែរ ខ្លាចអាមេរិកបើកការវាយប្រហារដោយយោធាទៅលើកូរ៉េខាងជើង បង្កឲ្យមានសង្គ្រាមជាទ្រង់ទ្រាយធំកើតឡើង ក្នុងពេលដែលកូរ៉េខាងជើង មានអាវុធបរមាណូ គ្រប់គ្រងទៅហើយនោះ ៕ ម៉ែវ សាធី


ចែករំលែក៖