បន្ទាប់ពីចិន និងឥណ្ឌាបានព្រមព្រៀងគ្នា ដកទ័ពចេញពីតំបន់ព្រំដែន បញ្ចប់ភាពតានតឹង ជាច្រើនសប្តាហ៍ក្លងទៅនោះ ពេលនេះ កងទ័ពឥណ្ឌា និងប៉ាគីស្ថានបានប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅតាមតំបន់ព្រំដែន ស្ថិតនៅក្នុងស្រុក Poonch និងកាស្មៀរ ។
សារព័ត៌មានឥណ្ឌាបានផ្សាយបានដកស្រង់ប្រភពព័ត៌មាន ពីក្រសួងការពារជាតិឥណ្ឌាបានឲ្យដឹងថា មានការបាញ់ប្រយុទ្ធគ្នាដ៏ខ្លាំងក្លា រវាងកងទ័ពនៃប្រទេសជិតខាង ទាំងពីរនេះបានចាប់ផ្តើម នៅក្នុងតំបន់ Mendhar និង Mankote កាលពីថ្ងៃទី៣ ខែកញ្ញា។
ភាគីឥណ្ឌាបានចោទប្រកាន់ថា ទាហានប៉ាគីស្ថានជាអ្នកវាយប្រហារមុន ដោយបាញ់គ្រាប់ផ្លោងកំាភ្លើងធំ និងការបាញ់ប្រហារទៅលើទីតាំង ឈរជើងឥណ្ឌា យោធាឥណ្ឌា បានបាញ់ សងសឹងវិញយ៉ាងខ្លាំងក្លានិងមានប្រសិទ្ធភាព ហើយការប្រយុទ្ធបាញ់គ្នានេះគឺនៅតែបន្តនៅឡើយ។
ព្រំដែនឥណ្ឌា និងប៉ាគីស្ថាននៅតំបន់កាស្មៀរតែងតែ ប៉ះទង្គិចគ្នាជាបន្តបន្ទាប់ ហើយភាគីទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមក ថាទាហានប្រទេសម្ខាងទៀតជាអ្នកវាយប្រហារមុន។
ការប៉ះទង្គិចគ្នាខាលើកើតឡើង ក្រោយពេលដែលចិន និងឥណ្ឌា បានប្រកាសព្រមព្រៀងដកកងទ័ពចេញពីតំបន់ជួរភ្នំហ៊ីម៉ាឡាយ៉ាឬហេមពាន្ត។ បញ្ចប់ការប្រឈមមុខដោយកម្លាំងយោធា ជាង១ខែនៅទីនោះ
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌាការចរចាតាមផ្លូវទូត រវាងចិននិងឥណ្ឌាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានរកឃើញការព្រមព្រៀងគ្នានិងកំពុងដំណើរការចរចាទៀតដើម្បីឈានទៅដល់ការដកកងទ័ពឱ្យបានកាន់តែឆាប់រហ័សពីតំបន់Doklam។
ប៉ុន្តែឥណ្ឌានិងប៊ូតង់ប្រឆាំងដោយយល់ថាចិនចូលឈ្លានពានព្រោះសំណង់ផ្លូវនោះស្ថិតក្នុងទឹកដីប៊ូតង់ទើបឥណ្ឌាដែលដើរតួនាទីជាអាណាព្យាបាលប៊ូតង់លើឆាកអន្តរជាតិបញ្ជូនទ័ពទៅធ្វើរនាំងរាំងស្ទះការដា្ឋនសាងសង់ផ្លូវនោះ។ នៅទីបំផុតក៏មានទាហានឥណ្ឌានិងចិន បានប៉ះទង្គិចគ្នាមួយប្រាវបង្កឱ្យមានជនរបួសជាច្រើននាក់។
សូមបញ្ជាក់ថាចិននិងឥណ្ឌាមានព្រំដែនរួមគ្នាប្រមាណ៣៥០០គីឡូម៉ែត្រតាមបណ្តោយជួរភ្នំហ៊ីម៉ាឡាយ៉ាប៉ុន្តែគ្មានខ្សែគំនូសខណ្ឌចែកកំណត់ដោយច្បាស់លាស់ឡើយ។ដុក្លាម ជាដែនដីដាច់ស្រយ៉ាល គ្មានមនុស្សរស់នៅជាប្រភពនៃជម្លោះទាមទារពីសំណាក់ចិននិងប៊ូតង់ដែលសម្ព័ន្ធមិត្តរបស់ឥណ្ឌា៕ ម៉ែវ សាធី